(ភ្នំពេញ)៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានចូលរួមក្នុងពិធីផ្សព្វផ្សាយសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា។
បន្ទាប់ពីបានតាមដានស្ដាប់ ដោយយកចិត្តទុកលើសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ដែលអានជូនដោយលោក ថា យ៉ាវ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈ
កម្មាធិការគណបក្សធនាគារជាតិនៃកម្ពុជា នោះមកសមាជិក សមាជិកាទាំងអស់បានគាំទ្រយ៉ាងពេញទំហឹង និងបានប្ដេជ្ញាថែរក្សាការពារសន្តិភាព និងសមិទ្ធដែលប្រជាជនកម្ពុជា បានខិតខំកសាងឲ្យគង់វង្សជាខាច់ខាត។
ក្នុងឱកាសនោះលោក ជា ចាន់តូ បានថ្លែងថា «យើងពិតជាមានមោទនភាពណាស់ ព្រោះក្នុងសម្រេចចិត្ត នៃមហាសន្និបាតបានបញ្ជាក់ច្បាស់ថា កាលនៅមុនផ្ទុះឡើងជំងឺកូវីដ-១៩ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច៧,៥% នៅឆ្នាំ២០១៨ និង៧,១% នៅឆ្នាំ ២០១៩ ហើយនៅឆ្នាំ២០២០ ការរីករាលដាលនៃជំងឺកូវីដ-១៩ បានរុញច្រានសេដ្ឋកិច្ចកម្ពុជា ឱ្យធ្លាក់ក្នុងកំណើនអវិជ្ជមាន-៣,១% ចំពោះមុខដើម្បីឆ្លើយតបឲ្យទាន់ពេល ក្នុងស្មារតីបុរេសកម្មរាជ
រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយធំៗមួយចំនួន សំដៅគាំទ្រសេដ្ឋកិច្ចឲ្យចាកចេញ ពីកំណើនអវិជ្ជមានក្នុងរយៈពេលដ៏ខ្លី ដោយធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាបាន ងើបឡើងវិញយ៉ាងឆាប់ជាមួយនឹងកំណើន៣% នៅឆ្នាំ២០២១, នៅឆ្នាំ២០២២ ត្រូវបានប៉ាន់ប្រមាណថា មានកំណើន ៥,២%ហើយនៅឆ្នាំ២០២៣ រំពឹងថានឹងមានកំណើន ៥,៦%»។
លោក ជា ចាន់តូ បានអំពាវនាវឲ្យសមាជិក សមាជិកាបក្សធនាគារជាតិ នៃកម្ពុជាចូលរួមឲ្យបានសកម្ម ពិសេសត្រូវថែរក្សា ការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមឲ្យបានល្អ ដើម្បីធានាសេរីភាព ភាពសុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍប្រទេសជាតិ៕