(កំពង់ស្ពឺ)៖ លោក ណុប រ័ត្ននិមល ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា យុវជនសម័យតេជោ មានភ័ព្វសំណាងណាស់បានរស់នៅយ៉ាងសុខសាន្តក្រោមម្លប់សន្តិភាពរបស់សម្ដេចតេជោ មានឱកាសគ្រប់គ្រាន់បានរៀនសូត្រ និងអភិវឌ្ឍសមត្ថភាពខ្លួនឯង ដើម្បីផលប្រយោជន៍គ្រួសារ និងសង្គមជាតិ វាផ្ទុយស្រឡៈពីយុវជនសម័យមុនៗ មិនមានឱកាសបានចូលរៀនដោយសារប្រទេសជាតិមានសង្រ្គាមផ្ទៃក្នុងរវាងខ្មែរ និងខ្មែរ គ្មានសាលារៀន គ្មានហេដ្ឋារចនាសម្ពន្ធ័សង្គម។
ការលើកឡើងបែបនេះ របស់លោក ណុប រ័ត្ននិយម បានធ្វើឡើងនៅក្នុងឱកាសលោកបានអញ្ជើញជាតំណាងនាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន និងថ្នាក់ដឹកនាំស្រុកឃុំចំនួន ១,០៤៥នាក់ នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
នាឱកាសនោះដែរលោក ណុប រ័ត្ននិមល បានរំលឹកកាលពីអតីតកាលសម័យសង្រ្គាមនៅកម្ពុជា បានបង្កវិនាសកម្មដល់សង្គមជាតិយ៉ាងធ្ងន់ធ្ងរជាច្រើនទស្សវត្សរ៍ជាពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត បានកាប់សម្លាប់អ្នកចេះដឹងប្រជាពលរដ្ឋស្លូតត្រង់ និងបំផ្លិចបំផ្លាញសង្គមជាតិដល់ឬសគល់។ ដោយសារវីរភាពដ៏ថ្លៃថ្លារបស់សម្ដេចតេជោ សែន រួមនឹងអ្នកស្នេហាជាតិជាច្រើនរូបបានតស៊ូប្រឹងប្រែងឆ្លងកាត់គ្រប់ឧបសគ្គរាប់រយជំពូក និងបានចំណាយសាច់ស្រស់ឈាមស្រស់បានលៈបង់គ្រប់បែបយ៉ាងទាំងជីវិតគ្រួសារដើម្បីរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានស្វែងរកសុខសន្តិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិពិតប្រាកដទូទាំងប្រទេសព្រមទាំងបានជំរុញការអភិវឌ្ឍប្រទេសតាំងពីចំណុចសូន្យរហូតមានការអភិវឌ្ឍលើគ្រប់វិស័យរហូតដល់សព្វថ្ងៃនេះ។
លោក ណុប រ័ត្ននិយម បានបន្តថា ជារៀងរហូតមក សម្ដេចទាំងទ្វេបានគិតគូរពីសុខទុក្ខជីវភាពរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈមិនថាក្នុងស្ថានភាពធម្មតា និងមានគ្រោះធម្មជាតិផ្សេងៗកើតឡើង។ ជាក់ស្ដែងនៅក្នុងអំឡុងពេលការរាលដាលខ្លាំងជំងឺកូវីដ១៩ ជាសកលសម្ដេចបានស្វែងរកជំនួយវ៉ាក់សាំងពីបណ្ដាលប្រទេសជាមិត្ត និងបានបញ្ជាទិញវ៉ាក់សាំងយ៉ាងច្រើនលើសលប់ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងបានដាក់ចេញនូវគោលនយោបាយជួយឧបត្ថម្ភថវិការជូនដល់កម្មកររោងចក្រ និងប្រជាពលរដ្ឋក្រីក្រ។
ក្នុងឱកាសនោះ លោកបានក្រើនរំលឹកដល់យុវជនបន្តខិតខំរៀនសូត្រយកចំណេះវិជ្ជាចូលរួមអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាល ជៀសឱ្យឆ្ងាយពីគ្រឿងញៀនយកពេលទំនេរលេងកីឡាដើម្បីសុខភាព និងបានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយុវជន និងថ្នាក់ដឹកនាំស្រុកឃុំយុវជនស្រុកគងពិសីទាំងអស់ សូមចូលរួមថែរក្សាការពារសន្តិភាព អរគុណសន្តិភាព និងស្ថាបនិកសន្តិភាពពីព្រោះសន្តិភាពនៅកម្ពុជាមានតម្លៃមិនអាចកាត់ថ្លៃបានទេសន្តិភាពប្រៀបដូចបំពង់អុកស៊ីសែន សម្រាប់ដកដង្ហើម ប្រជាពលរដ្ឋកម្ពុជាក៍ដូចប្រជាជននៅលើពិភពលោកត្រូវការសន្តិភាពជាចាំបាច់ ដើម្បីឈានទៅរកការអភិវឌ្ឍប្រទេសជាតិបើសិនប្រទេសមានសង្រ្គាមមិនអាចមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិបាននោះទេ។
លោក ណុប រ័ត្ននិមល បានបញ្ជាក់ថាទោះក្នុងតម្លៃណាក៏ដោយមិនអនុញ្ញាតឱ្យជនអគតិមួយចំនួនតូចណាមួយមកបំផ្លាញសន្តិភាពនៅកម្ពុជា បានឡើយហើយយុវជនស្រុកគងពិសី ត្រូវប្ដេជ្ញាការពារសន្តិភាពនៅកម្ពុជា ឱ្យបន្តភាពរឹងមាំស្ថិតស្ថេរគង់វង្សជាអមតៈ។
ក្នុងឱកាសនោះដែរលោកបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនសាលាស្រុកគង់ពិសី ថវិកា២លានរៀល លោកគ្រូ អ្នកគ្រូ ចំនួន២០០នាក់ ក្នុងម្នាក់ៗឃីតមួយកញ្ចប់ ថវិកា៤មុឺនរៀល យុវជន៥០០នាក់ ក្នុងមួយម្នាក់ៗឃីតមួយកញ្ចប់ ថវិកា២មុឺនរៀល សិស្សានុសិស្ស ចំនួន៣០០នាក់ ក្នុងមួយម្នាក់ៗឃីតមួយកញ្ចប់ ថវិកា២មុឺងរៀលផងដែល៕