(ភ្នំពេញ)៖ នាថ្មីៗនេះ សម្តីរបស់ លោកស្រី អ៊ុងសាន ស៊ូគ្យី មេដឹកនាំភូមា ដែលនិយាយប្រាប់ពលករខ្លួន នៅប្រទេសថៃថា «តោះ យើងត្រឡប់ទៅផ្ទះយើងវិញ» ត្រូវផ្សព្វផ្សាយជាបន្តបន្ទាប់នៅតាមបណ្តាញសារព័ត៌មាន និង Facebook។ មន្រ្តីគណបក្សប្រឆាំង និងអ្នកលេង Facebook មួយចំនួន បានយកសម្តីរបស់ លោកស្រី ស៊ូគ្យីពេលនេះដើម្បីវាយប្រហារមកលើរដ្ឋាភិបាលកម្ពុជា។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានចោទក្រុមមាននិន្នាការប្រឆាំងទាំងនោះថា បានឱ្យតម្លៃសម្តីនេះពន់ពេកទៅលើបរទេស ហើយព្យាយាមបង្អាប់ដល់ជាសាសន៍ខ្លួនឯង។
ខាងក្រោមនេះជាទស្សនៈរបស់ លោក ផៃ ស៊ីផាន ជុំវិញរឿងនេះ៖
គោរពជម្រាបជូន ជនរួមជាតិ !
ខ្ញុំបានអាន «The Cambodia Daily» ក៏ដូចជាព័ត៌មាន ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម ដែលនាំគ្នាកោតសរសើរចំពោះសម្តីរបស់ លោកស្រី អ៊ុងសាន ស៊ូគ្យី «តោះ យើងត្រឡប់ទៅផ្ទះយើងវិញ»។
ខ្ញុំហាក់ដូចជាមិនមានអ្វីជាការភ្ញាក់ផ្អើលនោះទេ ក៏ប៉ុន្តែខ្ញុំសូមធ្វើការចាប់អារម្មណ៍ ឆ្លើយបំភ្លឺចំពោះករណីនេះ។ នៅក្នុងករណីនេះ ចំពោះយុវជនជំនាន់ក្រោយ ដែលគេបានកើតក្រោយឆ្នាំ១៩៧៩ គឺគេមានកង្វះព័ត៌មានពីការពិតមួយនៃ «នាទីអំពាវនាវរបស់មាតុភូមិ» របស់រដ្ឋកម្ពុជាដែលបានកាន់កាប់ និងគ្រប់គ្រងទឹកដីជាង៩០% ហើយរដ្ឋកម្ពុជា ក៏បង្កើតនាទីអំពាវនាវរបស់ មាតុភូមិ ក្នុងការគោរព អញ្ជើញប្រជាពលរដ្ឋ និងយុទ្ធជនរបស់ខ្មែរក្រហម ពីតំបន់ព្រំដែនខ្មែរ-ថៃ ឱ្យវិលត្រឡប់ ចូលមករួមរស់ជួបជុំគ្រួសារវិញដើម្បីរួមគ្នា កសាងជាតិ និងសន្តិភាព។
សកម្មភាពអំពាវនាវ អញ្ជើញប្រជាពលរដ្ឋ និងអ្នកនយោបាយ ឱ្យវិលត្រឡប់ចូលស្រុកវិញ ក្រោមពាក្យស្លោកនៃប្រធានបទ «ផ្សះផ្សាជាតិ» នៅចុងទសវត្ស ៨០។ និងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ ព្រះករុណា ព្រះបរមរតនកោដ្ឋ បានទ្រង់ធ្វើមាតុភូមិនិវត្តន៍ចូលមកកម្ពុជាវិញ បន្ទាប់ពីការប្រឹងប្រែងរបស់CPP ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។រីឯចំណុចពិសេសមួយទៀត អ្នកមាននិន្នាការ នយោបាយ បានរៀបចំជាគណបក្សនយោបាយ បានចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅឆ្នាំ១៩៩៣។ នេះជាព្រឹត្តការណ៍ខ្លះៗ របស់កម្ពុជា ដែលយើងមានមោទនភាព។
ចំពោះការរំភើបរហូតដល់ស្រក់ទឹកភ្នែក ដែលគ្រាន់តែឮអ្នកដឹកនាំបរទេសនិយាយនោះ វាអាចហួសហេតុពេក ត្បិតពុំបានយល់ដឹងពី កម្ពុជាខ្លួនឯង។ អ្វីដែលយើងឃើញ មេដឹកនាំ CNRP និងសាវគរបស់គេ តែងតែយកលោកស្រី អ៊ុងសាន ស៊ូគ្យី ជាព្រះ។ ក៏ប៉ុន្តែកម្ពុជា ក៏បានធ្វើជាគំរូដល់ប្រទេសក្នុងតំបន់ ដែលបានបង្ហាញពីវត្តមានគណបក្ស ឬក្រុមប្រឆាំងស្លាប់រស់ ទទួលបានឱកាសធ្វើការជាមួយគ្នា ហើយធ្វើទស្សនកិច្ចរួមគ្នាជាមួយ CPPទៅប្រទេសក្រៅ ។ អភូតហេតុនេះ គេពុំបានឃើញមានកើតនៅប្រទេសនៅក្នុងតំបន់នេះទេ។
ជម្ងឺកោតបរទេស គឺជាជម្ងឺខ្លបខ្លាចបរទេស ឬជារោគសញ្ញានៃភាពជាខ្ញុំបរទេសនោះប៉ុណ្ណោះ។ ចំពោះកម្មករដែលស្ម័គ្រចិត្តទៅធ្វើការនៅ ប្រទេសថៃ ឬដទៃទៀតនោះ គឺជាជម្រើសផ្ទាល់របស់គេ ហើយគេទាំងអស់នោះ មិនមែនជាអ្នកភៀសខ្លួននយោបាយ ដូចប្រជាពលរដ្ឋភូមា នោះទេ ។ ហើយអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងប្រឹងប្រែងសម្រាប់ផលប្រយោជន៍របស់ពលករដែលនៅ ក្រៅប្រទេសទាំងអស់ នោះគឺកិច្ចការពារសុវត្ថិភាព និងសិទ្ធិសេរីភាពតាមរយៈច្បាប់ និងឯកភាពរវាងថ្នាក់រដ្ឋាភិបាល និងរដ្ឋាភិបាលស្របជាមួយនឹងគោលការណ៍ របស់អង្គការពលកម្មពិភពលោក ហើយរាជរដ្ឋាភិបាលកម្ពុជា ពុំបានអង្គាសលុយកាក់ពីពលករចំណាកស្រុកទាំងអស់នោះ យកមកធ្វើការ កសាងជាតិ ឬធ្វើនយោបាយនោះឡើយ។ ការអបអរជាមួយបរទេស យកមកដាក់កំហុសលើជាតិឯង គឺជាការបំភ្លេចអត្តសញ្ញាណជាតិ ឬ ប្រឆាំងបំផ្លាញមោទនភាពរបស់ជាតិខ្លួន ហើយគ្មានអ្វីក្រៅពី «វង្វេងជាតិ» នោះឡើយ។ ជម្ងឺវង្វេងជាតិនេះ ជារោគសញ្ញារបស់ជនភៀសខ្លួន ខ្មែរមួយចំនួន ដែលធ្លាប់ទទួលបានការឈឺចាប់ពីការកាប់សម្លាប់របស់បន ប៉ុល ពត។ ក៏ប៉ុន្តែ សម័យកាលនេះក៏ត្រូវបានបញ្ចប់តាមការ រីកចម្រើន និងភាពសុខសាន្តរបស់កម្ពុជា ដែលគេទទួលស្គាល់ថា កម្ពុជា ជាកូនខ្លាមួយប្រចាំនៅអាស៊ាន ៕