(សៀមរាប)៖ ក្រសួងបរិស្ថាន បាននាំយកដំណាំប្រភេទ «វ៉ាន់នីឡា» ជាដំណាំរុក្ខជាតិវល្លិ៍ ស្ថិតនៅក្នុងអំបូរកេសរកូល មកនាំសាកល្បងនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ដើម្បីសិក្សានឹងអាចបន្ត ចែកពូជជូនដល់ប្រជាសហគមន៍ដែលមានបំណងដាំដំណាំ វ៉ាន់នីឡានេះ។ ដំណាំវ៉ាន់នីឡា នៅលើទីផ្សារអាចលក់បានក្នុងមួយគីឡូក្រាមចាប់ពី ៥០០ ទៅ៧០០ដុល្លារ តាមប្រភេទរបស់វា។

លោក ចន្ធី សុមេត្ដា ប្រធានការិយាល័យជីវៈសុវត្ថិភាព នៃក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន នាអំឡុងចុះទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសកូល សុខ អាន ភ្នំគូលែន កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ថ្មីៗនេះថា៖ «មជ្ឈមណ្ឌលយើងបានដាំសាកល្បងប្រភេទវ៉ាន់នីឡា ចំនួន៣ប្រភេទ ដែលជាប្រភេទនាំចូល គឺមានប្រភេទតៃទី, ប្រភេទម៉ាដាហ្គាស្យា និងប្រភេទប៉ុនកូណា ដែលជាប្រភេទគេនិយមប្រើប្រាស់ ច្រើនសកលលោក ដោយមានការណែនាំពីឯកឧត្តមរដ្ឋមន្ត្រី ឱ្យយើងចាប់ផ្តើមដាំសាកល្បងដំណាំវ៉ាន់នីឡា»។

លោកបានគូសបញ្ជាក់ថា ប្រភេទដំណាំវ៉ាន់នីឡានេះ គឺជាដំណាំយុទ្ធសាស្ត្រមួយដែលប្រទេសនៅលើសកលលោក និយមប្រើប្រាស់នៅក្នុងភេជ្ជៈ ការ៉េម គ្រឿងសម្អាង និងសូកូឡា វ៉ាន់នីឡាជាដើម។

អ្នកជំនាញរូបនេះ បានបន្ថែមថា សម្រាប់ការដាំដំណាំប្រភេទវ៉ាន់នីឡានេះ គឺត្រូវមានមានការមើលថែទាំបានល្អ មានបច្ចេកទេសខ្ពស់ក្នុងការដាំដុះ មានអាកាសធាតុ និងភូមិសាស្រ្ដល្អផងដែរ។ សម្រាប់វ៉ាន់នីឡា ដែលនាំយកមកនាំនៅមជ្ឈមណ្ឌលស្រាវជ្រាវកេសកូល សុខ អាន ភ្នំគូលែននេះ គឺមានរយៈពេល ២ឆ្នាំមកហើយ។

លោក ចន្ធី សុមេត្ដា បានឱ្យដឹងថា សម្រាប់តំបន់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន មានលក្ខណៈអំណោយផលដល់ដំណាំប្រភេទវ៉ាន់នីឡា ដែលអាចឱ្យដំណាំនេះលូតលាស់បានល្អ។ លោកក៏បានអះអាងថា ដំណាំវ៉ាន់នីឡាទាំងបីប្រភេទ ដែលបានដាំនេះ នឹងផ្តល់ទិន្នផលខ្ពស់ និងអាចទាញយកប្រភពចំណូលពីវាបានច្រើន។

លោកបានគូសបញ្ជាក់ថា៖ «បើតាមការគណនាពីអ្នកជំនាញផ្នែកដាំដុះ នឹងទទួលជោគជ័យអះអាងដែរថា ទំហំដីដែលកំពុងដាំមានជាង ១៥ដើមនេះ គឺមួយឆ្នាំយើងអាចទាញយកចំណូលបានប្រហែលជាង ៥,០០០ដុល្លារ ខណៈតែ២ផ្លែលក់ក្នុងតម្លៃប្រមាណ ១០ដុល្លារឯណ្ណោះ»។ លោកបានពន្យល់ថា វ៉ាន់នីឡាជាប្រភេទដំណាំវល្លិ៍ ដែលគេកាត់យកមកដាំ រួចហើយដាក់ទ្រើង ដាក់ជី ដោយរៀបចំប្រព័ន្ធទឹក តាមបច្ចេកទេសក្បូនខ្នាតត្រឹមត្រូវ។

លោក ចន្ធី សុមេត្ដា បានបន្ថែមថា៖ «នៅថ្ងៃអនាគតយើងដាំពង្រាយទីតាំងនៅកន្លែងផ្សេងទៀត ដើម្បីបង្កើនចំណូលសម្រាប់មជ្ឈមណ្ឌលបន្ថែមផងដែរ។ យើងដាំដើម្បីយកចំណូលដើម្បីទ្រទ្រង់មជ្ឈមណ្ឌល និងចែកជូនប្រជាពលរដ្ឋចង់ដាំដែរ»។

លោក ចន្ធី សុមេត្ដា បានចែករំលែកដោយលើកឡើងថា ទោះបីជាមានភាពមិនងាយស្រួលក្នុងដាំក្តី តែដំណាំវ៉ាន់នីឡានេះត្រូវបានអ្នកជំនាញអះអាងថាបន្ទាប់ពីដាំបានជាង១ឆ្នាំមកហើយ វ៉ាន់នីឡាដែលមានភាពលដុះល្អអាចនឹងទទួលផល នៅឆ្នាំក្រោយផងដែរ។

បន្ថែមពីនេះ លោក ចន្ធី សុមេត្ដា បានរាប់ថា៖ «វ៉ាន់នីឡានេះមានភាពសាំញាំស្មុគស្មាញបន្តិច ទាមទារឱ្យមានជំនាញច្បាស់លាស់គឺបើយើងដាំល្អហើយ គឺយើងទម្លាក់ដើមទងវាចុះក្រោម និងបង្អត់ទឹកមួយរយៈ ទើបវាខិតខំងើប និងចេញផ្កាផ្លែដើម្បីទ្រទ្រង់វា។ លក្ខខណៈបច្ចេកទេស គឺយើងដាក់សំណាញ់ខាង លើដើម្បីឱ្យវាតោងចេញផ្លែផ្កា»។

លោក សុមេត្តា បានសង្កត់ធ្ងន់ថា ដំណាំវ៉ាន់នីឡានេះ មានការដាំដុះសាំញាំណាស់ ចាប់ពីដំបូងឡើយ រហូតដល់ផ្កាផ្លែ ក្នុងនោះគ្រាន់តែផ្កាវាក៏ផ្កាពេលព្រឹក ហើយត្រូវការជំនួយក្នុងការដាក់កេសរកូល ភ្ជាប់គ្នារហូតដល់ចេញផ្លែ។ លើសពីនេះទៀត ត្រូវមានការថែទាំ រហូតដល់ពេលបេះប្រមូលផល ត្រូវយកទៅធ្វើការសម្ងួតតាមលក្ខណៈបច្ចេកទេស។ ចំពោះកន្លែងដែលគេដាំដំណាំវ៉ាន់នីឡា ទទួលជោគជ័យគឺដើមវាបានចេញផ្កាច្រើន ហើយផ្លែរបស់កាន់ច្រើនផងដែរ។

អ្នកជំនាញរូបនេះ បានឱ្យគូសបញ្ជាក់ថា តាមសភាពការណ៍នៃការលូតលាស់របស់វ៉ាន់នីឡា នៅមជ្ឈមណ្ឌលកេសរកូល សុខអាន ភ្នំគូលែននេះ បើតាមអ្នកជំនាញថាតាមការលូតលាស់នោះ ដំណាំប្រភេទនេះនឹងទទួលជោគជ័យនៅពេលខាងមុខ។

លោក ចន្ធី សុមេត្តា បានអះអាងបន្ថែមថា៖ «តាមអ្នកជំនាញមកសិក្សាវ៉ាន់នីឡានៅ លើទីផ្សារ គឺមានតម្រូវការច្រើន ហើយបើប្រៀបធៀបវ៉ាន់នីឡាដែលដាំនៅក្នុងប្រទេសកម្ពុជា ជាមួយវ៉ាន់នីឡានៅក្រៅប្រទេសគឺមិនខុសគ្នានោះដែរ ដោយសារពូជដែលយកមកដាំនោះ គឺមិនខុសគ្នានោះទេ»៕