(រតនគិរី)៖ ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគិរី នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានកំពុងចុះស្ថាបនាផ្លូវប្រភេ ទDBST នៅស្រុកតាវែង តាមផែនការអភិវឌ្ឍន៍ឆ្នាំ២០២៣។
លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគិរី បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា៖ «ក្រោមការដឹកនាំផ្ទាល់ដោយរូបលោកក្រុមការងារបានស្ថាបនាផ្លូវប្រភេទ DBST ប្រវែង១,០០០ម៉ែត្រ ទទឹងផ្លូវ១០ម៉ែត្រ ដាក់លូសងខាងផ្លូវសរុប ២,០០០ម៉ែត្រ។
លោកបានបន្តថា ការស្ថាបនាផ្លូវប្រភេទ DBST នៅស្រុកតាវែងនេះ ជាការអភិវឌ្ឍផ្លូវសម្រាប់ឆ្នាំ២០២៣។
លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានបញ្ជាក់ទៀតថា ផែនការអភិវឌ្ឍន៍ផ្លូវប្រភេទ DBST នេះនឹងរួចរាល់នៅចុងឆ្នាំ២០២៣ ដោយបំពាក់សម្ភារៈបរិក្ខា គំនូសផ្លូវចរាចរណ៍ដូចផ្លូវក្នុងក្រុងដែរ។ ក្រៅពីស្ថាបនាផ្លូវប្រភេទ DBDT នៅស្រុកតាវែងខាងលើនេះ ក្រុមការងារមានគម្រោងអភិវឌ្ឍន៍ផ្លូវជាច្រើនខ្សែទៀតដែលគ្រប់គ្រងដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ផងដែរ៕