(ប៉េកាំង, ចិន)៖ នៅរសៀលថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងកំលុងពេលកំពុងបំពេញទស្សនកិច្ចនៅប្រទេសចិននោះ បានអញ្ជើញជាអធិបតីក្នុងវេទិកាជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន។

វេទិកានេះ ផ្តោតទៅលើការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ប្រទេសទាំងពីរ និងពិភាក្សាអំពីបច្ចុប្បន្នភាពវិស័យសក្តានុពល កាលានុវត្តភាព ក៏ដូចជាគោលនយោបាយលើកទឹកចិត្តវិនិយោគនៃប្រទេសទាំងពីរ។

វេទិកានេះ ក៏មានការអញ្ជើញថ្លែងសុន្ទរកថាគន្លឹះពីសំណាក់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ហើយក៏មានការអញ្ជើញចូលរួមពីលោក ហ៊ូ ឈុនហួ ឧបនាយករដ្ឋមន្ត្រីចិន ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់
នៃរដ្ឋាភិបាលប្រទេសទាំងពីរ ធុរជន វិនិយោគិន និងស្ថាប័នពាក់ព័ន្ធ សរុបជាង ៣០០ នាក់។

ថ្លែងក្នុងវេទិកានោះ អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា វេទិកានេះ ពិតជានឹងចូលរួមចំណែកដល់ការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយសភាពាណិជ្ជកម្មកម្ពុជា តែងតែសហការជាមួយភាគីចិនក្នុងការជំរុញទំនាក់ទំនងធុរកិច្ច ដោយបានរៀបចំព្រឹត្តិការណ៍ធុរកិច្ចជាង ១០០លើក ជាមួយភាគីចិន។ ដៃគូសំខាន់ៗរួមមាន៖ ក្រុមប្រឹក្សាចិនជំរុញពាណិជ្ជកម្មអន្តរជាតិ (CCPIT) វេទិកាបូអាវសម្រាប់អាស៊ី សហព័ន្ធឧស្សហកម្ម និងពាណិជ្ជកម្មចិន និងស្ថានទូតចិនប្រចាំនៅកម្ពុជា។

អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អជាមួយសហគមន៍ធុរកិច្ចចិន និងដៃគូចិន ដែលក្នុងនោះសភាពាណិជ្ជកម្មកម្ពុជាបានចុះអនុស្សរណៈយោគយល់ និងកិច្ចព្រមព្រៀង ចំនួនជាង៣០ ជាមួយភាគីចិន។ ក្រៅពីនោះ សភាពាណិជ្ជកម្មកម្ពុជា ក៏បានសហការរៀបចំដោយ​ជោគជ័យនូវព្រឹត្តិការណ៍ធំៗ មានជាអាទិ៍ វេទិកាបូអាវសម្រាប់អាស៊ីសន្និសីទភ្នំពេញ ដែលប្រព្រឹត្តកាលពីឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ និងជំនួបពាណិជ្ជកម្មជាបន្តបន្ទាប់ទោះបីក្នុងអំឡុងពេលវិបត្តិកូវីដក៏ដោយ ក៏នៅតែជំរុញជំនួបពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញដែរ។

អ្នកឧកញ៉ា គិត ម៉េង បានលើកទឹកចិត្ត និងជំរុញវិនិយោគិនចិន សិក្សាស្វែងយល់និងបណ្តាក់ទុនវិនិយោគបន្ថែមនៅកម្ពុជា ដែលជាទឹកដីសំបូរទៅដោយកាលានុវត្តភាព និងបានសង្កត់ធ្ងន់ អំពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ។ ចិន គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគ ដ៏ធំជាងគេមួយរបស់កម្ពុជា។ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ទំហំពាណិជ្ជកម្មទ្វេ
ភាគីកម្ពុជា-ចិន បានកើនឡើងគួរឲ្យកត់សម្គាល់ គឺកើនលឿនជាងទំហំគោលដៅ ដែលបានកំណត់ដោយ រដ្ឋាភិបាលទាំងពីរប្រទេសទៅទៀត។

កិច្ចព្រមព្រៀងសេរីទ្វេភាគីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុង​ជ្រោយតំបន់​បានចូលជាធរមាននៅឆ្នាំ២០២២ ដែលរំពឹងថា​នឹងជួយលើកស្ទួយ​ទំនាក់​ទំនងសេដ្ឋកិច្ច និងធុរកិច្ច កើនដល់កម្រិតខ្ពស់ថ្មីមួយទៀត និងបន្តលើកម្ពស់សុខុមាល​ភាពប្រជាជន និងធុរកិច្ចប្រទេសទាំងពីរ។

វេទិកាបានបញ្ចប់ប្រកបទៅដោយជោគជ័យ ក្នុងបរិយាកាសស្និទ្ធស្នាល ដោយធុរជន និងវិនិយោគិនប្រទេសទាំងពីរ បានផ្លាស់ប្តូរបទពិសោធន៍ និង សិក្សាស្វែងយល់ អំពីបច្ចុប្បន្នភាពសេដ្ឋកិច្ច កាលានុវត្តភាព វិស័យសក្តានុពល និងបានជួបទំនាក់ទំនងគ្នា​ដោយផ្ទាល់ ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ​នាពេលអនាគតទៅតាមវិស័យរៀងៗខ្លួន៕