(ចិន, ប៉េកាំង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវទៅកាន់អ្នកវិនិយោគទាំងកម្ពុជា និងចិន ឱ្យពិនិត្យលទ្ធភាពវិនិយោគនៅតំបន់ប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ស្ថិតនៅភាគពាយ័ព្យប្រទេស។
ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន ដែលប្រារព្ធធ្វើឡើងនៅរដ្ឋធានីប៉េកាំង ប្រទេសចិន នាយប់ថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្នុងវេទិកានោះ សម្តេចតេជោ បានរំលឹកដល់លទ្ធផលនៃជំនួបពិភាក្សាការងារជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន។ ជាពិសេសគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតី ក្នុងការអភិវឌ្ឍកសិកម្ម និងវារីវប្បកម្មនៅតំបន់ជុំវិញបឹងទន្លេសាប ដើម្បីបង្កើតរបៀងមច្ឆជាតិ និងអង្ករនៅភាគពាយ័ព្យរបស់កម្ពុជា។
ផ្តើមចេញពីគំនិតផ្តួចផ្តើមនេះ សម្តេចតេជោ បានសម្រេចបង្កើតប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា គ្រប់ដណ្តប់លើខេត្តចំនួន៤ ស្ថិតនៅទិសពាយ័ព្យរួមមាន ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងប៉ៃលិន។
សម្តេចតេជោ បានគូសរំលេចថា នៅតាមបណ្តាខេត្តទាំងនេះ ទទួលបានការវិនិយោគជាច្រើនរួចទៅហើយ ដូចជាវារីអគ្គិសនីនៅខេត្តពោធិ៍សាត់ ការសាងសង់ប្រព័ន្ធធារាសាស្ត្រ និងការសាងសង់បណ្តាញផ្លូវមានដូចជាផ្លូវជាតិលេខ៥៥ និង៥៧ជាដើម។
សម្រាប់សម្តេចតេជោ ហ៊ុន សែន ការវិនិយោគនៅប៉ូលសេដ្ឋកិច្ចទី៤នេះ គឺជាឱកាសដ៏ល្អសម្រាប់អ្នកវិនិយោគ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានថ្លែងបញ្ជាក់ដូច្នេះ «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា តំបន់នេះនឹងមានការអភិវឌ្ឍន៍ប្រកបដោយសក្តានុពល។ ខ្ញុំសង្ឃឹមថា អ្នកវិនិយោគទាំងកម្ពុជាក្តី ទាំងចិនក្តី អាចចាប់យកទីកន្លែងនោះ ទៅជាតំបន់កែច្នៃ ឬជាតំបន់វិនិយោគដទៃទៀត»៕