(ក្រចេះ)៖ រថយន្ដសង្គ្រោះបន្ទាន់ ចំនួន២គ្រឿង ទី៥៦-៥៧ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុកព្រែកប្រសព្វ ខេត្ដក្រចេះ និងស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង រួចរាល់ហើយ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ តាមរយៈអ្នកឧកញ៉ាបណ្ឌិត ជា រតនា និងភរិយា អ្នកឧកញ៉ា លីហៀក រតនា និងឧកញ៉ា សុខ វណ្ណា និងលោកស្រី ចាន់ សុទ្ធី។

ពិធិប្រគល់ និងទទួល នូវរថយន្ដគិលានសង្គ្រោះទី៥៦ បានធ្វើឡើងក្រោមអធិបតីភាព លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ, អ្នកឧកញ៉ាបណ្ឌិត ជា រតនា, ឧកញ៉ា សុខ វណ្ណា និងឧត្តមសេនីយ៍ឯក បណ្ឌិត ឈួន ថាវរិន្ទ និងមានការចូលរួមពីអភិបាលស្រុកព្រែកប្រសព្វ លោក សូម សារិត ព្រមទាំងក្រុមគ្រូពេទ្យ។

បន្ទាប់ពីអភិបាលស្រុកព្រែកប្រសព្វ លោក សូម សារិត បានថ្លែងមតិស្វាគមន៍ដល់គណៈអធិបតី និងបានថ្លែងអំណរគុណក្នុងនាមតំណាងឱ្យមន្ទីរពេទ្យបង្អែកស្រុកព្រែកប្រសព្វរួចមក។ អ្នកឧកញ៉ាបណ្ឌិត ជា រតនា បានលើកឡើងថា «ក្នុងនាមខ្ញុំ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចទាំងទ្វេរ ដែលបានអនុញ្ញាតឲ្យខ្ញុំ និងភរិយា និងឧកញ៉ា សុខ វណ្ណា និងភរិយា បាននាំយកអំណោយដ៏ថ្លៃថ្លា នូវរថយន្តគិលានសង្គ្រោះទី៥៦ ប្រគល់ជូនមន្ទីរពេទបង្អែក ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ»

ក្នុងឱកាសនោះ លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត ក៏បានលើកឡើងផងដែរថា ក្នុងនាមមន្ដ្រីរាជការទូទាំងខេត្ត ជាពិសេសសម្រាប់ស្រុកព្រែកប្រសព្វទាំងមូល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដល់អំណោយដ៏ថ្លៃថ្លានូវរថយន្ដគិលានសង្គ្រោះ ១គ្រឿង ដល់មន្ទីរពេទ្យបង្អែកស្រុកព្រែកប្រសព្វ តាមរយៈអ្នកឧកញ៉ាបណ្ឌិត ជា រតនា និងភរិយា អ្នកឧកញ៉ា លីហៀក រតនា និងឧកញ៉ា សុខ វណ្ណា និងលោកស្រី ចាន់ សុទ្ធី។

លោកបន្ដថា «អំណោយដ៏ថ្លៃថ្លានេះ គឺបង្ហាញពីកាយវិការមនុស្សធម៌ ដែលសម្ដេចទាំងទ្វេរ តែងតែយកចិត្ដទុកដាក់គិតគូរពីសុខទុក្ខ និងការខ្វះខាតរបស់ប្រជាពលរដ្ឋគ្រប់កន្លែង។ ពិសេសរថយន្ដគិលានសង្គ្រោះនេះ នឹងជួយដល់ការដឹកជញ្ជូនសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះ ដែលជួបនូវឧបទ្ទេវហេតុនានា ក៏ដូចជាគ្រោះអាសន្នផ្សេងៗឱ្យទាន់ពេលវេលា ដោយមិនប្រកាន់និន្នាការនយោបាយអ្វីទាំងអស់ ដែលជាផ្នែកមួយជួយលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋយើង»

លោកអភិបាលខេត្តក៏បានលើកឡើងពីចំណងដៃថ្មី ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ដ្រខេត្តក្រចេះ ក្រោមម្លប់សន្តិភាព គឺស្ពានមេគង្គខេត្តក្រចេះ ដែលបានបើកការដ្ឋានសាងសង់នាពេលថ្មីៗកន្លងមកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាអគ្គមគ្គុសក៍ទេសឯកស្ថាបនិកសន្តិភាពនៃកម្ពុជា។

ទន្ទឹមនឹងនោះលោកអភិបាលខេត្តបានថ្លែងអំណរគុណចំពោះទឹកចិត្ដ ប្រកបដោយសប្បុរសធម៌ របស់អ្នកឧកញ៉ាបណ្ឌិត ជា រតនា ដែលកន្លងមកតែងតែចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងសកម្មភាពជាច្រើន ដើម្បីរួមចំណែកអភិវឌ្ឍន៍ជាតិ បម្រើនូវឧត្ដមប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ ពិសេសការងារមនុស្សមនុស្សធម៌ តាមរយៈការផ្ដល់រថយន្ដគិលានសង្គ្រោះ ក៏ដូចជាមូលនិធិអ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លី ហៀក រតនា សម្រាប់ជួយដល់ជនពិការកំបុតដៃទាំងពីរ។ ទឹកចិត្ដដ៏សប្បុរសធម៌នេះ បានសរបញ្ជាក់ឱ្យឃើញពីវប្បធម៌នៃការចែករំលែក និងជួយសម្រួលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ស្របទៅតាមមាគ៌ា ដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។

សូមជម្រាបថា បន្ទាប់ពីបញ្ចប់ពិធីប្រគល់ និងទទួលរថយន្ដគិលានសង្គ្រោះរួចមក អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងឧកញ៉ា សុខ វណ្ណា បានអញ្ជើញបូជាទៀនធូប ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យទានប្រគេន វត្តបុទមរាជាដីដុះ ស្ថិតនៅក្នុងស្រុកព្រែកប្រសព្វ នូវបច្ច័យចំនួន ១,០០០ដុល្លារ ក្នុងនោះអ្នកឧកញ៉ាបណ្ឌិត ជា រតនា ប្រគេន ៥០០ដុល្លារ, ឧកញ៉ា សុខ វណ្ណា ប្រគេន ៥០០ដុល្លារ សម្រាប់កសាងវត្ត និង ប្រគេនចតុបច្ច័យដល់ព្រះសង្ឃ៥អង្គ ក្នុង១អង្គ ១០០ដុល្លារ និងក្រុមលោកអាចារ្យ ចំនួន ២០០ដុល្លារ។

នៅរសៀលថ្ងៃដដែលនោះដែរ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងឧកញ៉ា សុខ វណ្ណា បានបន្ដដំណើរនាំយករថយន្ដគិលានសង្គ្រោះទី៥៧ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែងផងដែរ។

ក្នុងឱកាសនោះ ស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដល់អំណោយដ៏ថ្លៃថ្លា តាមរយៈអ្នកឧកញ៉ាបណ្ឌិត ជា រតនា ដែលជាគុណប្រយោជន៍សម្រាប់បម្រើប្រជាពលរដ្ឋកាន់តែទាន់ពេលវេលា។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ជំនួសមុខឲ្យប្រជាពលរដ្ឋនៃខេត្តស្ទឹងត្រែង ក៏បានថ្លែងអំណរគុណចំពោះទឹកចិត្ដដ៏សប្បុរសរបស់អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងឧកញ៉ា សុខ វណ្ណា ដែលបាននាំយករថយន្ដគិលានសង្គ្រោះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាការរួមចំណែកដ៏សំខាន់ ក្នុងការជួយសង្គ្រោះជីវិតមនុស្ស ក្នុងគ្រាមានអាសន្ន៕