(ភ្នំពេញ)៖ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា អញ្ជើញដឹកនាំគណប្រតិភូមកបំពេញទស្សនកិច្ចនៅ ទីស្នាក់ការថ្មីនៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្នុងដំណើទស្សនកិច្ចនេះ គណប្រតិភូ ទាំងអស់ទទួលបានការស្វាគមន៍យ៉ាងរាក់ទាក់ពីលោក ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទី លោក ឃ្នុត រ៉ូហ្សិនហក អនុប្រធាន រដ្ឋបាល និងមន្ដ្រីជាន់ខ្ពស់របស់ អ.វ.ត.ក។
លោក ក្រាញ់ តូនី និងលោក ឃ្នុត រ៉ូហ្សិនហក បានជម្រាបគណៈប្រតិភូអំពីសមិទ្ធផលដែលសម្រេចបានដោយជោគជ័យ របស់ អ.វ.ត.ក ក្នុងការជំនុំជម្រះក្ដី លើអតីតមេដឹកនាំខ្មែរក្រហមអស់ រយៈពេល ១៦ឆ្នាំមកនេះ ដោយបានរួមចំណែកដល់ការរក្សាបាននូវសន្ដិភាព ការផ្សះផ្សារផ្លូវចិត្តរបស់ជនរងគ្រោះ ការមិនមានការសងសឹក និងចងគំនុំគ្នាក្នុងសង្គមជាតិ និងការបំបាត់បាននូវ វប្បធម៌និទណ្ឌភាពនៅកម្ពុជា។
លោកទាំងពីរក៏បានជម្រាបជូនគណៈប្រតិភូអំពីសកម្មភាពការងារសេសសល់របស់ អ.វ.ត.ក ដែលត្រូវអនុវត្តក្នុងអំឡុងពេលបីឆ្នាំទៅមុខចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ ដែលរួមមាន៖ ការងារគតិយុត្តមួយចំនួនជាពិសេសពាក់ព័ន្ធនឹងការឃ្លាំមើលការ អនុវត្តទោស ការធ្វើចំណាត់ថ្នាក់ឯកសារសំណុំរឿង ឡើងវិញពីសម្ងាត់ទៅជាសាធារណៈ ការគ្រប់គ្រង និងការផ្សព្វផ្សាយឱ្យបានទូលំទូលាយបណ្ណសារនៃសំណុំរឿងអស់ដែលមានជាង៣លានទំព័រ ការផ្សព្វផ្សាយនិងអប់រំ ក្នុងស្មារតី លើកកម្ពស់ការយល់ដឹងនៃដំណើរការកាត់សេចក្តី សមិទ្ធផល និងកេរតំណែលរបស់ អ.វ.ត.ក ដល់យុវជនជំនាន់ក្រោយ។
លោក ឃ្នុក រ៉ូហ្សិនហក ក៏បានធ្វើបទបង្ហាញ អំពីផែនការសកម្មភាពការងារលម្អិតរបស់ អ.វ.ត.ក ដែលត្រូវបំពេញក្នុងអំឡុងពេលបីឆ្នាំខាងមុខផងដែរ។
លោក សួស យ៉ារ៉ា បានកោតសរសើរលើសមទ្ធិផលរបស់ អ.វ.ត.ក និងបានបញ្ជាក់ថាសមទ្ធិផលនេះ មានសារៈសំខាន់ណាស់ សម្រាប់ការអប់រំ និងសន្ដិភាពរបស់ប្រជាជាតិទាំងមូល។
លោកគាំទ្រទាំងស្រុងនូវសកម្មភាពរបស់ អ.វ.ត.ក ដែលត្រូវបំពេញក្នុងអំឡុងពេល៣ឆ្នាំខាងមុខនេះ ហើយលោកសង្ឃឹមថានឹងមានកិច្ចសហប្រតិបត្តិការរវាង អ.វ.ត.ក និងគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ជាពិសេសគណៈប្រតិភូទាំងពីរ ក៏បានពិភាក្សាគ្នាលើគម្រោងសហប្រតិបត្តិការរួមគ្នាក្នុងការលើកកម្ពស់ការងារអប់រំផ្នែកគតិយុត្តិ ការចែករំលែកយុត្តិសាស្រ្តល្អៗរបស់ អ.វ.ត.ក នៅថ្នាក់តំបន់និងអន្តរជាតិ តាមរយៈការបង្កើតឱ្យមានបណ្ណាល័យច្បាប់ឌីជីថល និងការងារផ្សព្វផ្សាយដល់សាធារណជនឱ្យបានទូលំទូលាយផងដែរ៕