(ភ្នំពេញ)៖ ឆ្លើយតបតាមសំណើសុំជួបពិភាក្សាការងាររបស់ឯកអគ្គរាជទូតអង់គ្លេស នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលជួបសវនាការ ជាមួយ លោក ដូមីនីក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា រួមជាមួយសហការី នៅទីស្ដីការ គ.ជ.ប ដើម្បីពិភាក្សាការងារ ពាក់ព័ន្ធនឹងការបោះឆ្នោតនៅប្រទេសកម្ពុជា។

ក្នុងជំនួបនោះ លោក ដូមីនីក វីល្លៀម បានលើកឡើងថា ការបោះឆ្នោតនាពេលខាងមុខនេះ លោកចង់ឃើញអ្នកមានសិទ្ធិបោះឆ្នោតអាចប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការបោះឆ្នោត ហើយគ្រប់ភាគី ពាក់ព័ន្ធនឹងការបោះឆ្នោតមានសិទ្ធិ ធ្វើសកម្មភាព ដែលរួមមានគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល។ លោកជឿជាក់ថា ការបោះឆ្នោតឆ្នាំ២០២៣នេះ នឹងមានគណបក្សនយោបាយចូលរួមច្រើន ហើយការបោះឆ្នោតនេះ នឹងប្រព្រឹត្តទៅដោយសន្តិភាព គ្មានការគំរាមកំហែង ម្យ៉ាងទៀតការបោះឆ្នោតនេះនឹងអនុវត្តដោយតម្លាភាព។ លោក ដូមីនីក វីល្លៀម បានបន្តថា លោកក៏ចង់ដឹងអំពីដំណើរការរៀបចំ ការបោះឆ្នោតរបស់ គ.ជ.ប ផងដែរ។

ឆ្លើយតបទៅនឹងសំណើខាងលើលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជម្រាបជូនប្រតិភូអង់គ្លេសអំពីប្រវត្តិនៃការបោះឆ្នោតនៅប្រទេសកម្ពុជា ដែលមានតាំងពីការបោះឆ្នោតសភាធម្មនុញ្ញឆ្នាំ១៩៩៣ ដែលរៀបចំឡើងដោយ អ៊ុនតាក់ (UNTAC) គឺអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងការរៀបចំការបោះឆ្នោតដោយកម្ពុជាខ្លួនឯងតាំងពីឆ្នាំ១៩៩៨ តរហូតមក ដែលមានចំនួនសរុប ១៦ លើករួចមកហើយ គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។

លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ក៏បានជម្រាបជូនអំពីការធ្វើវិសោធនកម្មច្បាប់ និងការកែទម្រង់ការបោះឆ្នោត ដែលនៅឆ្នាំ២០១៤ រដ្ឋសភាបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយបានចែងស្ថាប័ន រៀបចំការបោះឆ្នោត ទៅក្នុងរដ្ឋធម្មនុញ្ញ ហើយបានអនុម័តច្បាប់ពីរ គឺច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ហើយច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក៏ត្រូវបានរដ្ឋសភាធ្វើវិសោធនកម្មផងដែរ។

ពាក់ព័ន្ធនឹងការងារបច្ចេកវិទ្យាព័ត៌មាន លោក ប្រាជ្ញ ចន្ទ ក៏បានជម្រាបជូនអំពីបច្ចេក-វិទ្យាព័ត៌មានដែលត្រូវបាន គ.ជ.ប ដាក់ឲ្យប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ នេះ សម្រេចបានជោគជ័យ។ លោកបានបន្តថា ជោគជ័យនៃការបោះឆ្នោតឃុំ សង្កាត់នេះ ត្រូវបានសាទរពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ពីព្រោះបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ មានតម្លាភាព មានសុខសន្តិភាព និងគ្មានការគំរាមកំហែង។

សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ នេះ លោក ប្រាជ្ញ ចន្ទ ក៏បានជម្រាបជូនអំពីការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានជាបន្តទៀតរួមមាន៖
* កម្មវិធីរៀបចំបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ
* កម្មវិធីចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត
* កម្មវិធីស្វែងរកបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត
* កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលបោះឆ្នោត
* កម្មវិធីគ្រប់គ្រងលទ្ធផលបោះឆ្នោត ការបែងចែកអាសនៈ និងការស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោត។

ការងារសំខាន់មួយទៀតដែល លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានលើកឡើងក្នុងជំនួបនោះ គឺការបណ្តុះបណ្តាល ការអប់រំ និងការផ្សព្វផ្សាយអំពីការបោះឆ្នោត។ លោកបន្តថា មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ រួមទាំងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបានទទួលការបណ្តុះបណ្តាលពី គ.ជ.ប ដើម្បីឲ្យយល់អំពីបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ដែលការបណ្តុះបណ្តាលនេះ មានតាំងពីថ្នាក់ជាតិ បន្តរហូតដល់រាជធានី ខេត្ត និងដល់ឃុំ សង្កាត់ និងតាមទីប្រមូលផ្តុំថ្នាក់ក្រុង ស្រុក ខណ្ឌ ផងដែរ ដើម្បីឲ្យមានការយល់ដឹងកាន់តែស៊ីជម្រៅទាំងផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែងក្នុងការរៀបចំការបោះឆ្នោត។

ម្យ៉ាងទៀត គ.ជ.ប ក៏បានធ្វើការផ្សព្វផ្សាយអប់រំតាមគ្រឹះស្ថានសិក្សា ទាំងរដ្ឋ ទាំងឯកជន ហើយការផ្សព្វផ្សាយ ក៏ត្រូវបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមរយៈកិច្ចប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ ថ្នាក់រាជធានី ខេត្ត ការផ្សព្វផ្សាយតាមប្រព័ន្ធព័ត៌មានតាមគ្រប់មធ្យោបាយ មានវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធអនឡាញ (Online) ព្រមទាំងផលិតសម្ភារបោះពុម្ពផ្សាយ និងផ្តល់ជូនសាធារណជន។

ពាក់ព័ន្ធនឹងការប្រឈមទៅនឹងការបោះឆ្នោត ដែលបានលើកឡើងដោយភាគីប្រតិភូអង់គ្លេស លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបញ្ជាក់ថា អ្នកនយោបាយមួយចំនួនបានធ្វើសកម្មភាពរបស់ខ្លួនមិនគោរពច្បាប់ ហើយសកម្មភាពទាំងនោះមិនពាក់ព័ន្ធនឹងសមត្ថកិច្ច គ.ជ.ប ទេ។ ដោយឡែក គ.ជ.ប បានអនុវត្តតួនាទី និងសមត្ថកិច្ចរបស់ខ្លួនដោយផ្អែកលើច្បាប់ ពីព្រោះ ឯករាជ្យភាពរបស់ គ.ជ.ប ភា្ជប់ទៅនឹងការអនុវត្តច្បាប់។

លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ក៏បានសំណូមពរដល់ឯកអគ្គរាជទូតអង់គ្លេស ជួយជម្រាបជូនដល់គណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល សូមជួយជំរុញឲ្យភាគីទាំងនោះ គោរពច្បាប់ឲ្យបានត្រឹមត្រូវ។ លោក ដូមីនីក វីល្លៀម (Dominic Williams) ឯកអគ្គរដ្ឋទូតអង់គ្លេស បានទទួលយកនូវសំណូមពរនោះហើយមានប្រសាសន៍ថា នីតិរដ្ឋត្រូវតែផ្សារភ្ជាប់ជាមួយនឹងការអនុវត្តច្បាប់៕