(ប៉េកាំង-ចិន)៖ ក្នុងឱកាសចូលរួមអមដំណើរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន, លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ ចាំង យូសៀ (Zhang You Xia) អនុប្រធានទី១ នៃគណៈកម្មាធិការយោធាមជ្ឈិមបក្សកម្មុយនីស្តចិន។
ក្នុងឱកាសនោះ ក៏មានការចូលរួមពីនាយឧត្តមសេនីយ៍ លី ឈីវមីង (Li Qiao Ming) មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន និងលោកឧត្តមសេនីយ៍ទោ លី ពីន (Li Bin) ប្រធានការិយាល័យកិច្ចសហប្រតិបត្តិការយោធាអន្តរជាតិ នៃគណៈកម្មាធិការយោធាមជ្ឈិមបក្ស។
ក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ ចាំង យូសៀ បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយចំពោះឱកាសដ៏មានអត្ថន័យ ដែលបានជួបសំណេះសំណាលជាមួយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ស្របពេលនៃដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា មកកាន់សាធារណរដ្ឋប្រជាមានិតចិននាឱកាសលើកនេះ។
លោកបានកត់សម្គាល់ប្រកបដោយការវាយតម្លៃខ្ពស់ អំពីការរីកចម្រើននៃទំនាក់ទំនងផ្នែកយោធាកម្ពុជា-ចិន ក្នុងរយៈកាលកន្លងមកនេះ និងបានបង្ហាញនូវការគាំទ្រលើគោលគំនិត និងទិសដៅសហប្រតិបត្តិការនានារវាងកងទ័ព នៃប្រទេសទាំងពីរ និយាយជារួម និងនិយាយដោយឡែក ក្នុងកម្រិតកងទ័ពជើងគោក សំដៅធ្វើយ៉ាងណាថែរក្សាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ។
ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជម្រាបជូននាយឧត្តមសេនីយ៍ ចាំង យូសៀ នូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ កងយោធពលខេមរភូមិន្ទ និងបានថ្លែងអំណរគុណ ចំពោះការផ្តល់កិត្តិយសទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ប្រកបដោយភាពកក់ក្តៅ និងស្និទ្ធស្នាលនេះ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះកងទ័ពរំដោះប្រជាជនចិន ដែលតែងបានជួយឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទ និងបានជម្រាបជូនអំពីវឌ្ឍនភាពឈានឡើង នៃទំនាក់ទំនងរវាង កងទ័ពជើងគោក ប្រទេសទាំងពីរ ជាពិសេសការសម្រេចបាននូវការចុះហត្ថលេខាលើ MOU កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅ ដែលគឺជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេស និងប្រជាជនយើងទាំងពីរឲ្យកាន់តែរឹងមាំ និងយូរអង្វែង ក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ក៏ដូចជាការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។
ក្នុងជំនួបនោះ ភាគីទាំងពីរបានបង្ហាញនូវមតិយល់ស្របដូចគ្នាក្នុងគោលបំណងចង់ឲ្យតំបន់អាស៊ីប៉ាស៊ីហ្វិកបន្តរក្សាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដូចដែលប្រទេស និងប្រជាជននៅក្នុងតំបន់នេះធ្លាប់ទទួលផលកន្លងមក ហើយការដោះស្រាយបញ្ហាប្រឈមនានា គឺចាំបាច់ត្រូវឈរលើមូលដ្ឋាន នៃសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើវិធានច្បាប់៕