(កំពង់ចាម)៖ តាមរយៈកិច្ចប្រជុំប្រចាំឆ្នាំលើកទី៧ របស់គណៈកម្មការសម្របសម្រួល កម្មវិធីសហគមន៍ព្រៃឈើថ្នាក់ជាតិ ដែលរៀបចំចាប់ពីថ្ងៃទី ៩ដល់ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្តកំពង់ចាម ដោយមានការចូលរួមពីសិក្ខាកាមសរុបចំនួន១៥៣រូប លោកបណ្ឌិត កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើ ជំរុញឱ្យមានការបង្កើតជីវភាព របស់សហគមន៍ព្រៃឈើនៅកម្ពុជា។

លោកបណ្ឌិតបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានយកចិត្តទុកដាក់ខ្ពស់ លើសហគមន៍ព្រៃឈើជាអាទិភាព ហើយមកដល់បច្ចុប្បន្ននេះ មានសហគមន៍ព្រៃឈើចំនួន៦៤៥ មានផ្ទៃដីជាង៥០ម៉ឺនហិកតា មានសមាជិកសហគមន៍ជាង ៥០ម៉ឺននាក់។

កិច្ចប្រជុំថ្នាក់ជាតិនេះ ក៏បានចែករំលែកព័ត៌មានពីគម្រោងវិនិយោគនានា ដែលជោគជ័យ ដូចជាក្រុមឥណទាន ក្រុមឃ្មុំ កសិរុក្ខកម្ម ឬការប្រមូលអនុផលព្រៃឈើជាដើម រួមទាំងពិភាក្សារៀបចំផែនការរកចំណូលបន្ថែមទៀតផងដែរ។

ក្នុងឱកាសនោះដែរ លោកក៏បានផ្តល់នូវអនុសាសន៍មួយចំនួនរួមមាន៖ ១-ពង្រឹងការគ្រប់គ្រងសហគមន៍ព្រៃឈើ តាមរយៈកិច្ចសហការជាមួយ គ្រប់ភាគីពាក់ព័ន្ធ អង្គភាពរដ្ឋ អង្គការដៃគូសម្រាប់គាំទ្រដល់សហគមន៍ ក៏ដូចជាការគាំទ្រដល់ដំណើរការ នៃការដោះស្រាយបញ្ហានានា ក្នុងសហគមន៍ឲ្យបានទាន់ពេល។ ២-សម្រួលដល់ការផ្តល់លទ្ធភាព ដល់សហគមន៍ក្នុងការដកហូតផល អនុផលព្រៃឈើដោយនិរន្តភាព និងបង្កើនជំរើសវិនិយោគពិសេសពីឯកជន។ ៣-ជំរុញ និងពន្លឿនការរៀបចំផែនការគ្រប់គ្រងព្រៃសហគមន៍ ដើម្បីទាក់ទាញការគាំទ្រថវិកាពីប្រភពនានា។ ៤-ជំរុញការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍសហគមន៍ព្រៃឈើ។ ៥- ខណ្ឌរដ្ឋបាលព្រៃឈើ ត្រូវជួយសម្របសម្រួលជាមួយក្រុមប្រឹក្សាឃុំ ដើម្បីបញ្រ្ជាបផែនការអភិវឌ្ឍសហគមន៍ព្រៃឈើ ក្នុងផែនការវិនិយោគឃុំ ដើម្បីទទួលបានថវិការសម្រាប់ជួយដល់សហគមន៍។

អ្នកស្រី ហ៊ូ កល្យាណ ប្រធានអង្គការ រីខូហ្វ (RECOFTC) កម្ពុជា បានបញ្ជាក់ថា ការចូលរួមគាំទ្រពីភាគីរដ្ឋ ម្ចាស់ជំនួយ និងវិស័យឯកជន ពិតជាមានសារសំខាន់ណាស់ ដើម្បីព្រួតដៃគ្នាជួយដល់ជីវភាពសហគមន៍ព្រៃឈើ ហើយនៅក្នុងកិច្ចប្រជុំនេះបងប្អូនប្រជាសហគមន៍ ពិតជាមានភាពសប្បាយរីករាយ ដោយសារបញ្ហាជាច្រើនត្រូវបានដោះស្រាយ ហើយរដ្ឋបាលព្រៃឈើ មានយន្តការជាច្រើន ដើម្បីជួយដល់សហគមន៍ព្រឈើទូទាំងប្រទេស។

សូមជម្រាបថា កិច្ចប្រជុំប្រចាំឆ្នាំលើកទី៧ របស់គណៈកម្មការសម្របសម្រួល កម្មវិធីសហគមន៍ព្រៃឈើថ្នាក់ជាតិនេះ រៀបចំដោយរដ្ឋបាលព្រៃឈើ សហការជាមួយអង្គការ រីខូហ្វ (RECOFTC) តាមរយៈគម្រោងភាពជាដៃគូលើវិស័យព្រៃឈើ និងជលផល ដំណាក់កាលទី៣ (PaFF3) ក្រោមជំនួយថវិកាពី ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស (SDC) និងទីភ្នាក់ងារស៊ុយអែត សម្រាប់កិច្ចសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិ (Sida) និងអង្គការស្បៀង និងកសិកម្ម សហប្រជាជាតិប្រចាំប្រទេសកម្ពុជា (FAO)៕