(តាកែវ)៖ លោក ឈុំ ឈុនលី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអភិបាលខេត្តតាកែវ លោក អ៊ូច ភា បាននាំយកស្រូវពូជចំនួនជិត២០០តោន ទៅចែកជូនប្រជាកសិករជិត២,០០០គ្រូសារ ដែលរងគ្រោះដោយទឹកជំនាន់ភ្លៀងនារដូវប្រាំង នៅក្នុងស្រុកចំនួន៣ គឺស្រុកព្រៃកប្បាស់ ស្រុកបុរីជលសារ និងស្រុកអង្គបុរី។ ពិធីនេះ បានធ្វើឡើងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ឈុំ ឈុនលី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តែងតែគិតគូនិងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ដោយមិនប្រកាន់បក្ខពួក ឬនិន្នាការនយោបាយអ្វីនោះឡើយ ហើយសម្រាប់ការផ្តល់ជូនស្រូវពូជនាពេលនេះ គឺជាការជួយអន្តរាគមន៍ជាបន្ទាន់ដល់ប្រជាកសិកររងគ្រោះដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក សម្រាប់ការធ្វើស្រែស្តារជាថ្មី នៅពេលទឹកស្រកទៅវិញ។

លោកបានផ្ដាំផ្ញើដល់ប្រជាកសិករដែលរាជរដ្ឋាភិបាលបានផ្ដល់ពូជស្រូវ នាពេលនេះសូមប្រើប្រាស់ឲ្យបានត្រឹមត្រូវ ស្របតាមលក្ខណៈបច្ចេកទេស ចៀសវាងការប្រើស្រូវពូជនេះខុសបច្ចេកទេស ដែលនាំឲ្យខាតទាំងពូជខាតទាំងថវិកា និងពេលវេលា ហើយត្រូវចេះទុកដាក់ស្រូវពូជនេះឲ្យបានល្អ ដើម្បីអាចយកមកព្រោះបាននៅឆ្នាំក្រោយៗទៀត។

ក្នុងឱកាសនោះ លោក អ៊ូច ភា បានលើកឡើងថា អាជ្ញាធខេត្តជាពិសេសរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចឹត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាកសិករ ហើយនៅពេលមានបញ្ហាទឹកជំនាន់ មន្រ្តីមូលដ្ឋាន និងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលបានចុះមកសួរសុខទុក្ខ និងពិនិត្យតាមដានជាប់ជាប្រចាំ ហើយបានរាយការណ៍ទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីសុំស្រូវពូជមកចែកជូនប្រជាកសិករឲ្យបានទាន់ពេលវេលា។

លោកអភិបាលខេត្តតាកែវ បន្ដទៀតថា គោលនយោបាយកសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រាប់ដល់ប្រជាកសិករថា មានចក្ខុវិស័យយ៉ាងច្បាស់ ក្នុងការជំរុញវិស័យកសិកម្មនៅកម្ពុជា ឲ្យមានការរីកចម្រើន ព្រោះកសិកម្មជាវិស័យស្នូល និងតាមរយៈការបណ្ដុះបណ្ដាលមន្រ្តីជំនាញផ្នែកកសិកម្ម ទៅដល់មូលដ្ឋានផ្ទាល់ដែលបងប្អូនរស់នៅ ដើម្បីកាន់តែផ្ដល់ភាពងាយស្រួលដល់ប្រជាកសិករ ក្នុងការរៀនពីជំនាញបច្ចេកទេសក្នុងការប្រកបរបរកសិកម្ម ដើម្បីឲ្យបានទិន្នផលខ្ពស់ដែលអាចបម្រើដល់ទីផ្សារក្នុងស្រុក និងអាចនាំចេញទៅក្រៅប្រទេសបានទៀតផង ដើម្បីរួមចំណែកធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងគ្រួសារកាន់តែធូរធាឡើងៗ និងកាត់បន្ថយបាននូវភាពក្រីក្រផងដែរ។

សូមបញ្ជាក់ថា សម្រាប់ការចែកជូនពូជស្រូវដល់ប្រជាកសិករទាំង៣ស្រុកនេះរួមមាន៖

*ទី១៖ ស្រុកអង្គរបូរី៖ ចំនួន៣ឃុំ ៧៤០គ្រួសារ ស្មើនឹងពូជស្រូវ ៧៤,០០០គីឡូក្រាម
*ទី២៖ ស្រុកព្រៃកប្បាស៖ ចំនួន៣ឃុំ ៥២៣គ្រួសារ ស្មើនឹងពូជស្រូវ ៥២,៣០០គីឡូក្រាម
*ទី៣៖ ស្រុកបូរីជលសារ៖ ចំនួន៤ឃុំ ៦១១គ្រួសារ ស្មើនឹងពូជស្រូវ ៦១,១០០គីឡូគ្រាម៕