(តាកែវ)៖ មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន និងសកម្មជនចំនួន២០០នាក់ នៅខេត្តតាកែវ បានស្ម័គ្រចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដែលធ្វើឡើងនៅមន្ទីបក្សស្រុកត្រាំកក់ ខេត្តតាកែវ។

ពិធីទទួលសមាជិកថ្មីនេះ បានធ្វើឡើងក្រោមអធិបតីភាពរបស់លោកបណ្ឌិត លី សាម៉េត (គ្រូមា) ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក អ៊ូច ភា ប្រធានគណៈកម្មាធិការ គណបក្សខេត្តតាកែវ ព្រមទាំងមន្រ្តីសំខាន់ៗជាច្រើនរូបទៀត។

លោកបណ្ឌិត លី សាម៉េត បានចាត់ទុកថា ការវិលត្រឡប់របស់មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀននេះ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន សូម អបអរសាទរចំពោះកូនក្មួយទាំងអស់ ដែលមើលឃើញពីស្នាដៃ និងការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យប្រជាជន និងប្រទេសជាតិមានសុខសន្តិភាពដល់សព្វថ្ងៃនេះ។

លោកបានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ល្អរបស់អភិបាលខេត្តតាកែវ កន្លងមក បានធ្វើឲ្យបងប្អូននៅខេត្តតាកែវយល់ដឹងកាន់តែច្បាស់ពីគណបក្សប្រជាជនកម្ពុជា ហើយការសម្រេចចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បានសបញ្ជាក់ពីទឹកចិត្តល្អប្រពៃរបស់បងប្អូនមកលើសម្តេចតេជោ ប្រធានគណបក្សប្រជាជន។

លើសពីនេះលោកបានថ្លែងថា សម្តេចតេជោ ហ៊ុន សែន ពិតជាអ្នកមានបុណ្យពិតប្រាកដ និងជាទេវតាចាប់ជាតិមកសង្រ្គោះប្រជាជនកម្ពុជាចេញពីមាត់ជ្រោះមរណៈ ដែលពួក ប៉ុល ពត បានកាប់សម្លាប់ ហើយជារឿងពិត ក្នុងប្រវត្តិសាស្រ្តកម្ពុជា ហើយយើងទាំងអស់គ្នាមានសំណាងដែលមានមេដឹកនាំដូចសម្តេចតេជោ ហ៊ុន សែន។

លោក លី សាម៉េត បានលើកឡើងពីអ្នកនយោបាយក្បត់ជាតិ៣ជំនាន់ គឺសម រង្ស៊ី ដែលជាបុគ្គលថោកទាបបំផុត ប្រឌិតរឿងគ្រប់បែបយ៉ាង ដែលហ៊ានប្រឌិតរឿងលើគ្រួសារសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ លោកបានចោទជាសំណួរថា តើបើជាគ្រួសារបងប្អូនវិញ តើអាចទទួលយកបានទេ ចំពោះទង្វើរបស់អ្នកនយោបាយក្បត់ជាតិ សម រង្ស៊ី នេះ ដែលហ៊ានធ្វើនយោបាយ ដូចសត្វតេរច្ឆានទៅទៀត៕