(ក្រចេះ)៖ លោក វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះ និងលោក ហួត ស៊ីនាថ ប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះជួយមូលដ្ឋានស្រុកអូរគ្រៀងសែនជ័យ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញកាត់ខ្សែបូរសម្ភោធដាក់ឲ្យប្រើប្រាសអគារស្នាក់ការគណបក្សឃុំអូរកណ្ដៀរសែន ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

លោក វ៉ា ថន បានលើកឡើងថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយ នៅក្នុងឃុំអូរកណ្ដៀរសែន ដើម្បីបម្រើប្រយោជន៍រួម និងដើម្បីបង្ហាញពីភាពរឹងមាំរបស់ គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំយូរអង្វែងមាននៅគ្រប់មូលដ្ឋានមកហើយ ដែលជាបក្សរបស់ប្រជាជន និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រជាជនកម្ពុជា។

លោកថ្លែងបន្តថា គណបក្សមួយដែលកាន់អំណាច គណបក្សមួយដែលធំជាងគេ គឺត្រូវមានកន្លែងធ្វើការសមរម្យ ដើម្បីសម្រួលដល់ការប្រាស្រ័យទាក់ទងគ្នា ដែលនេះសរបញ្ជាក់ឲ្យឃើញថាគណបក្សដទៃ គឺមិនអាចធ្វើបានដូច គណបក្សប្រជាជនកម្ពុជាទេ។

គណបក្សប្រជាជនកម្ពុជា បាននាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍ជូនប្រជាជន និងជាតិមាតុភូមិ ហើយគ្រប់គ្នាត្រូវចូលរួមថែរក្សាសុខសន្តិភាព ដែលមាននាពេលបច្ចុប្បន្ននេះឱ្យនៅគង់វង្សយូរអង្វែង ដើម្បីឱ្យប្រទេសជាតិកាន់តែ មានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត ត្រូវប្រឆាំងដាច់ខាតចំពោះជនទាំងឡាយណាដែលមានគំនិតចង់បំផ្លាញសុខសន្តិភាពនៅក្នុងប្រទេសយើង៕