(កណ្ដាល)៖ លោកបណ្ឌិត វង់ សណ្ដាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្ដាល បាននាំស្រូវពូជជំហានទី២ របស់រាជរដ្ឋាភិបាលជិត ១៦៥តោន ចែកជូនប្រជាពលរដ្ឋក្នុងស្រុកកណ្តាលស្ទឹង ស្រុកស្អាង និងស្រុកពញាឮ។

ពិធីនេះបានធ្វើឡើងក្នុងថ្ងៃតែ១ ពោលគឺថ្នាក់ដឹកនាំធ្វើដំណើរទៅជួបពលរដ្ឋទាំង៣ស្រុកតែម្ដង តាំងពីព្រឹកដល់ល្ងាចនាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។ ពិធីនេះក៏ការចូលរួមពីសំណាក់លោក ខាត់ សុឃី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល។

ថ្លែងទៅកាន់ប្រជាពលរដ្ឋទាំង៣ស្រុក លោកបណ្ឌិត វង់ សណ្ដាប់ និងលោក ខាត់ សុឃី បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់គ្រប់ពេលវេលានូវសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានថ្លែងនូវការសោកស្តាយចំពោះការបាត់បង់ និងខូចខាតផលដំណាំកសិផល ជាមួយបងប្អូនប្រជាកសិករដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនារយៈពេលកន្លងមក។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំបានលើក ទឹកចិត្តដល់ប្រជាកសិករដែលទទួលបានស្រូវពូជនាពេលនេះ សូមបន្តខិតខំបង្កបង្កើនផលឡើងវិញឱ្យមានប្រសិទ្ធភាព ទៅលើផ្ទៃដីដែលរងការខូចខាត។

លោកក៏សូមឱ្យប្រជាពលរដ្ឋយល់ឃើញថា ក្នុងរយៈ៤៤ឆ្នាំកន្លងមក ប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យទាំងពុទ្ធចក្រ និងអាណាចក្រ ដូចនេះសូមបន្តការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងចូលរួមថែរក្សាសន្តិភាព ស្ថេរភាពឱ្យបានយូរអង្វែង។ ជាងនេះទៅទៀត គប្បីយកចិត្តទុកដាក់បញ្ហាសុខភាពឱ្យបានល្អ តាមរយៈហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំងអស់គ្នា។

ជាមួយគ្នានេះលោក គង់ សោភ័ណ្ឌ បានបញ្ជាក់ថា ក្នុងដើមឆ្នាំ២០២៣នេះ ខេត្តកណ្តាល បានរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង ក្នុងនោះក្រុមការងារក្រសួងកសិកម្ម បានសហការជាមួយគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានចុះពិនិត្យ តាមដានវាយតម្លៃលើការខូចខាតដំណាំស្រូវ និងដំណំារួមផ្សំ ដែលមានស្រុកចំនួន០៤ បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង រួមមាន៖ ស្រុកកណ្តាលស្ទឹង, ស្រុកស្អាង, ស្រុកពញាឮ និងស្រុកកោះធំ ក្នុងនោះមានភូមិប៉ះពាល់សរុប ១២៩ភូមិ ស្ថិតក្នុងឃុំចំនួន១៨ នៃស្រុកទាំង០៤ ហើយផ្ទៃដីកសិកម្មរងផលប៉ះពាល់ ៣,៣៧៨.៣៤ហិកតា ខូចខាត ២,៣៦៧.៧៥ហិកតា ប៉ះពាល់គ្រួសារចំនួន ៣,០៦២គ្រួសារ។

លោកអភិបាលខេត្ត បានបន្ថែមថា បន្ទាប់ពីបានចុះធ្វើការវាយតម្លៃផលប៉ះពាល់រដ្ឋបាលខេត្តបានរៀបចំសំណើស្នើសុំគ្រាប់ពូជស្រូវចំនួន ១៦៤តោន ៩០០គីឡូក្រាម សម្រាប់ចែកជូនប្រជាកសិករ ដែលបានរងផលប៉ះពាល់ ស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ស្រុកស្អាង និងស្រុកពញាឮ។

សូមបញ្ជាក់ថា ពូជស្រូវដែលបានចែកជូននាថ្ងៃនេះគឺស្រុកស្អាង ចំនួន៣០៧គ្រួសារ នៅឃុំស្អាងភ្នំ និងឃុំក្រាំងយ៉ូវ ស្រុកកណ្តាលស្ទឹង ចំនួន ៦៩៧គ្រួសារ នៅឃុំដើមឬស និងឃុំអន្លង់រមៀត និងស្រុកពញ្ញាឮ ចំនួន៦៤៥គ្រួសារ មកពីឃុំចំនួន៧ ដោយក្នុងមួយគ្រួសារទទួលបានពូជស្រូវចំនួន ១០០គីឡូក្រាម៕