(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២២ និងលើកទិសដៅអនុវត្តឆ្នាំ២០២៣ របស់ខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អភិបាលរងខេត្ត, អគ្គលេខាធិការរង គ.ជ.គ.ម. អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរជុំវិញខេត្ត។

យោងតាមរបាយការណ៍របស់ លោក អម សុភា អភិបាលរងខេត្ត បានឲ្យដឹងថា ក្នុងឆ្នាំ២០២២កន្លងទៅ ខេត្តកំពង់ឆ្នាំង បានជួបប្រទះនឹងគ្រោះមហន្តរាយធម្មជាតិមួយចំនួនដូចជា៖ ជំនន់ទឹកភ្លៀងបានធ្វើឲ្យប៉ះពាល់ដំណាំស្រូវប្រជាពលរដ្ឋ ចំនួន៣,៤៦០គ្រួសារ ក្នុងស្រុកចំនួន៥ ឃុំចំនួន២៥ និងភូមិចំនួន១២៥ លើផ្ទៃដីសរុប២,៦១០ហិកតា ក្នុងនោះ ផ្លូវកៅស៊ូ និងផ្លូវក្រួសក្រហមបានរងផលប៉ះពាល់ប្រវែង ១២,៦៨០ម៉ែត្រ ហើយខ្យល់កន្ត្រាក់ និងរន្ទះបាញ់បានកើតឡើង ៣៤លើក បណ្ដាលឲ្យស្លាប់មនុស្ស៤នាក់ របួស៥នាក់ រលំផ្ទះ៣៣ខ្នង របើកដំបូល៨០ខ្នង។

ក្នុងឱកាសនោះ លោក ឡាំ ហេងហួត បានធ្វើការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រី នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន ដែលបានចូលរួមចំណែកយ៉ាងសកម្មសម្រេចបានជោគជ័យ ក្នុងការឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ក្នុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣ ដោយសហការយ៉ាងល្អ ជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

លោក ឡាំ ហេងហួត បានលើកឡើងពីបទពិសោធន៍ល្អៗ នៃការត្រៀមរៀបចំទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិកន្លងមក ប៉ុន្តែនៅតែមានចំណុចខ្វះខាតមួយចំនួន ដូចនេះហើយ ឯកឧត្តម បានដាក់ចេញនៅគោលការណ៍ណែនាំសំខាន់ៗ ៦ចំណុច ដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាតទាំងនោះ មានដូចជា៖

*ទី១៖ ជំរុញការរៀបចំធ្វើបច្ចុប្បន្នភាពសមាសភាព និងរចនាសម្ព័ន្ធគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់
*ទី២៖ ធ្វើការពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ លើការប្រើប្រាស់ប្រព័ន្ធព្រីស្ស៊ឹម និងប្រព័ន្ធផ្ដល់ដំណឹងជាមុន ១២៩៤ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
*ទី៣៖ ជំរុញឲ្យមានការធ្វើបច្ចុប្បន្នភាពសៀវភៅផែនការ ត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់ប្រចាំឆ្នាំ ឲ្យបានរួចរាល់ត្រឹមខែឧសភា រៀងរាល់ឆ្នាំ
*ទី៤៖ ពិនិត្យ និងអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារដែលមានចែងក្នុងសៀវភៅផែនការត្រៀមបម្រុងថ្នាក់ជាតិ និងថ្នាក់ខេត្ត
*ទី៥៖ ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ត្រូវរៀបចំនូវទីទួលសុវត្ថិភាព ឲ្យបានសមស្រប ដើម្បីត្រៀមក្នុងការជម្លៀសប្រជាជនរងគ្រោះ ក្នុងករណីមានគ្រោះមហន្តរាយជាយថាហេតុកើតឡើង
*ទី៦៖ ស្នើឲ្យមានការិយាល័យទទួលបន្ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានមន្រ្តីទទួលខុសត្រូវច្បាស់លាស់លើការងារប្រតិបត្តិទូទៅ និងគ្រប់គ្រងព័ត៌មាន ស្ថិតនៅក្រោមលេខាធិការដ្ឋានអចិន្រ្តៃយ៍ និងអភិបាលរងទទួលបន្ទុកគ្រោះមហន្តរាយ។

នៅថ្ងៃដដែលនោះ លោក ឡាំ ហេងហួត និងលោក ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានការចូលរួមពីលោក អម សុភា អភិបាលរងខេត្ត និងមន្ទីរពាក់ព័ន្ធ បានចុះចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ២,៦៩៤គ្រួសារ ស្មើនឹងពូជស្រូវ២៦៩.៤តោន ដែលបានទទួលរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀងក្នុងរដូវប្រាំង ឆ្នាំ២០២៣ នៅសាលាស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោក ឡាំ ហេងហួត ក៏បានបង្ហាញនូវការសោកស្ដាយចំពោះប្រជាពលរដ្ឋ ដែលបានទទួលរងគ្រោះផ្ទួនៗ កាលពីឆ្នាំ២០២២ កន្លងមក និងដើមឆ្នាំ២០២៣នេះ ដែលជាជំនន់ខុសរដូវ ឬជំនន់រដូវប្រាំង បណ្ដាលមកពីការប្រែប្រួលអាកាសធាតុ។

ប៉ុន្តែទោះជាយ៉ាងណាក្ដី តបតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ស្តីពីការត្រួតពិនិត្យលើផលប៉ះពាល់ដំណាំស្រូវ និងដំណាំរួមផ្សំ ដែលខូចខាតដោយសារទឹកជំនន់ គឺចាំបាច់ត្រូវពន្លឿន និងជំរុញនៃការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ។ ប្រជាកសិករបានសម្តែងនូវភាពសប្បាយរីករាយ យ៉ាងខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងតែនៅជាប់ជាមួយប្រជាកសិករ៕