(ភ្នំពេញ)៖ ក្រុមហ៊ុន ហ្វេសប៊ុក កាលពីយប់ថ្ងៃទី១០ កុម្ភៈម្សិលមិញ បានសម្រេចលុបវីដេអូលើហ្វេសប៊ុកផ្ទាល់ខ្លួនលោក តាំង សារ៉ាដា និងផេក The Cambodia daily Khmer ក្រោយពីចាក់ផ្សព្វផ្សាយឡើងវិញម្តងជាពីរម្តងនូវវីដេអូព័ត៌មានប្រលោមលោក ពាក់ព័ន្ធនឹងរឿងរ៉ាវពាណិជ្ជករវ័យក្មេង និងក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ដែលក្រុមហ៊ុនហ្វេសប៊ុកចាត់ទុកថា ជាការបំពានសិទ្ធិបុគ្គលបំភ្លៃច្នៃប្រឌិតរឿងខុសការពិត។
យោងលើសារណែនាំ Messenger ជាភាសាអង់គ្លេស តែសូមបកប្រែជាភាសាខ្មែរមានន័យថា «អត្ថបទមាតិកាមិនមានបង្ហាញទៀតនោះទេ ព្រោះហ្វេសប៊ុកនេះបានចែកចាយជាមួយមនុស្សមួយក្រុមតូច វាត្រូវបានលុប»។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា «យោងតាមក្រុមបច្ចេកទេសរបស់ខ្ញុំបានឲ្យដឹងថា វីដេអូលើហ្វេសប៊ុក Taing Sarada និងThe Cambodia Daily ដែលផ្សាយខុសការពិតពីខ្ញុំ និងក្រុមហ៊ុន ត្រូវបានក្រុមហ៊ុនហ្វេសប៊ុកប្លុកចោល ព្រោះតែការបំពានសិទ្ធិបុគ្គល និងផ្សាយបំភ្លៃការពិត»។
អ្នកឧកញ៉ា បានបន្ថែមថា អ្វីដែលក្រុមហ៊ុន Facebook បានធ្វើនេះគឺជាសកម្មភាពប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលពិភពលោកកំពុងនាំគ្នាប្រយុទ្ធប្រឆាំង។ ហើយខ្ញុំក៏សូមគាំទ្រចំពោះសកម្មភាពដ៏ប្រពៃរបស់ក្រុមហ៊ុនហ្វេសប៊ុកផងដែរ។
ថ្លែងនៅចំពោះមុខវិស្វករ បុគ្គលិក-កម្មករ ប្រមាណជិត១ពាន់នាក់កាលពីថ្ងៃទី៨ កុម្ភៈ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់ដូច្នេះថា «ដាច់ខាត អ្នកឯងមកចោទខ្ញុំថាលាងលុយ គឺអត់បាន ព្រោះខ្ញុំមិនបានធ្វើ…បើនិយាយថាខ្ញុំជំពាក់គេ និយាយបាន កុំឱ្យតែបោក ប្រាស់គេ ខ្ញុំមិនបានបោកប្រាស់បងប្អូនណាទេ…។ ក្រុមហ៊ុនខ្ញុំ…ដើរក្នុងរយៈពេល ៥ឆ្នាំនេះ អតិថិជនគាត់ជំពាក់លុយខ្ញុំជាង ៣០០លានដុល្លារ មិនមែនតិចទេ ប៉ុន្តែសួរថា ក្នុងកាលៈទេសៈនេះ គាត់ក៏លំបាក ខ្ញុំក៏លំបាក លំបាកទាំងអស់គ្នា យើងចែកការលំបាក ម្នាក់បន្តិច អ៊ីចឹងអ្នកឯងចង់ផ្តួលរំលំ ឡេង ណាវ៉ាត្រា គឺមិនអាចទៅរួចទេ»។
បើតាមអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ការចោទប្រកាន់នេះស្មើនឹងសម្លាប់សេដ្ឋកិច្ចពលរដ្ឋរាប់ម៉ឺននាក់ ដែលជ្រកក្រោម ដំបូលក្រុមហ៊ុន ឡេង ណាវ៉ាត្រា។ អ្នកឧកញ៉ាសង្កត់ធ្ងន់ថា «បើអ្នកឯកចង់ផ្តួលរំលំ វាយប្រហារក្រុមហ៊ុនខ្ញុំ រំលងខ្មោចខ្ញុំសិន»។
កាលពីពេលថ្មីៗកំពូលតារាចម្រៀងជួរមុខល្បីៗ ព្រមទាំងមហាជន អ្នកលេងបណ្តាញសង្គមនៅក្នុងប្រទេសកម្ពុជា រាប់ម៉ឺននាក់ បានចេញមកប្រតិកម្មរិះគន់ធ្ងន់ៗទៅកាន់ស្ថាប័នកាសែតក្រៅស្រុក The Cambodia Daily ដែលមានលោក តាំង សារ៉ាដា ជាអ្នកអត្ថាធិប្បាយបទវិភាគដោយគ្មានមូលដ្ឋាន ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើភាពស្អាតស្អំនិងកិត្តិយសអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តាមរយៈបទវិភាគ៖ តើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជានរណា? ដែលក្នុងនោះបានធ្វើការចោទប្រកាន់លើអ្នកឧកញ៉ាទាំងងងើល និងប្រាសចាកពីការពិតទាំងស្រុងប្រកបដោយគោលបំណងទុច្ចរិត កាលពីពេលថ្មីៗនេះ។
ក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប បច្ចុប្បន្នមានបុត្រសម្ព័ន្ធក្នុងវិស័យអចលនទ្រព្យ កម្សាន្ត កសិកម្ម និងហិរញ្ញវត្ថុ ដែលមានបុគ្គលិកជិត២ពាន់នាក់។ ក្រុមហ៊ុននេះតែងតែចេញមុខក្នុងការជួយកិច្ចការងារសង្គមជាច្រើននាពេលកន្លងមកសរុបជាថវិកាជាង២៥លានដុល្លារអាមេរិក ក្រោមការដឹកនាំផ្ទាល់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា៕