(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ លោកបណ្ឌិតសភាចារ្យ រាជបណ្ឌិតសភាកម្ពុជា រស់ ចន្ត្រាបុត្រ និងលោករដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ផៃ ស៊ីផាន បានចុះពិនិត្យ និងស្វែងយល់ដល់ទីកន្លែង ក៏បានវាយតម្លៃខ្ពស់ ចំពោះវណ្ណកម្មភាពយន្ត «រឿងហ្លួងព្រះស្តេច កន» ដែលរហូតមកដល់ពេលនេះ ក្រុមការងារផលិតបានជាង៨០ភាគរយហើយ។
លោកទាំងពីរ ក៏បានសម្តែងនូវការកោតសរសើរ មិនត្រឹមតែការដឹកនាំផលិតរបស់លោក ម៉ៅ អាយុទ្ធ ដែលមានវិជ្ជាវីវៈផ្នែកភាពយន្តនោះទេ គឺបានវាយតម្លៃខ្ពស់ដល់ភាពប៉ិនប្រសប់ ប្រកបដោយទេពកោសល្យខ្ពស់ របស់តារាសម្តែង និងក្រុមបច្ចេកទេសប្រកបដោយវិជ្ជាជីវៈ រួមទាំងការផ្តិតយករូបភាព របស់អ្នកថតភាពយន្ត។ នេះជាមោទនភាពរបស់ខ្មែរ ដែលជាស្នាដៃខ្នាតអន្តរជាតិ មានលទ្ធភាពប្រកួត ប្រជែងនៅក្នុងតំបន់ និងពិភពលោក ចំពោះវិស័យភាពយន្តខ្នាតធំ។
ការរស់រានមានជីវិតជាថ្មី នៃវិស័យភាពយន្តខ្នាតធំនេះ បានបង្ហាញច្បាស់ណាស់ នូវភាពក្សេមក្សាន្ត និងរុងរឿង ស៊ីវិល័យរបស់កម្ពុជា នាសម័យតេជោ។ មិនអាចប្រកែកបាន គឺភាពស៊ីវីល័យនៃសង្គម បច្ចុប្បន្នតេជោ សែន នេះ យើងអាចរាប់បានច្បាស់ណាស់ថា ក្រៅពីវិស័យសេដ្ឋកិច្ច ដែលសមត្ថភាពកម្ពុជា រក្សាបាននូវផលិតផលក្នុងស្រុក៧ ភាគរយជាង បានទាក់ទាញអ្នកវិនិយោគនោះ គឺវិស័យកំសាន្ត កម្មវិធី The Voice ក្នុងចំណោមដទៃទៀត រួមជាមួយវិស័យកីឡា ដែលពេញនិយមនៅ គឺកម្ពុជាទទួលបានជោគជ័យនៅក្នុងតំបន់ ក៏ដូចជាអន្តរជាតិ។ នេះហើយ គឺជាសមិទ្ធផលកើតចេញពីសន្តិភាព និងសន្តិសុខសង្គម ដែលពុំអាច កាត់ថ្លៃបានពីការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ប្រកបដោយផ្លែផ្កា។
សូមជម្រាបថា រឿង ហ្លួងព្រះស្តេច កននេះ គឺត្រូវបានចងក្រងជាឯកសារប្រវត្តិសាស្ត្រ និងបោះពុម្ពផ្សាយដោយលោកបណ្ឌិត សភាចារ្យ រស់ ចន្ត្រាបុត្រ រីឯទស្សនិយភាព ជាលក្ខណៈភាពយន្តខ្នាតធំ គឹបានផលិត និងចងក្រង ជាទិដ្ឋភាពអក្សរសិល្ប៍ ដោយលោក ម៉ៅ អាយុទ្ធ ដែលគេទទួលស្គាល់ថាជាបញ្ញាវ័ន្តខ្មែរ ទទួលបានមុខវិជ្ជាផ្នែកសោតទស្សន៍ជំនាន់ទសវត្សឆ្នាំ១៩៦០-១៩៧០ ពីអឺរ៉ុប។
វណ្ណកម្មនេះគឺជាកិច្ចរួម ចងក្រងទាំងអក្សរសាស្ត្រ និងអក្សរសិល្ប៍ និងទស្សនិយភាព ដោយបញ្ញាវ័ន្តជាន់ខ្ពស់ខ្មែរទាំងពីររូប មិនត្រឹមតែបង្ហាញនូវសាច់រឿងកំសាន្តប៉ុណ្ណោះទេ ប៉ុន្តែ ក៏បានបង្ហាញនូវបទពិសោធន៍ អំពីការគ្រប់គ្រងរដ្ឋរបស់ខ្មែរសម័យដើម ក៏ដូចជាមានចំណុចភូមិសាស្ត្រ ជាសំណៅដើម នៃព្រឹត្តការណ៍នៅកន្លែងស្រាប់។ វណ្ណកម្មនេះ ជាស្នាដៃបញ្ញាវ័ន្តខ្មែរ និងតារាខ្មែរសុទ្ធសាធ ជាមួយប្រភពធនធាន ខ្មែរសុទ្ធសាធ៕