(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយក រដ្ឋមន្រ្តីអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញជំនឿថា អ្នកវិនិយោគចិន នឹងវិលត្រឡប់មកប្រទេសកម្ពុជាកុះករវិញ ក្រោយដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសចិន ជាពិសេសនៅក្នុងដំណាក់កាលរាតត្បាតជំងឺកូវីដ១៩។
ថ្លែងក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសចិន រយៈពេល៣ថ្ងៃ, លោក សុខ ចិន្តាសោភា បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំមានក្តីសង្ឃឹមថា ដំណើររបស់សម្តេច គឺបញ្ច្រាសទិសពេលគេរត់ គាត់ចូលទៅនេះធ្វើឱ្យប្រជាពលរដ្ឋចិនវាយតម្លៃខ្ពស់, យើងធ្វើកិច្ចការងារច្រើនណាស់ នៅពេលគាត់បើកប្រទេស, កម្ពុជា បញ្ចូនព័ត៌មានស្វាគមន៍មិនទាមទារឱ្យធ្វើតេស្តមុនឡើងយន្តហោះ គឺយើងមានវិធានការសម្តែងគោលបំណងចង់ស្វាគមន៍មិត្តចិនឱ្យត្រឡប់មកកម្ពុជា»។
ជាមួយគ្នានេះដែរ លោក សុខ ចិន្តាសោភា បានថ្លែងថា សម្រាប់ទេសចរចិន ប្រទេសកម្ពុជា មិនបានរឹតត្បិតនោះទេ ហើយម្ខាងទៀតវិន័យវិនិយោគក៏ដូចគ្នា។ ដូច្នេះ នៅពេលប្រទេសចិនបើកប្រទេសឡើងវិញ អ្នកវិនិយោគចិននឹងមកបណ្តាក់ទុននៅកម្ពុជា កាន់តែច្រើនឡើង។
លោក សុខ ចិន្តាសោភា បានបញ្ជាក់ថា ការបង្ហាញជំនឿនេះដោយសារតែរាជរដ្ឋាភិបាលកម្ពុជា បានធ្វើកិច្ចការងារជាច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគចិន មកកាន់ប្រទេសកម្ពុជា។
សូមជម្រាបថា ក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិកាជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន ដែលប្រារព្ធធ្វើឡើងនៅរដ្ឋធានីប៉េកាំង ប្រទេសចិន នាយប់ថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកវិនិយោគ អ្នកធ្វើធុរកិច្ចរបស់ចិន វិលចូលកម្ពុជាវិញ ដើម្បីមានឱកាសទាញផលចំណេញពីនយោបាយពាណិជ្ជកម្មរបស់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងគូសរំលេចថា ការរៀបចំវេទិកានេះ នឹងក្លាយជាវេទិកាជំរុញដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងកម្ពុជា និងចិន ក្នុងការអនុវត្តន៍នយោបាយបើកចំហរ និងគំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវាត់មួយ ដែលនឹងជួយស្តារសេដ្ឋកិច្ចឡើងវិញ ពីវិបត្តិជំងឺកូវីដ១៩ ព្រមទាំងជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន ឱ្យកាន់តែប្រសើរជាងមុន។
សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចអំពីការប្តេជ្ញាចិត្តជាថ្មីនៃការពង្រឹងចំណងមិត្តភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយរវាងចិន និងកម្ពុជា។ ជាពិសេសគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានជំរុញដល់ការតភ្ជាប់នៅកម្ពុជា ហើយបានរួមចំណែកឱ្យមានកំណើនពាណិជ្ជកម្មរវាងចិន និងកម្ពុជា។
សម្តេចតេជោ បានបន្តលើកឡើងថា កម្ពុជា ផ្តល់អាទិភាពខ្ពស់ក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីក្រៅប្រទេសសម្រាប់ការអភិវឌ្ឍន៍ និងកំពុងរៀបចំយុទ្ធសាស្ត្រសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧។ រាជរដ្ឋាភិបាល បានដាក់ចេញ ហើយឱ្យអនុវត្តន៍នូវច្បាប់វិនិយោគថ្មី និងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន សម្តៅជួយគាំទ្រដោយគ្មានការរើសអើងដល់វិនិយោគិនបរទេស ដែលសមាមាត្រតាមវិធានបរទេស។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកបង្ហាញពីលក្ខខណ្ឌអំណោយផលមួយចំនួនទៀត សម្រាប់ការធ្វើពាណិជ្ជជូនដល់អ្នកវិនិយោគ និងអ្នកធ្វើធុរកិច្ចរបស់ចិនថា កម្ពុជា ជាប្រទេសតូច តែកម្ពុជាមានសេដ្ឋកិច្ចបើកចំហរផ្អែកលើប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងសមាហរណកម្មសេដ្ឋកិច្ចតំបន់។
សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល វិនិយោគិន ធុរជន និងប្រជាជនចិន ដែលតែងតែគាំទ្រ ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា។ ជាពិសេសចំពោះអ្នកវិនិយោគចិនទាំងអស់ ដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ បានអំពាវនាវដល់អ្នកវិនិយោគចិន មិនទាន់បានមកកម្ពុជា អញ្ជើញសិក្សាស្វែងយល់ពីសក្តានុពល និងកាលានុវត្តន៍ភាពវិនិយោគនៅកម្ពុជា។សម្តេចតេជោ ប្រកាសការស្វាគមន៍ការវិលត្រឡប់របស់អ្នកវិនិយោគ និងធុរជនចិន ប្រកបអាជីវកម្មនៅកម្ពុជា ឱ្យបានច្រើនកុះករលើសមុនពេលមានការផ្ទុះកូវីដ១៩។
សម្តេចតេជោ បានប្រកាសធានាជូនវិនិយោគិនចិនគ្រប់រូបនូវបរិស្ថានវិនិយោគប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ។ ជាពិសេសកម្ពុជា កំពុងមានសុខសន្តិភាព មានសន្តិសុខល្អ មានស្ថេរភាពនយោបាយ ព្រមទាំងមានលំនឹងម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័ន ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព៕