(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ បានទទួលជួបពិភាក្សាការងារ ជាមួយលោក ហេណាំ ឆយ (Heenam Choi) នាយកប្រតិបត្តិធនាគារពិភពលោក នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងពេលដែលលោកអញ្ជើញមកបំពេញ បេសកកម្មការងារនៅកម្ពុជា។

ក្នុងនាមទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក វង្សី វិស្សុត បានស្វាគមន៍ចំពោះដំណើរ បំពេញបេសកកម្ម លោក ហេណាំ ឆយ ដែលធ្វើឡើងចំពេលដែល​រាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោកទើបតែ សម្រេចបានដោយជោគជ័យលើ ការស្តារកិច្ចសហប្រតិបត្តិការ ជាមួយគ្នាឡើងវិញកាលពីពេលថ្មីៗនេះ ហើយដែលបានស្តែង ឡើងតាមរយៈការអនុម័តរបស់ក្រុមប្រឹក្សា នាយកប្រតិបត្តិធនាគារពិភពលោក លើឯកសារទំនាក់ទំនងប្រទេស (Country Engagement Note) និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិញ្ញប្បទានគម្រោងចំនួន ០៤ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ ព្រមទាំងកំពុងរួមគ្នារៀបចំ និងឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញប្បទានគម្រោងចំនួន៣ បន្ថែមទៀតនាពេលដ៏ខ្លីខាងមុខ។ បេសកកម្មរបស់លោកនាយកប្រតិបត្តិនាពេលនេះ ក៏ធ្វើឡើងចំពេលដែលរាជរដ្ឋាភិបាល កំពុងរួមគ្នាជាមួយធនាគារពិភពលោក ក្នុងការរៀបចំឯកសារក្របខ័ណ្ឌភាព ជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា  (Cambodia's Country Partnership Framework) ដែលជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រយៈពេលមធ្យមនៃកិច្ចសហប្រតិបត្តិការ របស់ធនាគារពិភពលោកនៅកម្ពុជា។

ជាកិច្ចឆ្លើយតប លោក ហេណាំ ឆយ បានជម្រាបជូនថា បច្ចុប្បន្នធនាគារពិភពលោកមានគោលជំហរ ច្បាស់លាស់ក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ពេញលេញជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមចំណែកដល់ការបន្ត ជម្រុញកិច្ចអភិវឌ្ឍនៅកម្ពុជា។ លោកនាយកប្រតិបត្តិបានបន្តទៀតថា ក្នុងក្របខ័ណ្ឌនៃការរៀបចំឯកសារ ក្របខ័ណ្ឌភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជានេះ ធនាគារពិភពលោកនឹងបង្កើនការវិភាជន៍ថវិកា សម្រាប់គាំទ្រកម្ពុជាឲ្យកាន់តែច្រើនជាងមុន។ លោកនាយកប្រតិបត្តិក៏បានគូសបញ្ជាក់ផងដែរថា ក្នុងឋានៈជានាយកប្រតិបត្តិ តំណាងឲ្យកម្ពុជា ប្រចាំធនាគារពិភពលោក លោកនឹងខិតខំការការពារផលប្រយោជន៍ពិតរបស់កម្ពុជា នៅក្នុងធនាគារពិភពលោក។
 
លោក វង្សី វិស្សុត បានគូសបញ្ជាក់ជូនលោកនាយកប្រតិបត្តិថា ក្នុងស្មារតីនៃភាពជាម្ចាស់លើកិច្ចអភិវឌ្ឍ រាជរដ្ឋាភិបាលបានគិតគូររួចជាស្រេច អំពីវិស័យអាទិភាពសម្រាប់ត្រៀមដាក់បញ្ចូល ក្នុងឯកសារក្របខ័ណ្ឌភាពជាដៃគូ សម្រាប់អភិវឌ្ឍន៍កម្ពុជា។ លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង កន្លងមករបស់ធនាគារពិភពលោក ក្នុងការស្តារកិច្ចសហប្រតិបត្តិការរបស់ខ្លួនឡើងវិញ ជាមួយរាជរដ្ឋាភិបាល ហើយដែលលោកសង្ឃឹមជឿជាក់ថា នេះជាកិច្ចសហប្រតិត្តិការ ដែលកាន់តែរឹងមាំជាងមុន ឈរលើស្មារតីនៃការគោរពគ្នាទៅវិញទៅមកពិតប្រាកដ និងប្រកបដោយភាពជឿទុកចិត្ត។ 

បន្ទាប់មកភាគីទាំងពីរ ក៏បានផ្លាស់ប្តូរមតិលើស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងតំបន់និងពិភពលោក។ លោករដ្ឋលេខាធិការ ក៏បានជម្រាបលោកនាយកប្រតិបត្តិ អំពីយន្តការក្នុងការដោះស្រាយវិបត្តិ ប្រសិនបើមានការកើតឡើងជាយថាហេតុ។

លោករដ្ឋលេខាធិការក៏បានគូសបញ្ជាក់ផងដែរថា ដោយសារសេដ្ឋកិច្ចកម្ពុជាមនការបើកចំហរខ្លាំង កម្ពុជាងាយក្នុងការទទួលរងផលប៉ះពាល់ និងហានិភ័យពីខាងក្រៅ។ ដូច្នេះ កម្ពុជាត្រូវពង្រឹងភាពប្រកួតប្រជែង និងភាពធន់នៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃចរន្តសកលភាវូបនីយកម្មនេះ។ ក្នុងន័យនេះ លោកបានស្នើឱ្យធនាគារពិភព ពិនិត្យលទ្ធភាពក្នុងជួយដល់វិស័យឧត្តមសិក្សា និងនៅកម្រិតមធ្យមសិក្សាទុតិយភូមិ៕