(ប៉េកាំង, ចិន)៖ ក្រៅពីជំនួបជាមួយប្រធានាធិបតី និងនាយករដ្ឋមន្ត្រីរបស់ចិនហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានអញ្ជើញជួបសំដែងការគួរសម និងពិភាក្សាការងារមួយចំនួនជាមួយលោក លី សានស៊ូ (Li Zhanshu) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិនផងដែរ។

លោក លី សានស៊ូ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិន បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលដ៏មានតម្លៃ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន។ សម្តេចតេជោ គឺជាភ្ញៀវទី១របស់ពិភពលោក ដែលបានទស្សនកិច្ចនៅចិន បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណី ជនជាតិបានបញ្ចប់ទៅកាលពីពេលថ្មីនេះ។

ក្នុងជំនួបនេះ សម្តេចតេជោ បានថ្លែងរំលឹកថា កាលពី ៣ឆ្នាំមុន ពោលគឺនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចបានបំពេញទស្សនកិច្ចនៅរដ្ឋធានីប៉េកាំង ស្របពេល នៃការផ្ទុះរីករាលដាលជំងឺកូវីដ១៩ យ៉ាងខ្លាំងក្នុងប្រទេសចិន។

សម្តេចតេជោ បានគូសបញ្ជាក់ថា សម្តេចអញ្ជើញទៅកាន់ប្រទេសចិន នាពេលនោះ ដើម្បីគាំទ្រ និងជួយដល់ប្រជាជនចិន ពោល គឺកម្ពុជាមិនមែនស្រឡាញ់គ្នាតែក្នុងពេលសប្បាយនោះទេ គឺត្រូវយកអាសាគ្នាក្នុងពេលមានទុក្ខលំបាកដូចគ្នា។ ម៉្យាងវិញទៀត គឺដើម្បីលើកទឹកចិត្តដល់ជនជាតិកម្ពុជា ពិសេសនិស្សិកម្ពុជាដែលសិក្សានៅប្រទេសចិន ឲ្យមានភាពកក់ក្តៅមិនរត់ចោលគ្នា។

ក្នុងជំនួបសំដែងការគួរសមនោះដែរ សម្តេចតេជោ និងប្រធានគណៈកម្មាធិការអចិន្រៃ្តយ៍ នៃសភាប្រជាជនចិន បានឯកភាពគ្នាក្នុងជំរុញកិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យ​សម្រាប់​ប្រទេសទាំងពីរកម្ពុជា-ចិន។ ជាពិសេសការជំរុញទំនាក់ទំនងរវាងស្ថាប័ននិតិបញ្ញត្តិ នៃប្រទេសទាំងពីរកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត៕