ស្រ្តីខ្មែរ២នាក់ ដែលរងគ្រោះ ក្រោយរៀបការជាមួយបុរសចិន នឹងត្រូវបញ្ជូនមកវិញនៅថ្ងៃស្អែក
29-06-2016 20:35
(ភ្នំពេញ)៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ប្រទេសចិន បានសហការជាមួយអាជ្ញាធរ ទីក្រុងសៀងហៃ ជួយស្ត្រីខ្មែរចំនួន ២នាក់ ដែលត្រូវបានមេខ្យល់នាំទៅរៀបការ ជាមួយបុរសជនជាតិចិន នៅខេត្តជាំងស៊ីប្រទេសចិន ហើយជួបប្រទះនឹងការលំបាក ឱ្យបានវិលត្រឡប់មកកម្ពុជាវិញ។
ស្ត្រីខ្មែរទាំង ០២ នាក់នោះមានឈ្មោះ៖ ណាវ សុខឃៀង អាយុ២៨ឆ្នាំ មានស្រុកកំណើត នៅខេត្តកោះកុង បានទៅប្រទេសចិន តាំងពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤ និងឈ្មោះ ប៉ក់ គឹមសែ អាយុ២៣ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង បានទៅប្រទេសចិន តាំងពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០១៣ ។
ក្នុងកំឡុងពេលរង់ចាំការវិលត្រឡប់មកកម្ពុជាវិញ ស្ថានអគ្គកុងស៊ុល បានផ្តល់កន្លែងស្នាក់នៅ និងការហូបចុក ដល់ស្រ្តីខ្មែរទាំង០២នាក់ នេះផងដែរ។ ស្រ្តីខ្មែរទាំង ០២នាក់ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ២៣៖៣០នាទីយប់ តាមជើងយន្តហោះ MU-៧៥៩៕