(សៀមរាប)៖ បច្ចុប្បន្ននេះ រដ្ឋាភិបាលនៅតាមបណ្តាប្រទេសនានា ជាពិសេសនៅតាមបណ្តាប្រទេសតំបន់អាស៉ី បាននឹងកំពុងសម្លឹងរកអ្នកវិនិយោគលើការកែច្នៃសំណល់ប្លាស្ទិក ដែលបានប្រើប្រាស់រួចឡើងវិញ។ ដោយឡែកសម្រាប់នៅប្រទេសកម្ពុជា គឺមានសហគ្រាសធុនតូច និងធុនមធ្យមមួយចំនួនបានចូលរួមតួនាទីយ៉ាងសំខាន់ក្នុងការកែច្នៃសំណល់ប្លាស្ទិកជាដើម។
ដោយក្នុងនោះក៏មានក្រុមហ៊ុន និងសិប្បកម្មមួយចំនួនបានប្រមូលនូវសម្ភារដែលផលិតពីប្លាស្ទិក និងថ្មពិល មកកែច្នៃទៅជាផលិតផលប្រើប្រាស់មួយចំនួនផងដែរ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នាអំឡុងចុះពិនិត្យការតាំងពិពរណ៍របស់ក្រុមហ៊ុន អាជីវករ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលបានចូលរួមធ្វើការងារជាមួយក្រសួងបរិស្ថាន នាកិច្ចប្រជុំវេទិកាកម្រិតខ្ពស់ថ្នាក់តំបន់អាស៉ី និងប៉ាស៉ីហ្វិកលើកទី១១ ស្តីពី « 3R និងសេដ្ឋកិច្ចចក្រា» (សេដ្ឋកិច្ចវិលជុំ) កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្តសៀមរាប, លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា៖ «យើងឃើញថាតួនាទីរបស់សហគ្រាសធុនតូច និងមធ្យមមានតួនាទីសំខាន់នៅក្នុងការចូលរួមកែច្នៃសំណល់ចែចេញពីការប្រើប្រាស់បរបស់យើង អ៊ឹចឹងការជំរុញឱ្យមានការវិនិយោគពីសហគ្រាសធុនតូច និងមធ្យម»។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា នាក្នុងវេទិកា ស្តីពី «3R និងសេដ្ឋកិច្ចវិលជុំ» ក៏បានលើកមកជជែក ពិភាក្សាគ្នា តាមរយៈការចែករំលែកបទពិសោធន៍ពីបណ្តាប្រទេសផ្សេងៗ លើការគាំទ្រផ្សេងៗដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីឱ្យសហគ្រាសនេះអាចធ្វើការកែច្នៃនូវសំណល់ផ្សេងៗ ជាក់ស្តែងនៅទីលានសំរាមតែម្តង ដើម្បីអាចយកមកប្រើប្រាស់ឡើងវិញ។
ទន្ទឹមនឹងនេះ ក្នុងនាមក្រសួងបរិស្ថាន លោក ភក្ត្រា បានអំពាវនាវដល់អ្នកដែលមានដើមទុនវិនិយោគក្នុងស្រុកឱ្យចូលរួមបោះទុនវិនិយោគលើការកែច្នៃសំណល់ប្លាស្ទិក ដោយក្រសួង ក៏ដូចជារាជរដ្ឋាភិបាលនឹងលើកទឹកចិត្តជាមួយ និងការផ្តល់អនុគ្រោះមួយចំនួនដើម្បីបង្កភាពងាយស្រួលដល់អ្នកវិនិយោគការកែច្នៃសំណល់ប្លាស្ទិកឡើងវិញ ព្រោះកិច្ចការងារនេះមានសារសំខាន់ និងមានការលំបាក។
អ្នកនាំពាក្យរូបនេះ ក៏បានក្រើនរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមប្រើប្រាស់នូវផលិតផលដែលកើតចេញពីការកែច្នៃពីសំណល់ប្លាស្ទិកឡើងវិញ ពីព្រោះវាសុទ្ធតែជាសំណល់សំរាមដែលប្រជាពលរដ្ឋបានប្រើប្រាស់ ដើម្បីរួមការពារបរិស្ថាន និងកាត់បន្ថយកាកសំណល់ពីប្លាស្ទិល នៅក្នុងសង្គម។
ក្រុមហ៊ុន អេកូបាត អេនើជី ខេមបូឌា (Ecobatt Energy Cambodia) បានសហការជាមួយក្រសួងបរិស្ថាន ក្នុងការប្រមូលសំណល់ថ្មពិល តាមរយៈធុងសំរាមទុកដាក់ និងប្រមូលដែលបានដាក់ឱ្យប្រើប្រាស់នៅតាមបណ្តាទីតាំងនានា ដើម្បីយកមករក្សាទុកដាក់ឱ្យបានត្រឹមត្រូវ និងវេចខ្ចប់បញ្ចូនទៅកែច្នៃនៅបរទេស ខណៈដែលនៅកម្ពុជា មិនទាន់មានក្រុមហ៊ុន ឬរោងចក្រដែលអាចកែច្នៃបាននៅឡើយ។
បើតាមលោក ប៉ែន ចាន់ណា ប្រធានផ្នែកលក់របស់ក្រុមហ៊ុន អេកូបាត បានលើកឡើងថា ក្រុមហ៊ុនបានប្រមូលយកថ្មពិលចាស់ៗមករក្សាទុកសម្រាប់នាំចេញទៅបរទេស ព្រោះវាសុទ្ធសឹងតែអាចយកទៅកែច្នៃសម្រាប់ប្រើប្រាស់ឡើងវិញ។ ប្រសិនបើថ្មពិលទាំងនោះមិនត្រូវបានប្រមូលទុកដាក់ដើម្បីយកទៅកែច្នៃឡើងវិញនោះវានឹងផ្តល់ផលប៉ះពាល់មួយចំនួនដល់បរិស្ថាន។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសំណល់ថ្មពិលចាស់ៗគួរតែយកមករក្សានៅតាមធុងប្រមូលថ្មពិលដែលក្រុមហ៊ុន សហការជាមួយក្រសួងបរិស្ថាន បានដាក់ឱ្យប្រើប្រាស់ ខណៈធុងប្រមូលទុកដាក់ក៏មានច្រើនទីតាំង ដែលមានប្រមាណជាង១០០ធុង នៅតាមបុរី និងស្ថានីយប្រេងឥន្ទបៈមួយចំនួនជាដើម។
លោក ឡាយ ម៉េងហួត ជាមន្ត្រីកម្មវិធីជីវភាព របស់អង្គការអភិរក្ស ដើម្បីធនធានធម្មជាតិ បានឱ្យដឹងថា អង្គការរបស់បានចូលផ្នែកបច្ចេកទេសកែច្នៃសំណល់ប្លាស្ទិក ដោយក្នុងនោះបានជ្រើសទីតាំងជ្រើសរើសសង្កាត់ជ្រាវ ក្រុងសៀមរាប ដើម្បីជួយដល់ប្រជាសហគមន៍។ ដោយឡែកនៅក្នុងសហគមន៍នេះ ក៏មានសិប្បកម្មមួយដែលបានផលិតឥដ្ឋ អេកូ ដោយបានប្រមូលសំណល់ប្លាស្ទិកកិនលាយជាមួយនឹងវត្ថុធាតុដើមផ្សេងៗទៀត ដើម្បីឱ្យក្លាយជាឥដ្ឋ។ ដែលបច្ចុប្បន្ននេះ សិប្បកម្មឥដ្ឋអេកូ មានចំនួន១២សាខានៅទូទាំងប្រទេស។
លោក ឡាយ ម៉េងហួត បានឱ្យដឹងថា សម្រាប់ធាតុផ្សំដែលផលិតចេញជាដុំឥដ្ឋនេះ រួមមាន ដី ខ្សាច់ ស៉ីម៉ងត៍ ជាមួយសំណល់ប្លាស្ទិក ក្នុងបរិមាណ ៣០ភាគរយ ដែលចំណុចនេះបានចូលរួមចំណែកមួយកម្រិតក្នុងការកាត់បន្ថយប្លាស្ទិក ដែលបានប្រើប្រាស់រួច និងកែច្នៃឡើងវិញ។
មន្ត្រីអង្គការរូបនេះ បានបញ្ជាក់ថា ការផលិតឥដ្ឋអេកូនេះ គឺបានរួមចំណែកជាច្រើនក្នុងការជួយបរិស្ថាន ដោយសារតែឥដ្ឋនេះ អត់ត្រូវការដុតដោយប្រើប្រាស់ភ្លើងនោះទេ គ្រាន់តែហាលពន្លឺថ្ងៃ និងបាញ់ទឹកពីលើដើម្បីឱ្យវារឹងមាំ រយៈពេល៣សប្តាហ៍នឹងអាចយកទៅប្រើប្រាស់បាន។ លោកថា ឥដ្ឋអេកូនេះ បានផ្តល់ផលចំណេញជាច្រើន សម្រាប់បងប្អូន ដែលត្រូវការសាងសង់សំណងនានា ដែលក្នុង១ម៉ែត្រការ៉េ មានចំនួន៤០ដុំ និងមានទំហំក្រាស់ មានភាពរឹងមាំជាងឥដ្ឋធម្មតា។
លោក ម៉េងឡាយ បានបញ្ជាក់ថា សម្រាប់ឥដ្ឋអេកូនេះ មានពីរប្រភេទ គឺឥដ្ឋក្បាច់ និងឥដ្ឋលាត ហើយក្នុងមួយថ្ងៃ សិប្បកម្មអាចផលិតឥដ្ឋបានជាង ១០០០ ទី១២០០ដុំ ដោយក្នុងនោះគឺលក់ចេញជាម៉ែត្រការ៉េ ដោយឥដ្ឋក្បាច់លក់ចេញ ១ម៉ែត្រការ៉េ ៩.៥០ដុល្លារ ឥដ្ឋលាត តម្លៃ៨.៥០ដុល្លារ៕