(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍បានអញ្ជើញសំណេះសំណាល សមាជិក សមាជិកា សមាគមនារីខេត្តស្វាយរៀង ចំនួន៤២៤នាក់ មកពី៤ឃុំ ខេត្តស្វាយរៀង នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកស្រីបានផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់សមាជិក សមាជិកា ដោយក្តីនឹករលឹក និងការ គិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស។

លោកស្រីបណ្ឌិត បានគូសបញ្ជាក់ថា «ស្ត្រីគឺជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច​ សង្គម​ តាមរយៈ​ការចូលរួមចំណែយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ​។ បច្ចុប្បន្នរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុក្ខដាក់ខ្ពស់ លើការលើកកម្ពស់តម្លៃស្ត្រី ផ្តល់ឱកាសការងារ និងអត្ថប្រយោជន៍ដល់ស្ត្រីជាច្រើននៅតាមក្រសួង ស្ថាប័នអង្គភាពសាធារណៈ ក៏ដូចជាវិស័យឯកជន សំដៅធ្វើយ៉ាងណាឲ្យ មានការចូលរួមកាន់តែច្រើន និងប្រកបដោយគុណភាព ប្រសិទ្ធភាពការងារ ក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ»។

លោកស្រីបានបន្ថែមថា ពិធីនេះរៀបចំ ស្របពេលយើងកំពុងតែត្រៀមចូលរួមអបអរសាទរពីធីរំលឹកខួបទិវា អន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ខួបទី១១២ ក្រោមមូលបទ «ស្រ្តីរួមគ្នា រក្សាសុខ សន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» ផងដែរ។

នៅក្នុងឱកាសនោះលោកស្រីបណ្ឌិត ម៉ែន សំអន បាននាំយកនូវអំណោយរួមមាន សំពត់ស៊ឹង១ ក្រម៉ា១ និងថវិកា ២ម៉ឺនរៀល ចែកជូនដល់បងប្អូននារីដែលបានចូលរួមកម្មវិធីក្នុងថ្ងៃនេះចំនួន ៤២៤នាក់ ដែលមកពីឃុំដូង និងឃុំកំពង់ត្រាច ស្រុករមាសហែក និង ឃុំគ្រួស និងឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង៕