(ភ្នំពេញ)៖ ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានចំណុះកងទ័ពជើងគោក នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជឿជាក់ថា សិក្ខាកាមដែលបានមកទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះ ពិតជាបានជួយសម្រួលការងារជូនដល់អង្គភាពមួយផ្នែក និងប្រយោជន៍ជុំវិញសហគមន៍របស់ខ្លួនបានមួយកម្រិត។
តាងនាមឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានអបអរសាទរ និងកោតសរសើរដល់សិក្ខាកាមទាំងអស់ដែលបានខិតខំរៀនសូត្រ ទទួលបាននូវជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរៀបចំឡើងដោយ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។ ទន្ទឹមនេះ លោក ហេង សួរ បានថ្លែងអំណរគុណចំពោះ លោក ប៊ុន ភារិន នាយកវិទ្យាស្ថាន ក៏ដូចជាគ្រូឧទ្ទេស ព្រមទាំងសហការី ដែលបានផ្តល់កិច្ចសហការ ក្នុងការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះឡើង។
លោក ហេង សួរ លើកឡើងថា ដោយមើលឃើញនូវសក្តានុពលនៃកិច្ចសហប្រតិបត្តិក្នុងក្របខណ្ឌរវាងកងទ័ព និងស្ថាប័នស៊ីវិល វិស័យឯកជន ក្រោមរូបភាព សម្ព័ន្ធមេត្រីភាព ដល់បណ្តាអង្គភាពកងទ័ព ប្រកបដោយជោគជ័យក៏ដោយ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្តួចផ្តើមគំនិតថា នៅមានការងារជាច្រើនទៀតដែលយើងអាចរួមគ្នាជួយដល់ យោធិនរបស់យើង ក្រៅពីការផ្តល់ជាថវិកា សម្ភារ ឬមធ្យោបាយនានា។ ដោយឡែក ការផ្តល់ជំនាញបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈនេះទៀតសោត ជាចំណេះជំនាញដ៏វិសេសវិសាលមួយ ដែលអាចឱ្យពួកគាត់ទទួលបានផលយូរអង្វែងនិងមាននិរន្តភាព សម្រាប់ជួយដល់អង្គភាពខ្លួនគាត់ផង និងក៏អាចយកទៅបំរើប្រជាពលរដ្ឋនៅជុំវិញអង្គភាពរបស់គាត់បានមួយចំណែកផងដែរ។
លោក ហេង សួរ បានបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិតជារីករាយក្នុងការចូលរួមសហការជាមួយបណ្តាអង្គភាពកងទ័ព ដើម្បីចូលរួមអនុវត្តជាដំណាក់ៗ ឱ្យបានជោគជ័យទៅតាមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។ ក្រៅពីវគ្គបណ្តុះបណ្តាល ដែលបានបិទវគ្គបញ្ចប់ថ្ងៃនេះ ក៏មានការបណ្តុះបណ្តាលលើមុខជំនាញផ្សេងៗទៀតជូនដល់កងទ័ព តាមវិទ្យាស្ថានក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទូទាំងប្រទេស ដែលបច្ចុប្បន្ន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មាន ៣៧ គ្រឹះស្ថានសិក្សា៕