(ភ្នំពេញ)៖ បន្ទាប់ពីមានវិវាទការងាររួមនៅក្រុមហ៊ុន ខេមបូ ហ៊ែនសាំ អិលធីឌី ដែលមានកម្មករនិយោជិត ១ ៧៨៦នាក់ មានអាសយដ្ឋាន ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់តាំងមន្រ្តីជំនាញចុះសម្របសម្រួល និងដោះស្រាយវិវាទការងាររួមនេះជាបន្តបន្ទាប់ ចំនួន៥លើក។
ក្រោមកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងស្មារតីទទួលខុសត្រូវរបស់តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ភាគីទាំងពីរបានឈានដល់ការឯកភាពគ្នាលើការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ។ ចំពោះមុខ ក្រុមហ៊ុននឹងបើកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជូនកម្មករនិយោជិតទាំងអស់ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៨:០០ព្រឹក នៅទីតាំងក្រុមហ៊ុន ខេមបូ ហ៊ែនសាំ អិលធីឌី ។
ជាមួយគ្នានោះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់មន្រ្តីនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដើម្បីចុះឈ្មោះរកការងារថ្មីជូនបងប្អូនកម្មករនិយោជិតផងដែរ៕