(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកមន្រ្តីគយ និងរដ្ឋាករ ឲ្យប្រឹងប្រែងបន្តធ្វើការកែទម្រង់លើវិស័យគយ និងរដ្ឋាករ ដោយមិនត្រូវស្ងប់ចិត្ត និងសប្បាយភ្លេចខ្លួន ចំពោះលទ្ធផល ដែលសម្រេចបាននោះឡើយ។
នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ៦៥ឆ្នាំថ្ងៃកំណើតរដ្ឋបាលគយ និង រដ្ឋាករកម្ពុជានាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានក្រើនរំលឹកថា «ការកែទម្រង់ គឺជាកត្តាស្លាប់រស់របស់កម្ពុជា កែទម្រង់ គឺរស់ មិនកែទម្រង់ គឺស្លាប់។ ហេតុនេះយើងចាត់ទុកថា ការកែទម្រង់ គឺជាកិច្ចការប្រចាំថ្ងៃរបស់យើង គ្មានពេលដែលយើងត្រូវស្ងប់ចិត្ត ហើយសប្បាយភ្លេចខ្លួន ចំពោះលទ្ធផល ដែលយើងសម្រេចបាននោះទេ»។
ពាក់ព័ន្ធនិងវិស័យគយ និងរដ្ឋាករដដែលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនផងដែរ ដើម្បីឆ្លើយតបទៅនិងបរិការណ៍សមាហរណកម្ម សេដ្ឋកិច្ច និងសេរីភាវូបនីយកម្មពាណិជ្ជកាន់តែស៊ីជម្រៅ និងកាន់តែទូលំទូលាយ ដែលកំពុងតែដំណើរការទៅមុខយ៉ាងសកម្ម ទាំងក្នុងក្របខណ្ឌតំបន់ និងសកលលោក ក៏ដូចជាក្នុងបរិការសេដ្ឋកិច្ចកម្ពុជា កំពុងឈានទៅកាន់ដំណាក់កាលថ្មី នៃការអភិវឌ្ឍ។
អនុសាសន៍ទាំងនោះរួមមាន៖
១. បន្តលើកកម្ពស់ការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ ដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជន នៅរាល់បទបញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានទាំងឡាយ ដែលត្រូវបានដាក់ចេញ ដើម្បីបង្កើនការយល់ដឹង និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនៅក្នុងការអនុវត្តការតព្វកិច្ចសារពើពន្ធ និងច្បាប់របស់រដ្ឋ។ ការងារនេះ គឺជាចំណែកដ៏សំខាន់ នៃការពង្រឹងនីតិរដ្ឋ និងការកសាងវប្បធម៌ពន្ធដា ឲ្យកាន់តែប្រសើរឡើងនៅក្នុងសង្គមកម្ពុជា។
២. យកចិត្តទុកដាក់ខ្ពស់ក្នុងការបន្តអនុវត្តយុទ្ធសាស្រ្តកៀងគរចំណូល រយៈពេលមធ្យម២០១៤-២០១៨ របស់រាជរដ្ឋាភិបាល និងកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយត្រូវលើកកម្ពស់ភាពជាអ្នកដឹកនាំ បង្កើនឆន្ទៈក្នុងការអនុវត្តន៍ការងារកែទម្រង់ ពង្រឹងភាពជាម្ចាស់ និងយកចិត្តទុកដាក់ពង្រឹងសមត្ថភាពធនធានមនុស្ស និងពង្រឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍។
៣. ពង្រឹង និងកែលំអរជាប្រចាំ នូវការអនុវត្តន៍ការគាំទ្រ កិច្ចសម្រួលពាណិជ្ជកម្មនានា ដូចជាប្រព័ន្ធស្វ័យប្រវត្តកម្មគយ ប្រព័ន្ធគ្រប់គ្រងហានិភ័យ សវនកម្មក្រោយពេលបញ្ចេញទំនិញពីគយ។ កម្មវិធីប្រតិបត្តិសេដ្ឋកិច្ចមានការអនុញ្ញាត និងប្រព័ន្ធបញ្ជរជាតិតែមួយជាដើម សំដៅកែលំអរបរិយាកាសវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។
៤. បន្តរៀបចំគោលនយោបាយ និងចាត់វិធានការឲ្យសមស្រប ដើម្បីឆ្លើយតបការបាត់បង់ចំណូលពន្ធគយ ដែលចេះតែកើនឡើងជាលំដាប់ពីការអនុវត្តន៍ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។
៥. ពង្រឹងបន្ថែមទៀតនូវប្រសិទ្ធភាព នៃការបង្ការ និងបង្រ្កាបអំពើរត់ពន្ធ ការងារនេះមានសារៈសំខាន់ណាស់ ពីព្រោះវានឹងបង្កើនចំណូលពន្ធចូលថវិការដ្ឋផង ហើយនិងកាត់បន្ថយនូវវិសមភាពក្នុងការប្រកួតប្រជែងនៅលើទីផ្សារផង។ ពាក់ព័ន្ធបញ្ហានេះ កន្លងមករាជរដ្ឋាភិបាល បានដាក់ចេញនូវបទបញ្ជា និងវិធានការចាំបាច់នានា សំដៅពង្រឹងប្រសិទ្ធភាពនូវការទប់ស្កាត់ និងបង្រ្កាបឲ្យខាងតែបានអំពើរត់គេចវេសពន្ធ យើងទទួលស្គាល់ថា ការលុបបំបាត់នូវអំពើរត់គេចវេសពន្ធទាំងស្រុង មិនមែនជាការងារសាមញ្ញ ដែលអាចសម្រេចបានដោយងាយនោះទេ សូម្បីតែនៅប្រទេសអភិវឌ្ឍន៍ជឿនលឿន ក៏ការគេចវេសពន្ធនេះនៅជាបញ្ហាដែរ យើងត្រូវការពេលវេលាក្នុងការពង្រឹងការអនុវត្តន៍ច្បាប់ គួបផ្សំនិងវិធានការរដ្ឋបាល ការលើកកម្ពស់វិជ្ជាជីវៈ និងក្រមសីលធម៌ ព្រមទាំងកិច្ចសហការពីគ្រប់ស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ និងវិស័យឯកជនផងដែរ ដែលត្រូវតែយល់ច្បាស់អំពីកាតព្វកិច្ចពន្ធដា។
ក្រៅពីការផ្តល់នូវអនុសាសន៍ ដើម្បីពង្រឹងលើវិស័យគយ និងរដ្ឋាករហើយនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវចូលរួមសហការយ៉ាងសកម្ម និងផ្តល់ការគាំទ្រពេញទំហឹង ដល់ស្ថាប័នគយ ស្របតាមស្មារតី នៃលិខិតបញ្ជារបស់រាជរដ្ឋាភិបាលពាក់ព័ន្ធ និងការបង្ការ បង្រ្កាបអំពើរត់ពន្ធ។
សម្តេចតេជោ ក៏បានអំពាវនាវដល់វិស័យឯកជន និង ភាគីពាក់ព័ន្ធដទៃទៀត ចូលរួមលើកស្ទួយនូវវប្បធម៌ពន្ធដារ ត្រូវបំពេញកាតព្វកិច្ចពន្ធអាករឲ្យបានត្រឹមត្រូវ តាមបទបញ្ញត្តិច្បាប់ជាធរមាន។
នៅក្នុងពិធីរំលឹកខួបថ្ងៃកំណើតរដ្ឋបាលគយ និងរដ្ឋាករនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកផងដែរ ដល់គំរូវីរភាពរបស់ លោក តាំង សារឹម អតីតរដ្ឋមន្រ្តីពាណិជ្ជកម្ម ដែលបានផ្តួចផ្តើមបង្កើតឡើងវិញនូវស្ថាប័នមួយនេះ ក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩។
សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា ក្រោយថ្ងៃរំដោះនេះប្រទេសកម្ពុជា មិនមានក្រសួងស្ថិតក្នុងចង្កោមសេដ្ឋកិច្ច ដូចជាក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច ក្រសួងកសិកម្ម ក៏ដូចជាក្រសួងឧស្សាហកម្មនោះឡើយ។ សម្តេចតេជោ ក៏បានរំលឹកពីប្រវត្តិស្មុគស្មាញ នៃការរៀបចំក្រសួង ស្ថាប័ននានា នៅក្នុងថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩។ ដើម្បីលុបបំបាត់ភាពស្មុគស្មាញទាំងនេះ ក្រោយពេលឡើងធ្វើជានាយករដ្ឋមន្រ្តី សម្តេចក៏បានចាប់ផ្តើមធ្វើកំណែទម្រង់ និងបានយកស្ថាប័នគយ និងរដ្ឋាករកម្ពុជា ចេញពីក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៨៨៕