(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានណែនាំ និងស្នើដល់បណ្តាជួរថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាលពាក់ព័ន្ធ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនក្នុងការបំពេញភារកិច្ចការងារ ដើម្បីឲ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្ត និងជំរុញការចាក់វ៉ាកសាំងជំងឺកូវីដ១៩បន្តទៀត។

ការណែនាំបែបនេះខណៈលោកអភិបាលខេត្តកែប សោម ពិសិដ្ឋ ចូលរួមជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុខាភិបាល ឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត ឆ្នាំ២០២៣ របស់មន្ទីរសុខាភិបាល ដែលបានធ្វើឡើងនៅសាលប្រជុំមន្ទីសុខាភិបាលខេត្ត នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយចូលរួមពីសំណាក់ជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាអាវុធ អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ជាច្រើនរូប។

លោក សោម ពិសិដ្ឋ បានកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់មន្ត្រីសុខាភិបាលខេត្តកែប ដែលបានបំពេញភារកិច្ចការងារប្រកបដោយភាពទទួលខុសត្រូវ និងសម្រេចបាននូវសមិទ្ធផលល្អប្រសើរក្នុងវិស័យសុខាភិបាល ជាពិសេសការផ្តល់សេវាសុខភាព ទាំងការប្រឹក្សានិងព្យាបាលសុខភាព ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងអនុវត្តការងារស្របតាមផែនការ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។

លោកអភិបាលខេត្ត ក៏បានផ្តាំផ្តើរដល់មន្ទីរសុខាភិបាលខេត្ត ត្រូវពង្រឹងការងារហិរញ្ញវត្ថុ ដោយប្រើប្រាស់ឲ្យចំគោលដៅ និងពង្រឹងការគ្រប់គ្រងបុគ្គលិកស្របតាមក្រឹមសីលធម៌ប្រជាជីវៈ និងត្រូវខិតខំយកចិត្តទុកដាក់ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមនុស្សចាស់ កុមារ ទារក មានសុខភាពល្អ និងត្រូវបង្ខិតសេវាសុខាភិបាលនានាអោយដល់តំបន់កោះនៃសមុទ្រជុំវិញខេត្តកែប ដែលមានប្រជាពលរដ្ឋរស់នៅផងដែរ។

លោក ម៉ែន សុធីរ ប្រធានមន្ទីរសុខាភិបាល បានលើកឡើងក្នុងរបាយការណ៍របស់ខ្លួនថា មន្ទីរសុខាភិបាលក្នុងឆ្នាំ២០២២ សូចនាករសំខាន់ៗ នៃកម្មវិធីសុខភាពសម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត រួមទាំងការផ្តល់ថ្នាំបង្ការ និងវ៉ាក់សាំង ការពារ ជំងឺក្អកមាន់ ខាន់ស្លាក់ ការពារថ្លើមលើកទី១ដល់ទី៣ ការទប់ស្កាត់ជំងឺឆ្លង-ជំងឺគ្រុនចាញ់ ការជំរុញការចាក់វ៉ាក់សាំងកូវិដ១៩គ្រប់ដូស និងការផ្តល់សេវាសុខាភិបាលនានា បានយ៉ាងល្អប្រសើរ ដោយឈរលើមូលដ្ឋានវឌ្ឍភាព ដែលបានរៀបចំខាងលើ។ ខេត្តកែបសង្ឃឹមថា នឹងបន្តរួមចំណែកកាត់បន្ថយមរណភាពមាតា និងកុមារអោយរក្សានៅអត្រាទាបដដែល នៅឆ្នាំខាងមុខៗទៀត៕