(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៣នេះ អតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច (RULE) ជំនាន់១៣ ឆ្នាំ១៩៩៦-២០០០ បានជួបប្រជុំគ្នារំលឹកអនុស្សាវរីយ៍ ចែករម្លែកបទពិសោធន៍ និងរក្សាមិត្តភាពយូរអង្វែង ក្រោយប្រទេសបានសុខសាន្តត្រាណពីជំងឺរាតត្បាតកូវីដ១៩ ក្រោមគោលនយោបាយប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

អតីតនិស្សិតសាលា RULE លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិកាដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក សុខ វឿន ជាប្រធានអគ្គនាយកគ្រឹះស្ថានហិរញ្ញវត្ថុអិលអូអិលស៊ី LOLC និងជាប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា ពួកយើងទាំងអស់គ្នាក្រោយចេញពីសាលាបានទៅប្រកបអាជីពរៀងៗខ្លួន ជារាជការ ឯកជន និងអង្គការ។

លោកបានបន្ដទៀតថា ពួកយើងមិនដែលបំភ្លេចគ្នា និងគាំទ្រគ្នាឡើយ ពួកគាត់តែសួរសុខទុក្ខ ចែករម្លែកព័ត៌មានដល់គ្នាមិនដែលដាច់ទេ តាមបណ្តាញទំនាក់ទំនងសង្គម ពិសេសបានជួយដល់មិត្តជួបការលំបាក និងសហការជួយការងារសង្គម៕