(កំពង់ឆ្នាំង)៖ ព្រះសង្ឃគង់នៅវត្តគិរីវង្គត ហៅវត្តភ្នំរាប់បាត្រ ស្ថិតនៅក្នុងភូមិអណ្ដូងជ្រៃ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានសង្ឃដីការអំពាវនាវដល់ពុទ្ធបរិស័ទ និងសប្បុរសជនជួយជាវធុងទឹកសម្រាប់តម្កល់ទឹក ទុកប្រើប្រាស់ ដោយសារតែថ្មីៗនេះអាងទឹកដែលធ្លាប់ប្រើប្រាស់កន្លងមក លេចហូររហូតជួសជុលមិនជាប់ មិនអាចតម្កល់ទឹកទុកប្រើប្រាស់បាននោះឡើយ។

តាមរយៈពុទ្ធបរិស័ទដែលបានយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តខាងលើនេះ, ព្រះតេជគុណ ពិន គង្គា ព្រះគ្រូចៅអធិការវត្តគីរីវង្គត ហៅវត្តភ្នំរាប់បាត្រ សូមចម្រើនពរដល់ញាតិញោម ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋទាំងអស់ ដែលជាពុទ្ធសាសនិកគាំទ្រ និងមានជំនឿលើព្រះពុទ្ធសាសនា មេត្តាជួយឧបត្ថម្ភទៅតាមសទ្ធាជ្រះថ្លា ដើម្បីជាវធុងដាក់ទឹកជ័រល្អចំនួនមួយមានចំណុះ ៣ពាន់លីត្រ គុណភាពលេខ១ អាចប្រើប្រាស់បានយូរអង្វែងសម្រាប់ តម្កល់ទឹកប្រើប្រាស់នៅក្នុងវត្ត ដោយសារតែទីអារាមវត្តខាងលើនេះ ស្ថិតនៅលើកំពូលភ្នំខ្វះខាតទឹកសម្រាប់ប្រើ ប្រាស់ក្នុងរដូវប្រាំង។

ព្រះគ្រូ ពិន គង្គា បានមានសង្ឃថេរដីកាឱ្យថា ព្រះសង្ឃគង់នៅក្នុងវត្តបច្ចុប្បន្នមានចំនួន៧អង្គ ក្នុងនោះជាវទឹកប្រើប្រាស់ក្នុងមួយខែៗអស់៦ឡាន ក្នុងមួយឡានៗចំណុះ១.៥០ម៉ែត្រគូប មានតម្លៃក្នុងមួយឡាន ៩ម៉ឺនរៀល និងចំណាយលើចង្ហាន់ក្នុងមួយថ្ងៃ ៤ម៉ឺនរៀល ចំណាយលើការប្រើប្រាស់ភ្លើងអគ្គិសនីក្នុងមួយខែៗចន្លោះពី១០ ទៅ២០ម៉ឺនរៀលទៅ តាមការមានកម្មវិធីបុណ្យតិច ឬច្រើន។

ដោយឡែកការចាំបាច់ក្នុងពេលនេះ គឺទិញធុងដាក់ទឹកមួយចំណុះ ៣ពាន់លីត្រ ដើម្បីបានតម្កល់ទឹកទុកប្រើប្រាស់។ ដូចនេះសូមញាតិញោម ជាពុទ្ធបរិស័ទ និងប្រជាពលរដ្ឋមេត្តាចូលរួមទៅតាមសទ្ធាជ្រះថ្លាដោយក្តីអនុគ្រោះ ព្រោះវត្តមួយនេះនៅលើភ្នំមិនមានទឹកសម្រាប់ប្រើប្រាស់ និងជាវត្តមួយដែលអាត់តាខាត់ផងដែរ។

ព្រះអង្គបញ្ជាក់ថា បើញាតិញោមពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លា សូមធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទព្រះគ្រូ ពិន គង្គា ចៅអធិការវត្ត ០៨៥ ៣៣៣ ៣៦៨៕