(ប៉េកាំង, ចិន)៖ ក្នុងជំនួបពិភាក្សាការងារវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន បានប្រកាសចេញនូវការប្តេជ្ញាចិត្តជាថ្មី លើបន្ទាត់នយោបាយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ជំនួបដែលធ្វើឡើងចំខួប៦៥ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្តេចតេជោ និងលោកនាយករដ្ឋមន្ត្រីចិន បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃមិត្តភាពរឹងមាណដូចដែកថែប និងឯកភាពបន្តជំរុញការផ្លាស់ប្តូរកម្រិតខ្ពស់គ្រប់ទម្រង់ ដើម្បីការអភិវឌ្ឍទំនាក់ទំនងជាយុទ្ធសាស្រ្ត និងការជឿជាក់ផ្នែកនយោបាយ។
ជាមួយនឹងជំហរពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀតនោះ ភាគីចិនប្រកាសដាក់ចេញនូវជំហរនយោបាយនៃទំនាក់ទំនងជាមួយកម្ពុជាចំនួន៤ រួមមាន ១៖ ការជ្រើសរើសមាគ៌ា អភិវឌ្ឍន៍របស់កម្ពុជា ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន, ២៖ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការការពារអធិបតេយ្យ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍នានា, ៣៖ ការអភិវឌ្ឍបន្តបន្ទាប់ តាមរបៀបវារៈនយោបាយកម្ពុជា និង៤៖ ប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ដោយឡែកកម្ពុជាវិញ បានប្រកាសប្រកាន់នូវនយោបាយចំនួន៣ រួមមាន ១៖ ប្រកាន់នយោបាយចិនមួយ, ២៖ ប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងរបស់ចិន និង៣៖ គាំទ្រចិន ការពារផលប្រយោជន៍ស្នូលព្រមទាំងការបង្រួបបង្រួមជាតិ។
ក្រៅពីប្រកាសប្រកាន់នូវជំហរនយោបាយដូចខាងលើហើយនោះ កម្ពុជា និងចិន ក៏បានប្រកាសសម្ពោធព្រឹត្តិការណ៍នានា នៃឆ្នាំមិត្តភាពកម្ពុជា-ចិន ដើម្បីអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន សំដៅជំរុញការកសាងសហគមន៍វិសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាព និងកម្រិតខ្ពស់។
ភាគីចិន ក៏បានកោតសរសើរចំពោះសមិទ្ធផលសំខាន់ៗនានា ដែលកម្ពុជាសម្រេចបានក្នុងការកសាងស្ថេរភាពជាតិ វិបុលភាព ព្រមទាំងពង្រីកឥទ្ធិពលកម្ពុជាលើឆាកអន្តរជាតិ៕