(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រគល់រថយន្ដពន្លត់អគ្គិភ័យប្រភេទជណ្ដើរប្រវែង៣៥ម៉ែត្រ ជូនលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យក្នុងមូលដ្ឋាន។

រថយន្ដពន្លត់អគ្គិភ័យនេះ គឺលោក គួច ចំរើន ទទួលបានពីសមាគមជប៉ុន-កម្ពុជា ដែលមានលោក តាកាហាស្សិ ហ្វូមីអគិ អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ដែលបច្ចុប្បន្នជាប្រធានសមាគម។

រថយន្ដពន្លត់អគ្គិភ័យ ម៉ាក Hino ដែលត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នាឱកាសនេះ គឺមានសមត្ថភាពពន្លត់អគ្គិភ័យរហូតដល់កម្ពស់១៣ជាន់ និងជណ្ដើរសម្រាប់ផ្ដល់ភាពងាយស្រួលក្នុងពេលបំពេញប្រតិបត្តិការអន្ដរាគមន៍ពន្លត់អគ្គិភ័យ ដែលអាចកើតមានឡើងជាយថាហេតុ៕