(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចេញលិខិតផ្លូវការមួយ ប្រាប់ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទទាំងអស់ ហាមឃាត់ដាក់ខាត ទទួលយកអត្តសញ្ញាណបណ្ណ, សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ សម្រាប់ការធានាលើការផ្តល់ឥណទាន។ នេះបើតាមលិខិតធនាគារជាតិនៃកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១១ ខែកុម្ភៈនេះ។

លិខិតរបស់ធនាគរជាតិនៃកម្ពុជា បានបញ្ជាក់ដូច្នេះថា «ធនាគារជាតិនៃកម្ពុជា សូមជម្រាប លោក លោកស្រី អគ្គនាយក អគ្គនាយិកា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទទាំងអស់ជ្រាបថា អត្តសញ្ញាណបណ្ណ ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ជាប្រភេទលិខិតយថាភូតដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច សម្រាប់បញ្ជាក់អត្តសញ្ញាណបុគ្គល និងសម្រង់ស្ថិតិប្រជាពលរដ្ឋតែប៉ុណ្ណោះ។ លិខិតយថាភូត មិនមែនជាទ្រព្យសម្រាប់ការដាក់បញ្ចាំ ឬជាទ្រព្យធានាក្នុងប្រតិបត្តិការ ផ្តល់ឥណទានឡើយ ពីព្រោះថាលិខិតទាំងនោះមិនមានតម្លៃសេដ្ឋកិច្ច សម្រាប់សកម្មភាពពាណិជ្ជកម្ម»

ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា បានក្រើនរំលឹកដល់គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់ ចំពោះការទទួលយកនូវ អត្តសញ្ញាណបណ្ណ ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ជាវត្ថុធានាលើការផ្តល់ឥណទាន។ ក្នុងករណី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទណាមិនអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន គ្រឹះស្ថាននឹងត្រូវរងទណ្ឌកម្មខាងវិន័យស្របតាមមាត្រា៥២ នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

ជាមួយគ្នានេះ ធនាគរជាតិនៃកម្ពុជាសង្ឃឹមថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទទាំងអស់ សហការអនុវត្តការងារនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់៕