(ភ្នំពេញ)៖ នៅថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
ពិធីនេះក៏មានការចូលរួម លោកអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាធានីភ្នំពេញ, លោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់ សុរិយោដី និងភូមិបាល ខណ្ឌច្បារអំពៅ, លោក-លោកស្រី ជាអភិបាលរងខណ្ឌ, លោកស្រីចៅសង្កាត់ រួមនិងប្រជាពលរដ្ឋជាង៣០០នាក់។
លោក ចេង មុនីរ៉ា បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលទទួលបានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សូមរក្សាទុកឲ្យបានត្រឹមត្រូវព្រោះប័ណ្ណនេះមានតំលៃណាស់សម្រាល់សំគាល់ដីស្របច្បាប់របស់បងប្អូន គ្មានអ្នកណាមករំលភបំពានបានឡើយ។
លោកអភិបាលខណ្ឌ ស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយអាជ្ញាធរក្នុងការផ្តល់ព័ត៌មានសកម្មភាពក្មេងទំនើង ទីកន្លែងលួចសេព និងប្រើប្រាស់គ្រឿងញៀន និងសកម្មភាពល្មើសផ្សេងទៀត។ យើងត្រូវរួមគ្នាអនុវត្តគោល នយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពឲ្យមានប្រសិទ្ធិភាព។ ការងារសន្តិសុខនេះជាកត្តាសំខាន់ណាស់ដែលមិនអាចខ្វះបាន ហើយមនុស្សគ្រប់គ្នា គ្រប់ស្រទាប់វណ្ណៈ មិនថាអ្នកមានឬអ្នកក្រនោះទេ គឺចង់បានមូលដ្ឋានមានសន្តិសុខល្អរស់នៅក្នុងភាពសុដមរម្យនា។
នៅចុងបញ្ចប់លោកអភិបាលខណ្ឌ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមត្រៀមខ្លួនទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយបោះឆ្នោតឲ្យគណបក្សណា ដែលបានរំដោះអាយុជីវិតបងប្អូន និងរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជសាសន៍ ស្វែងរកសន្តិភាពជូនសង្គមជាតិ សង្រោះជីវិតបងប្អូនរួចផុតពីជំងឺកូវីដ អភិវឌ្ឍន៍ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ៕