(សៀមរាប)៖ សិស្សក្រីក្រជួបការលំបាក តាមសាលាបឋមសិក្សាពីជនបទក្នុងខេត្តសៀមរាប ចំនួន១០៣៥នាក់ បានទទួលកង់ម្នាក់១គ្រឿង ពីអង្គការសុបិន្តសហគមន៍កម្ពុជា (CCDO) ដែលជាជំនួយពី រ៉ូតារីក្លឹបសិនតូសាសាំងហ្កាពួរ (Rotary Club Sentisa of Singapore) ដើម្បីឲ្យសិស្សក្រីក្រជួបការលំបាកទាំងនោះ មានលទ្ធភាពងាយស្រួយក្នុងការធ្វើដំណើរទៅបន្តការសិក្សា នៅតាមសាលារៀនរបស់ពួកគេ ។
ការចែកកង់ធ្វើឡើងដោយមានការចូលរួមពីលោកស្រី មុននី រង្សី អភិបាលរងខេត្តសៀមរាប, លោក Abe Jacob ប្រធានរ៉ូតារីក្លឹបសិនតូសាសាំងហ្កាពួរ និងអ្នកស្រី Jenni Lipa ប្រធានអង្គការ CCDO, លោក លោកស្រី ជាភ្ញៀវកិត្តិយស លោកគ្រូ អ្នកគ្រូ លោកមាតាបិតា/អាណាព្យាបាលសិស្ស និងក្មួយៗសិស្សានុសិស្សផងដែរ ហើយពិធីប្រគល់កង់នេះបានរៀបចំនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នាសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប ។
អ្នកស្រី Jenni Lipa ប្រធានអង្គការ CCDO បានឲ្យដឹងថា អង្គការនេះ បានបំពេញកិច្ចការមនុស្សធម៌នៅកម្ពុជា អស់រយៈកាល១៦ឆ្នាំកន្លងមកហើយ ដោយចាប់ផ្ដើមកម្មវិធីទឹកស្អាត ដែលមានការសាងសង់អណ្ដូងទឹកស្អាត, បង្គន់អនាម័យ, និងអនាម័យ) ហើយមានកម្មវិធីចំនួន៣ទៀត រហូតមកដល់ពេលនេះ គឺកម្មវិធីអប់រំ (ភាសាអង់គ្លេស, ថ្នាក់មតេយ្យ, បណ្ដាល័យ និងថ្នាក់បង្រៀនកុំព្យូទ័រ) ក្នុងនោះក៏មានកម្មវិធីសុខភាព និងសុខុមាលភាពសង្គម (ផ្ដល់អាហាររូបត្ថម្ភ, កម្មវិធីកីឡា, បណ្ដុះបណ្ដាលសហគមន៍) និងសហគ្រាសសង្គម (កសិរុក្ខកម្ម និងអ្នកលក់សាប៊ូ) ។
លោកស្រី បានបន្តឲ្យដឹងទៀតថា «អង្គការយើង បានសហការជាមួយរ៉ូតារីក្លឹបសិនតូសាសាំងហ្កាពួរ ក្នុងការផ្ដល់កង់ដល់សិស្សចំនួន ១០៣៥នាក់ ក្នុងម្នាក់ទទួលបានកង់១គ្រឿង ដែលពួកគេមកពីសាលា ចំនួន១៨៣សាលា នេះជាផ្នែកមួយយ៉ាងសំខាន់ក្នុងការរួមចំណែកក្នុងវិស័យអប់រំនៅកម្ពុជា និងជាការធ្វើឲ្យប្រសើរឡើងនូវការសិក្សាអប់រំរបស់សិស្ស និងការលើកកម្ពស់ជីវភាពរបស់ពលរដ្ឋនៅកម្ពុជា ផងដែរ» ។
លោក Abe Jacob ប្រធានរ៉ូតារីក្លឹបតុសាសាំងហ្កាពួរ បានថ្លែងក្នុងឱកាសចែកកង់នាព្រឹកនេះថា ក្លិបរបស់លោកបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយកម្ពុជា ជាង១០ឆ្នាំកន្លងមកហើយ ៗក្នុងរយៈពេលនេះ យើងមានគម្រោងជាច្រើនផងដែរ ដូចជាពេលថ្មីៗកន្លងទៅនេះ យើងមានគម្រោងទឹកស្អាត អនាម័យ និងសុខភាព (WASH) ហើយសំខាន់ផងដែរនោះ គឺការសាងសង់បង្គន់អនាម័យសម្រាប់សិស្សនៅតាមបណ្ដាសាលារៀនមួយចំនួននៅតាមសហគមន៍។ យើងក៏មានការផ្ដល់កង់ដល់សិស្សសម្រាប់ជឹះទៅសាលារៀបផងដែរ ព្រោះយើងយល់ថាការទៅសាលារៀន ដើម្បីសិក្សារបស់សិស្សរៀងរាល់ថ្ងៃពិតជាមានសារៈខំាន់ខ្លាំងណាស់ ។
លោកបានបន្តថា «យើងនឹងបន្តសហការគ្នា ដើម្បីចូលរួមជួយដល់កម្ពុជាក្នុងការអភិវឌ្ឍន៍ ដូចជាជួយសាងសង់បង្គន់អនាម័យ ផ្ដល់កង់ដល់សិស្សនៅតាមជនបទដាច់ស្រយ៉ាល ជាដើម។ ហើយយើងយល់ថា ការធ្វើការរួមគ្នាទាំងធនធានមនុស្ស ទាំងថវិកា ពិតជាមានសារៈសំខាន់ណាស់ ក្នុងការរួមចំណែកបណ្ដុះគំនិតប្រាជ្ញា និងធ្វើឲ្យកម្ពុជាមានភាពប្រសើរឡើង»។
លោកបានបញ្ជាក់ថា រហូតមកដល់ពេលនេះ ខាងរ៉ូតារីក្លិបរបស់លោក បានផ្ដល់កង់ប្រមាណជា ៧ពាន់គ្រឿងហើយ ដល់សិស្សសាលានៅកម្ពុជា ។
នៅក្នុងឱកាសនោះផងដែរ លោកស្រីអភិបាលរងខេត្ត បាននិយាយថា កម្ពុជាក៏ទាមទារឲ្យមានការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព និងគុណធម៌ ដែលជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងភាពប្រកួតប្រជែងរបស់ប្រទេស ទាំងពេលបច្ចុប្បន្ន និងសម្រាប់អនាគត ក្នុងការប្រែក្លាយប្រទេសឱ្យមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០។
លោកស្រីបានបន្តថា ជាក់ស្តែងពិធីចែកកង់ជូនដល់សិស្សជួបការលំបាកចំនួន ១០៣៥នាក់ ក្នុងខេត្តសៀមរាប នាពេលនេះ ពិតជាបានបញ្ជាក់នូវការយកចិត្តទុកដាក់ក្នុងការជំរុញកុមារ យុវជន ឲ្យចូលសាលារៀន និងបានផ្តល់ឱកាសដល់សិស្សានុសិស្ស ដែលកំពុងជួបការលំបាក មានលទ្ធភាពក្នុងការមករៀនបានទាន់ពេលវេលា។ ក្នុងនាមគណៈអភិបាលខេត្ត លោកស្រីសូមសំដែងនូវអំណរអរគុណដល់ក្រុមអង្គការ រ៉ូតារិក្លឹបសិនតូសាសិងហ្កាពួរ (សិង្ហបូរី) អង្គការសុបិន្តសហគមន៍កម្ពុជា ដែលបានផ្តល់កង់ និងរៀបចំឲ្យមានពិធីចែកកង់នៅពេលនេះឡើង ៕
http://image.freshnewsasia.com/2021/CEO/fn-2023-02-10-21-33-57-1.JPG http://image.freshnewsasia.com/2021/CEO/fn-2023-02-10-21-34-03-2.JPG http://image.freshnewsasia.com/2021/CEO/fn-2023-02-10-21-34-09-3.JPG http://image.freshnewsasia.com/2021/CEO/fn-2023-02-10-21-34-15-4.JPG http://image.freshnewsasia.com/2021/CEO/fn-2023-02-10-21-34-21-5.JPG http://image.freshnewsasia.com/2021/CEO/fn-2023-02-10-21-34-27-6.JPG http://image.freshnewsasia.com/2021/CEO/fn-2023-02-10-21-34-33-7.JPG http://image.freshnewsasia.com/2021/CEO/fn-2023-02-10-21-34-39-8.JPG