(អ៉ីស្តង់ប៊ុល)៖ រដ្ឋាភិបាលនៃប្រទេសតួកគី បានប្រកាសជាផ្លូវការថា ចំនួនអ្នកស្លាប់នៅក្នុងករណីវាយប្រហារនៅអាកាសយានដ្ឋាន Ataturk Airport បានកើនឡើងដល់ ៤១នាក់ និងរបួសចំនួន ២៣៩នាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC ចេញផ្សាយ Update នៅមុននេះបន្តិច។
នៅក្នុងសេចក្ដីប្រកាសក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ក្នុងចំណោមអ្នកស្លាប់នោះ មានជនបរទេស ១០នាក់ ក្នុងនោះមាន ៣នាក់ មានសញ្ជាតិពីរ ខណៈដែលមនុស្ស ១៣០នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ក្រោយពីមានការវាយប្រហារ នាយករដ្ឋមន្ត្រីតួកគីលោក Binali Yildirim បានប្រកាសថា ក្រុមភេរវករ ISIS ជាមុខ ព្រួញធំជាងគេដែលយើងត្រូវចោទ ចំពោះការវាយប្រហារព្រលានយន្តហោះ ទីក្រុងអ៊ីស្តង់ប៊ុល ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ឡើយ។
គួរបញ្ជាក់ថា ព្រលានយន្តហោះ Ataturk ជាព្រលានធំជាងគេលំដាប់ទី៣ នៅអឺរ៉ុប ក្នុងទីក្រុងអ៊ីស្តង់ប៊ុល។ តាមពិតក្រុមសន្តិសុខព្រលាន បានព្យាយាមបញ្ឈប់ក្រុមអ្នកការវាយប្រហារ ដោយការតាមចាប់ទៅដល់ចំណុចត្រួតពិនិត្យ ប៉ុន្តែអ្នកវាយប្រហារទាំងពីរនាក់ បានទម្លាក់គ្រាប់បែក នៅតំបន់ខាងលើនេះ បណ្តាលឲ្យមនុស្សស្លាប់ និងរបួសរាប់រយនាក់បែបនេះ៕