(ប៉េកាំង, ចិន)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់អ្នកវិនិយោគ អ្នកធ្វើធុរកិច្ចរបស់ចិន វិលចូលកម្ពុជាវិញ ដើម្បីមានឱកាសទាញផលចំណេញពីនយោបាយពាណិជ្ជកម្មរបស់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិកាជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន ដែលប្រារព្ធធ្វើឡើងនៅរដ្ឋធានីប៉េកាំង ប្រទេសចិន នាយប់ថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។
វេទិកានេះ រៀបចំឡើងផ្តោតទៅលើការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងកម្ពុជា និងចិន ព្រមទាំងពិភាក្សាអំពីបច្ចុប្បន្នភាពវិស័យសក្តានុពល កាលានុវត្តភាព ក៏ដូចជាគោលនយោបាយលើកទឹកចិត្តវិនិយោគនៃប្រទេសទាំងពីរ។
វេទិកានេះ ក៏មានការអញ្ជើញថ្លែងសុន្ទរកថាគន្លឹះពីសំណាក់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ហើយក៏មានការអញ្ជើញចូលរួមពីលោក ហ៊ូ ឈុនហួ ឧបនាយករដ្ឋមន្ត្រីចិន ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល ធុរជន វិនិយោគិន និងស្ថាប័នពាក់ព័ន្ធប្រទេសទាំងពីរ សរុបជាង ៣០០នាក់។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងគូសរំលេចថា ការរៀបចំវេទិកានេះ នឹងក្លាយជាវេទិកាជំរុញដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងកម្ពុជា និងចិន ក្នុងការអនុវត្តន៍នយោបាយបើកចំហរ និងគំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវាត់មួយ ដែលនឹងជួយស្តារសេដ្ឋកិច្ចឡើងវិញ ពីវិបត្តិជំងឺកូវីដ១៩ ព្រមទាំងជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន ឱ្យកាន់តែប្រសើរជាងមុន។
ក្នុងសុន្ទរកថាបើកវេទិកានេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចអំពីការប្តេជ្ញាចិត្តជាថ្មីនៃការពង្រឹងចំណងមិត្តភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយរវាងចិន និងកម្ពុជា។ ជាពិសេសគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានជំរុញដល់ការតភ្ជាប់នៅកម្ពុជា ហើយបានរួមចំណែកឱ្យមានកំណើនពាណិជ្ជកម្មរវាងចិន និងកម្ពុជា។
ទន្ទឹមនឹងនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបង្ហាញអំពីដំណើរវិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច និងគោលនយោបាយនានាពាក់ព័ន្ធការវិនិយោគ និងធ្វើពាណិជ្ជកម្មនៅកម្ពុជា។
សម្តេចតេជោ បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេល១០ឆ្នាំចុងក្រោយ គិតត្រឹមចុងឆ្នាំ២០១៩ សម្រេចបានកំណើនក្នុងរង្វង់៧ភាគរយក្នុងមួយឆ្នាំ។ ជាមួយការកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គមគួរកត់សម្គាល់។ ឈរលើមូលដ្ឋាននេះ កម្ពុជាបានប្រែក្លាយខ្លួនទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥។
«សមិទ្ធផលទាំងនេះ បានធ្វើឱ្យកម្ពុជាកំណត់ចក្ខុវិស័យ និងបំណងប្រាថ្នារយៈពេលវែងឈានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់២០៣០ និងឈានទៅប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ និងសង្ឃឹមចាកចេញពីប្រទេសមានការអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧ ដោយបន្តពង្រឹងការអភិវឌ្ឍន៍ពាណិជ្ជកម្ម ដោយឈរលើមូលដ្ឋានស្មើមុខ ស្មើសិទ្ធិលើឆាកពាណិជ្ជកម្មអន្តរជាតិ តាមរយៈការកែទម្រង់ក្នុងប្រទេស និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក»។ នេះជាការគូសបញ្ជាក់របស់សម្តេចតេជោ។
សម្តេចតេជោ បន្តលើកឡើងថា កម្ពុជា ផ្តល់អាទិភាពខ្ពស់ក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីក្រៅប្រទេសសម្រាប់ការអភិវឌ្ឍន៍ និងកំពុងរៀបចំយុទ្ធសាស្ត្រសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧។ រាជរដ្ឋាភិបាល បានដាក់ចេញ ហើយឱ្យអនុវត្តន៍នូវច្បាប់វិនិយោគថ្មី និងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន សម្តៅជួយគាំទ្រដោយគ្មានការរើសអើងដល់វិនិយោគិនបរទេស ដែលសមាមាត្រតាមវិធានបរទេស។
កម្ពុជា បានវិនិយោគច្រើនលើការកសាងព្រលានយន្តហោះ ផ្លូវថ្នល់ ប្រព័ន្ធលូ និងរមណីយដ្ឋាននានាសម្រាប់វិស័យទេសចរណ៍។ កម្ពុជា ក៏បានដាក់ចេញវិធានការកែសម្រួលការធ្វើពាណិជ្ជកម្ម ការកែលំអរបរិយាកាសធុរកិច្ច ក៏ដូចជាគោលនយោបាយ។
បន្ថែមពីលើនោះ រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង បន្ទាប់ពីការអភិវឌ្ឍន៍របៀងពាណិជ្ជកម្មបានជោគជ័យ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកបង្ហាញពីលក្ខខណ្ឌអំណោយផលមួយចំនួនទៀត សម្រាប់ការធ្វើពាណិជ្ជជូនដល់អ្នកវិនិយោគ និងអ្នកធ្វើធុរកិច្ចរបស់ចិនថា កម្ពុជា ជាប្រទេសតូច តែកម្ពុជាមានសេដ្ឋកិច្ចបើកចំហរផ្អែកលើប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងសមាហរណកម្មសេដ្ឋកិច្ចតំបន់។ កម្ពុជា ជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ជាសមាជិកអាស៊ាន និងភាគីនៃកិច្ចព្រមព្រៀងអរសិប ជាហត្ថលេខីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កម្ពុជា-កូរ៉េ និងកំពុងពិនិត្យជាមួយដៃគូផ្សេងទៀត មានដូចជាជាមួយអារ៉ាប់អេមីរ៉េត ដែលអាចសម្រេចជារូបរៀងក្នុងពេលឆាប់ៗនេះ។
សម្តេចតេជោ បានថ្លែងអំពាវនាវទៅកាន់អ្នកវិនិយោគ និងធុរជនរបស់ចិនយ៉ាងដូច្នេះ «ខ្ញុំសូមអំពាវនាវដល់ពាណិជ្ជករ វិនិយោគិនទាំងអស់ ត្រូវសម្រេចចិត្តវិនិយោគអត់បានទាន់ពេល ដើម្បីទទួលបានអត្ថប្រយោជន៍ពីទីផ្សារ ដែលកម្ពុជាទទួលបានពីប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ក្នុងបរិយាកាសអំណោយផល»។
ក្នុងឱកាសនោះ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល វិនិយោគិន ធុរជន និងប្រជាជនចិន ដែលតែងតែគាំទ្រ ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា។ ជាពិសេសចំពោះអ្នកវិនិយោគចិនទាំងអស់ ដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ បានអំពាវនាវដល់អ្នកវិនិយោគចិន មិនទាន់បានមកកម្ពុជា អញ្ជើញសិក្សាស្វែងយល់ពីសក្តានុពល និងកាលានុវត្តន៍ភាពវិនិយោគនៅកម្ពុជា។សម្តេចតេជោ ប្រកាសការស្វាគមន៍ការវិលត្រឡប់របស់អ្នកវិនិយោគ និងធុរជនចិន ប្រកបអាជីវកម្មនៅកម្ពុជា ឱ្យបានច្រើនកុះករលើសមុនពេលមានការផ្ទុះកូវីដ១៩។
សម្តេចតេជោ បានប្រកាសធានាជូនវិនិយោគិនចិនគ្រប់រូបនូវបរិស្ថានវិនិយោគប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ។ ជាពិសេសកម្ពុជា កំពុងមានសុខសន្តិភាព មានសន្តិសុខល្អ មានស្ថេរភាពនយោបាយ ព្រមទាំងមានលំនឹងម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័ន ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព៕