(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌឫស្សីកែវ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយលទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ គណបក្សខណ្ឌ សង្កាត់ និងសមាជិក សមាជិកា សរុប៤១៧នាក់ ដែលរៀបចំធ្វើឡើងនៅអគារមជ្ឈមណ្ឌលម៉ូឌែន៥។
លោក ជុំ បាយ័នវិបុល អនុប្រធានគណៈកម្មាធិការខណ្ឌឫស្សីកែវ បានអានសេចក្តីសង្ខេបរបាយការណ៍ ស្តីពីលទ្ធផល នៃការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ និងទិសដៅភារកិច្ចឆ្នាំ២០២៣ និងលោក ឯក ឃុនដឿន ប្រធានគណៈកម្មាធិការគណបក្សខណ្ឌឫស្សីកែវ បានអានជំនួយស្មារតីសង្ខេបខ្លឹមសារសំខាន់ៗ នៃកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់កសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨ ដែលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសបានដាក់ចេញកាលពីថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣។
ក្នុងឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានលើកឡើងពីខ្លឹមសារសំខាន់ៗ នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលប្រព្រឹត្តទៅស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សក្នុងស្មារតីសាមគ្គីភាព ឯកភាពខ្ពស់ផងដែរ។
ជាមួយនេះ លោកបានលើកឡើងអំពីប្រវត្តិនិងស្នាដៃ របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានវ័យចំណាស់ មានភាពចាស់ទុំ បានដាក់ចេញនូវកម្មវិធីនយោបាយដ៏ត្រឹមត្រូវ និងមានគុណបំណាច់ បានកសាងសមិទ្ធផលជាច្រើន ក្នុងបុព្វហេតុជាតិ មាតុភូមិ ព្រមទាំងបានឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងជាមួយប្រជាពលរដ្ឋ រហូតនាំឲ្យប្រទេសមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍដូចសព្វថ្ងៃ។
លោកបណ្ឌិត បន្តថាសមាជិកបក្សមានតួនាទីយ៉ាងសំខាន់ ក្នុងការខិតខំអនុវត្តឲ្យបានត្រឹមត្រូវតាមកម្មវិធីគោលនយោបាយ និងលក្ខន្តិកៈ របស់គណបក្ស សំដៅការកសាងទំនាក់ទំនងល្អជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយ អំពីកម្មវីធីនយោបាយរបស់គណបក្ស និងច្បាប់របស់រដ្ឋនានា ដោយត្រូវថែរក្សាធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង ការជួយគ្នាទៅវិញទៅមក និងត្រូវខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាពទាំងគុណធម៌ សីលធម៌ដើម្បីសម្រេចភារកិច្ចជូនសង្គមជាតិរបស់យើង។
ទន្ទឹមនឹងនេះ ដើម្បីដណ្តើមប្រៀបឈ្នះបន្ថែមទៀត លោកបណ្ឌិត អូស្មាន ហាស្សាន់ បានផ្តាំផ្ញើក្រុមការងារ និងគណបក្សមូលដ្ឋានសូមយកចិត្តទុកដាក់រំលឹកដល់សមាជិកបក្សទាំងអស់ថា សមាជិកម្នាក់ គឺជាសំលេងឆ្នោតមួយសន្លឹកបោះជូនគណបក្សប្រជាជនកម្ពុជា។ លោកក៏បានរំលចឡើងថា សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត។
សូមបញ្ជាក់ថា មហាសន្និបាតវិសាមញ្ញតំណាងទូទាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជន នៅវិមាន ៧មករា៕