(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូបង្រៀនខ្មែរឥស្លាម អញ្ជើញជួបសំណេះសំណាលជាមួយ គណៈអ៉ីម៉ាំ នាយករងអប់រំគ្រូបង្រៀនខ្មែរឥស្លាម នាយកអប់រំគ្រូបង្រៀនខ្មែរឥស្លាមស្រុក និងនាយកកម្រង មកពីបណ្តារាជធានីខេត្ត ចំនួន៧ផ្សេងទៀត នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលឥស្លាមភ្នំពេញ (PPIC)។
គណៈអ៉ីម៉ាំ នាយករងអប់រំគ្រូបង្រៀនខ្មែរឥស្លាម នាយកអប់រំគ្រូបង្រៀនខ្មែរឥស្លាមស្រុក និងនាយកកម្រង ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ មានចំនួន១១៨នាក់ (ស្រី២៨) មកពីបណ្ដារាជធានីខេត្ត មានដូចជា ភ្នំពេញ កំពង់ស្ពឺ ព្រៃវែង ក្រចេះ ស្ទឹងត្រែង រតនៈគិរី និងមណ្ឌលគិរី។
ក្នុងឱកាសនោះ លោកបណ្ឌិតបានរំលឹកថា កាលពីមុនគ្រូបង្រៀនខ្មែរឥស្លាម សុទ្ធសឹកតែបានចូលរួមចំណែកលះបង់ ទាំងកម្លាំងកាយ កម្លាំងចិត្ត ក្នុងការបណ្តុះបណ្តាលសិស្សានុសិស្សខ្មែរឥស្លាម ដោយមិនទទួលបានប្រាក់បៀវត្សនោះទេ ដោយកាលនោះពួកគាត់ទទួលបានប្រាក់ឧបត្ថម្ភពីអ្នកភូមិ និងទទួលបានការឧបត្ថម្ភថវិកាពីក្រៅប្រទេសបន្តិចបន្តួច ក្នុងការដោះស្រាយបញ្ហាជីវភាពគ្រួសារ។
ប៉ុន្តែក្រោយមក ក្នុងឆ្នាំ២០១៥ រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោហ៊ុន សែន បានផ្ដល់ក្របខ័ណ្ឌគ្រូបង្រៀនខ្មែរឥស្លាមចំនួនប្រមាណ ១,៥០០នាក់ ដើម្បីទទួលបានប្រាក់បៀវត្សដូចគ្រូទូទៅ ខណៈប្រាក់បៀវវត្សពួកគាត់ត្រូវបានដំឡើងជាបន្តបន្ទាប់ ដែលនេះ គឺជាការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា ដល់សហគមន៍ឥស្លាម។
លោកបណ្ឌិត បានសង្កត់ធ្ងន់ថា គ្រូបង្រៀនក្របខ័ណ្ឌខ្មែរឥស្លាមទាំងអស់ ជាផ្នែកមួយ នៃសកម្មជនរបស់គណបក្សប្រជាជនកម្ពុជា ដូច្នេះយើងទាំងអស់គ្នាត្រូវខិតខំ ប្រឹងប្រែងបម្រើ គាំទ្រដល់គណបក្សប្រជាជនកម្ពុជា និងដឹងគុណដល់រដ្ឋាភិបាលជានិច្ច។ លោកផ្ដាំផ្ញើដល់អង្គប្រជុំទាំងអស់ ត្រូវបន្តសហការ សាមគ្គីគ្នាជាធ្លុងតែមួយ និងខិតខំប្រឹងប្រែងបង្រៀនសិស្សនុសិស្សបន្តទៀត ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំឥស្លាម នៅកម្ពុជា។
សូមជម្រាបថា សមាគមគ្រូបង្រៀនខ្មែរឥស្លាម ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៨ ក្នុងគោលបំណងលើកកម្ពស់វិស័យអប់រំឥស្លាម ឲ្យកាន់តែមានគុណភាព និងជួយពង្រឹងវិស័យអប់រំឥស្លាម នៅទូទាំងប្រទេស៕