(ភ្នំពេញ)៖ បេសកកម្មមនុស្សធម៌រយៈពេល២ថ្ងៃទី៩-១០ ខែកុម្ភៈ ឆ្នាំ២០២៣ លើទឹកដីខេត្ដមណ្ឌលគិរី កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្ដល់អំណោយសម្រាលការលំបាកជូនពលរដ្ឋងាយរងគ្រោះបំផុត ចំនួន ២,៥៨០គ្រួសារ ក្នុងនោះមានជនជាតិដើមភាគតិច ១,៩៦៤គ្រួសារ រស់នៅក្នុងភូមិចំនួន៤៣ ឃុំចំនួន៩ នៃស្រុកកោះញែក ស្រុកអូររាំង និងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ការចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយនេះ បានធ្វើឡើងក្រោមវត្ដមាន លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយបានធ្វើនៅទីតាំងចំនួន៤ ៖ទីតាំងទី១ នៅភូមិអូយេះ ឃុំស្រែសង្គម ស្រុកកោះញែក ប្រជាពលរដ្ឋ ៦៧៣គ្រួសារ, ទីតាំងទី២ នៅភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ប្រជាពលរដ្ឋ ៣៩៧គ្រួសារ, ទីតាំងទី៣ នៅភូមិពូហូង ឃុំចុងផ្លាស់ ស្រុកកែវសីមា ប្រជាពលរដ្ឋ ៧៤៧គ្រួសារ និងទីតាំងទី៤ នៅភូមិទួល ឃុំមេម៉ង់ ស្រុកកែវសីមា ប្រជាពលរដ្ឋ ៧៦៣គ្រួសារ។
ប៉ុន្តែដោយយល់ថាប្រជាពលរដ្ឋងាយរងគ្រោះបំផុត គឺត្រូវការចាំបាច់នូវស្បៀងអាហារប្រចាំថ្ងៃ ទើបសម្តេចបានចាត់លោកស្រីជាតំណាង នាំយកអំណោយមនុស្សធម៌ទាំងអស់នេះ ចែកជូនប្រជាពលរដ្ឋតាមការកំណត់ ដើម្បីជួយសម្រាលការលំបាកដល់បងប្អូនឱ្យបានទាន់ពេលវេលា បើទោះបីជាសម្តេចមានទុក្ខជាទម្ងន់ក្នុងគ្រួសារក្តី តែសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋងាយរងគ្រោះ ក៏ជាការងារចាំបាច់របស់កាកបាទក្រហមកម្ពុជា ដែលត្រូវដោះស្រាយជាបន្ទាន់ផងដែរ។
លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ថា ក្នុងការចុះសំណេះសំណាលសូរសុខទុក្ខប្រជាពលរដ្ឋ ជាង២ពាន់គ្រួសារនេះ ក្នុងគម្រោង គឺសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញមកដោយផ្ទាល់ ប៉ុន្តែជាអកុសលប្អូនស្រីបង្កើតរបស់សម្តេច បានទទួលមរណភាព។ តែទោះបីជាសម្តេចមានទុក្ខជាទម្ងន់ក្នុងគ្រួសារក្តី ក៏សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត នៅតែមិនភ្លេច និងថែមទាំងគិតគូរ ដល់ប្រជាពលរដ្ឋរងគ្រោះរបស់យើងជាប់និច្ច ទើបសម្ដេចបានជាចាត់ឱ្យលោកស្រីចុះមក ក្នុងនាមដឹកនាំក្រុមការងារ ដើម្បីចុះចែកអំណោយសម្រាលការលំបាកជូនប្រជាពលរដ្ឋយើង ដែលបានប្រព្រឹត្ដទៅរយៈពីរថ្ងៃ ក្នុងបួនគោលខាងលើនេះ។
លោកស្រីបានបន្ដថា «នេះជាប្រតិបត្ដិការធំទី១ សម្រាប់ដើមឆ្នាំ២០២៣នេះ ទន្ទឹមនឹងនោះ ក៏មានសកម្មភាពចុះលក្ខណៈតូចៗ ៥០-២០០គ្រួសារ ចំពោះកម្មវិធីបន្ដដំណើរទៅទៀត មានការចុះពិនិត្យជាក់ស្ដែងទៅតាមទីកន្លែងនីមួយៗ ហើយទីតាំងណាដែលសាខាកាកបាទក្រហមខេត្ដយើង អាចធ្វើចុះជួយបាន យើងនឹងប្រគល់ជូនពួកគាត់ចាត់ចែង តែបើមិនអាចដោះស្រាយបាន កាកបាទក្រហមកម្ពុជាស្នាក់ការកណ្ដាល នឹងរៀបចំធ្វើ ដោយធ្វើយ៉ាងណា ឆ្លើយតបភ្លាមៗដើម្បីសម្រាលការលំបាករបស់ពលរដ្ឋងាយរងគ្រោះរបស់យើងបានទាន់ពេលវេលា»។
ការចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌សម្រាលការលំបាកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត គឺជាសកម្មភាពក្នុងការគិតគូរ ជាពិសេស ក្នុងឱកាសចាប់ផ្ដើមយុទ្ធនាការក្នុងការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ដែលជាឱកាសមួយដ៏មានសារៈសំខាន់សម្រាប់កាកបាទទក្រហមកម្ពុជា រកមូលនិធិ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកស្រី ម៉ែន នារីសោភ័គ។
ឆ្លើយតបទៅនឹងការគិតគូររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, ប្រជាពលរដ្ឋទាំងអស់ មានក្តីរំភើបរីករាយយ៉ាងក្រៃលែង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អ្នកម្តាយមនុស្សធម៌ ដែលតែងតែមានទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លា យកចិត្តទុកដាក់ចំពោះកូនចៅទាំងអស់គ្នា ដែលកំពុងជួបការលំបាកនៅទូទាំងប្រទេស ថ្វីត្បិតតែអ្នកម្តាយមនុស្សធម៌ កំពុងមានទុក្ខដ៏ក្រៀមក្រំដោយសារការបាត់បង់ប្អូនស្រីបង្កើតជាទីស្រឡាញ់យ៉ាងណាក៏ក្ដី ក៏លោកនៅបានចាត់តំណាងចុះមកជួបប្រជាពលរដ្ឋដូចនាពេលនេះ។
សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា អាវរងា) ១កញ្ចប់, ទឹកស៊ីអ៊ីវ ៦ដប, ទឹកត្រី ៦ដប, ប្រេងឆា ១ដប, ភេសជ្ជៈប៉ូការីស្វេត ៦ដប, សាប៊ូកក់សក់ ១ដប, ទឹកសុទ្ធប៊ូស្រា ១ដប, នំប៉័ង ១ដើម, ក្រណាត់ស ១ដុំ ក្នុងនោះមានថវិកា ២ម៉ឺនរៀល។ ដោយឡែកជនមានពិការភាពចំនួន ២១នាក់ ទទួលបានបន្ថែមនូវ រទេះសម្រាប់ជនមានពិការភាព ១គ្រឿង។
អំណោយខាងលើនេះ ជារបស់សប្បុរសជនតាមរយៈកាកបាទក្រហមកម្ពុជា ក្នុងនោះ ប្រេងឆាជាអំណោយ អ្នកឧកញ៉ា ភាព ហៀក ក្រុមហ៊ុនជីបម៉ុង, សាប៊ូកក់សក់ ជាអំណោយ ឧកញ៉ា ជឹង ធានសេង, ភេសជ្ជៈប៉ូការីស្វេត ជាអំណោយ ឧកញ៉ា សុខ សំណាង និងលោកជំទាវ, អាវរងារ ជាអំណោយ លោកស្រី ឈុន ស៊ីណា អគ្គនាយិកាសណ្ឋាគារឡឺគ្រីដោនថោន, ទឹកសុទ្ធប៊ូស្រា ជាអំណោយ លោក សុផាត វីរៈមុន្នី និងលោកស្រី សៅ ស្រីបុប្ផាមុនី, ក្រណាត់ស ក្នុងនោះមានថវិកា ២ម៉ឺនរៀល ជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ក្នុងដំណើរបេសកកម្មអំណោយមនុស្សធម៌នេះដែរ គណៈប្រតិភូកាកបាទក្រហមកម្ពុជាដឹកនាំដោយ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ក៏បានអញ្ជើញបូជាទៀនធូប ផ្កាភ្ញីថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យទានប្រគេនវត្តចំនួន៣ ក្នុងនោះរួមមាន វត្តធម្មគិរីជ្រៃមាស (ហៅវត្តដាក់ដាំ) ស្ថិតក្នុងភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង, វត្តនវគិរីសុវណ្ណរាម (ហៅវត្តព្រៃមាស) ស្ថិតក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា និងវត្តសុវណ្ណរាម (ហៅវត្តមេម៉ង់) ស្ថិតក្នុងភូមិទួល ឃុំមេម៉ង់ ស្រុកកែវសីមា។
ទេយ្យទានប្រគេនវត្តនីមួយៗរួមមាន៖ អង្ករ ២០០គីឡូក្រាម, មី ១០កេស, ត្រីខ ៤កេសធំ, ស្ករស ១០គីឡូក្រាម, ទឹកដោះគោខាប់ ២កេស, អូវ៉ាន់ទីន ២កេស, ទឹកក្រូច ១០កេស, ទឹកសុទ្ធ ១០កេស, សាច់ក្រក ១០គីឡូក្រាម, ត្រីងៀត ១០គីឡូក្រាម និងថវិកា ២លានរៀល។ ប្រគេនព្រះចៅអធិការវត្តនូវ សាដក ១ និងបច្ច័យ ៥០ម៉ឺនរៀល។ ប្រគេនព្រះសង្ឃគង់អម ក្នុងមួយអង្គៗនូវ សាដក ១ និងបច្ច័យ ២០ម៉ឺនរៀល។ ជូនលោកតាអាចារ្យធ្វើកិច្ច យាយជី តាជី និងក្មេងវត្ត ក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀល និងក្រណាត់ស ១ដុំ ក្នុងនោះមានថវិកា ២ម៉ឺនរៀល៕