(ព្រៃវែង)៖ លោក អ៉ីវ លាង អនុប្រធានក្រុមការងារចុះជួយស្រុកបាភ្នំ និងជាប្រធានក្រុមការងារចុះជួយឃុំបឹងព្រះ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផល សកម្មភាពការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៣។
កិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រី ជាអនុប្រធានក្រុមការងារចុះជួយឃុំ ប្រធានក្រុមការងារចុះជួយភូមិទាំង១៤ សមាជិកក្រុមការងារ ប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក ជំទប់ឃុំ ក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍ មេភូមិ អនុប្រធាន សមាជិកភូមិ និងតំណាងប្រជាជនគ្រប់ភូមិ ប្រមាណជិត៥០០នាក់។
ក្នុងឱកាសនោះ លោក ជី វ៉ាត ជំទប់ទី១ ឃុំបឹងព្រះ បានរាយការណ៍សង្ខេបពីបញ្ហាសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ជីកប្រឡាយ ថវិកាគាំពារសង្គម ឧបត្ថម្ភសិស្ស កសាងផ្ទះជូនក្រីក្រ ការពិនិត្យ និងចុះឈ្មោះបោះឆ្នោត ជូនអង្គប្រជុំជ្រាប។
លោក អ៉ីវ លាង បានលើកឡើងថា ការប្រជុំនេះបានបើកឱកាសបានជួបមុខគ្នាផ្ទាល់ បន្ទាប់ពីការចាក់ស្រោចវ៉ាក់សាំងកូវីដ១៩ ជាគោលនយោបាយដ៏វៃឆ្លាតរបស់រាជរដ្ឋាភិបាល មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដែលអាចគ្រប់គ្រងបានជំងឺកូវីដ១៩ និងបើកប្រទេសដំណើរឡើងវិញ ពេលនេះ សូមបងប្អូនអញ្ជើញទៅបន្តចាក់វ៉ាក់សាំងតាមដូសបន្ទាប់រៀងៗខ្លួន។
លោកបានបន្ថែមទៀត ដោយសារប្រទេសមានសន្តិភាព ទើបមានការអភិវឌ្ឍ ដូច្នេះសន្តិភាព មានតម្លៃធំធេងណាស់ ត្រូវការពារតម្លៃឱ្យបានដាច់ខាត ទោះក្នុងតម្លៃក៏ដោយ។ អ្នកធ្វើមិនអាចធ្វើត្រូវគ្រប់ដប់នោះទេ ចំណុចណាមិនល្អក៏ផាត់ចោលទៅ រីឯក្រុមមួយក្តាប់តូចនៅក្រៅប្រទេស តែងតែប្រើនយោបាយប្រជាភិថុត បំពុលបរិយាកាសសង្គម ដើម្បីបង្កការវាយប្រហារមកលើរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហេតុនេះសូមបងប្អូនពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន ហើយកុំចេះតែជឿ។
ជាមួយគ្នានេះដែរ អ៉ីវ លាង បានកោតសរសើរចំពោះក្រុមការងារថ្នាក់កណ្តាល និងក្រុមការងារមូលដ្ឋានឃុំគ្រប់លំដាប់ថ្នាក់ បានខិតខំប្រឹងប្រែង និងសហកាធ្វើការគ្នាបានល្អកន្លងមក នឹងសូមបន្តកិច្ចការនេះតទៅទៀត។ យកឱកាសនោះលោកបានគូសបញ្ជាក់ជាថ្មីថា រាល់ការសន្យា មិនមែនសន្យាខ្យល់នោះទេ ក្នុងតម្លៃណាក៏ដោយត្រូវដោះស្រាយឱ្យបានករណីលើសពីលទ្ធភាព ក្រុមការងារនឹងគោរពរាយការណ៍បន្តជូនថ្នាក់លើ តាមឋានានុក្រម។
លោកបានបន្ថែមថា បើសិនជាការសន្យារបស់បុគ្គល ឬខឹងបុគ្គល ខឹងតែបុគ្គលហ្នឹងទៅបានហើយ សូមបងប្អូនកុំខឹងដល់ថ្នាក់ដឹកនាំខាងលើ លោកពុំបានដឹងនោះទេ រាល់ថ្ងៃលោកខិតខំប្រឹងប្រែងគិតគូររិះរកគ្រប់មធ្យោបាយ ដើម្បីអភិវឌ្ឍជាតិ បង្កើនសេដ្ឋកិច្ច ជាតិ ទាក់ទាញអ្នកវិនិយោគទុនថ្មីៗ ក្នុងគោលបំណងបង្កើនប្រាក់ចំណូល និងជីវភាពរបស់ប្រជាជន។ ម្យ៉ាងវិញទៀតទោះបីជាមន្ត្រីបក្ស ឬមន្ត្រីរាជការគោលបំណងរួម គឺបម្រើប្រជាជន។
លោក អ៉ីវ លាង ក៏បានណែនាំក្រុមការងារពិនិត្យពីកិច្ចការ ឬការសន្យាឆ្នាំចាស់មិនទាន់ដោះស្រាយ សូមដាក់បន្តក្នុងឆ្នាំ២០២៣ បន្តផ្តល់បម្រើសេវាសាធារណឱ្យកាន់តែល្អ បើយកជូនពួកគាត់ដល់ផ្ទះកាន់តែល្អ បន្តដោះស្រាយទំនាស់មូលដ្ឋានក្រៅប្រព័ន្ឋតុលាការ ផ្សះផ្សារសះជានៅនឹងកន្លែងដោយឈរគោលការណ៍ឈ្នះ-ឈ្នះ ទាំងអស់គ្នា បន្តជំរុញទៅធ្វើអត្តសញ្ញាណប័ណ្ណថ្មី ជំរុញផ្សព្វផ្សាយបន្ថែមពីភូមិឃុំមានសុវត្ថិភាពដល់ប្រជាជនមូលដ្ឋានបើតាមមេប៉ុស្តិ៍ឱ្យដឹងថាធ្វើបាន៣ភូមិហើយ។
ក្នុងពេលនោះដែរ លោកបានផ្សព្វផ្សាយពីលទ្ធផលសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា និងបានដាក់ចេញផែនការការងារជាជំហានៗត្រូវអនុវត្ត ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣នេះដល់ក្រុមការងារទាំងអស់ ដើម្បីឈានទៅដណ្តើមជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានជាដាច់ខាត ដោយឈ្នះ ហើយឈ្នះលើសលុបសំលេងឆ្នោតជាងឆ្នាំ២០២២ទៀត៕