(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញប្រកាសទទួលស្គាល់ សមាសភាពក្រុមប្រឹក្សាភិបាល និងចូលកាន់តំណែងនាយកមន្ទីរពេទ្យជាតិ តេជោសន្តិភាព។

ក្នុងពិធីប្រកាសនេះក៏មានការអញ្ជើញចូលរួមពីលោក ឃួង ស្រេង ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការ ក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព រួមទាំងមន្រ្តីសុខាភិបាលមន្ទីរពេទ្យជាច្រើនរូបទៀត។

លោករដ្ឋមន្រ្តីបានថ្លែងនូវក្តីរីករាយ ដែលបានចូលរួមក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមប្រឹក្សាភិបាល និងចូលកាន់តំណែងនាយក និងគណៈគ្រប់គ្រង នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលទើបបានទទួលសេចក្តីទុកចិត្ត និងតែងតាំងពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ ជាប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកទាំងអស់ លោកវេជ្ជបណ្ឌិត សួន សាមិត្ត ជានាយកមន្ទីរពេទ្យ និងគណៈគ្រប់គ្រងទាំងអស់។

លោករដ្ឋមន្ត្រីបានកោតសរសើរ និងអបអរសាទរដែលបានទទួលនូវទំនុកចិត្តពីរាជរដ្ឋាភិបាល ដើម្បីដឹកនាំ និងគ្រប់គ្រងមន្ទីរពេទ្យដ៏ធំបំផុតនៅកម្ពុជា ដែលមានចំណុះគ្រែរហូតដល់ជិត ១០,០០០គ្រែនេះ។

លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា «យើងពិតជាមានមោទនភាព ដែលកម្ពុជាជាប្រទេសគំរូសម្រាប់ប្រទេសមានធនធានតិច និងប្រទេស ដែលទើបឆ្លងផុតពីសង្រ្គាម អាចសម្រេចគោលដៅសុខភាព បានយ៉ាងឆាប់រហ័ស ជាពិសេសក្នុងការគ្រប់គ្រង ឆ្លើយតបការរីករាលដាលជំងឺកូវីដ-១៩ អាចឱ្យបើកដំណើរការប្រទេសទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមតាំងពីខែវិច្ឆិកា ឆ្នាំ២០២១ និងកំពង់នៅលើផ្លូវឈានទៅសម្រេចបានការគ្របដណ្តប់ សុខាភិបាលជាសកល។

លោកបន្តថា ក្រោមគំនិតផ្តួចផ្តើមដ៏ភ្លឺស្វាង ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្កើតឡើងមូលនិធិជាតិគាំពារសុខភាពសង្គម ដែលគ្របដណ្តប់ប្រជាជនក្រុមគោលដៅផ្សេងៗ រួមមាន កម្មករក្នុងប្រព័ន្ធ កម្មករក្រៅប្រព័ន្ធ មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ ក្រុមប្រឹក្សាឃុំ-សង្កាត់ ថ្នាក់ដឹកនាំភូមិ ក្រុមកីឡាករ ក្រុមអ្នកដោះមីន ស្រ្តីមានផ្ទៃពោះ មនុស្សចាស់ជរា ជនពិការ កម្មករត្រីចក្រយាន ហើយសម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានផ្តល់ជាសាច់ប្រាក់ ដោយផ្ទាល់ដល់ស្រ្តីសម្រាលកូនជាកម្មការីនី និងមន្រ្តីរាជការ ដែលជាការលើកទឹកចិត្ត សម្រាប់បង្កើនកម្រិតអាហារូបត្ថម្ភទាំងម្តាយ ទាំងទារកទើបនឹងកើត ដែលបានទទួលការគាំទ្រ និងសេចក្តីថ្លែងអំណរគុណយ៉ាងខ្លាំងពីប្រជាជនកម្ពុជា។

លោករដ្ឋមន្រ្តីសុខាភិបាលបានគូសបញ្ជាក់ថា មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលត្រូវបានសាងសង់ជិតរួចរាល់ជាស្ថាពរនាពេលនេះ កើតចេញពីគំនិតផ្តួចផ្តើម និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងក្រោមការដឹកនាំសាងសង់ដោយផ្ទាល់ របស់អភិបាលរាជធានីភ្នំពេញ ហើយនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាពេលដ៏ខ្លីខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី។

លោកសាស្ដ្រាចារ្យ ម៉ម​ ប៊ុនហេង បានបន្ដទៀតថា «ខ្ញុំមានជំនឿជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា មន្ទីរពេទ្យដ៏ធំបំផុត និងថ្មីស្រឡាងមួយនេះ ក្រោមការគ្រប់គ្រងរបស់លោកនាយកមន្ទីរពេទ្យ ដែលទើបទទួលបានការតែងតាំងថ្មី និងរួមសហការយ៉ាងជិតស្និទ្ធ ជាមួយគណៈគ្រប់គ្រងមន្ទីរពេទ្យទាំងអស់ និងក្រោមការដឹកនាំរបស់ក្រុមប្រឹក្សាភិបាល នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពស្របតាមក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការផ្តល់សេវាពិនិត្យ ព្យាបាល ថែទាំសុខភាពប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមភាព ជូនប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកសម្រេចឱ្យបានការគ្របដណ្តប់សុខភាពជាសកល ពោល គឺមិនត្រូវទុកឱ្យនរណាម្នាក់ មិនបានទទួលសេវាថែទាំសុខភាព ដោយយើងមិនបានដឹងនោះទេ។ ម្យ៉ាងវិញទៀត គណៈគ្រប់គ្រងមន្ទីរពេទ្យទាំងអស់ត្រូវសហការ សាមគ្គីគ្នាជាធ្លុងមួយ ព្រមទាំងសហការជាមួយមន្ទីរពេទ្យជាតិទាំងអស់ ក្នុងការចែករំលែកចំណេះដឹង និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីធានាឱ្យបាននូវសមត្ថភាពប្រកបដោយគុណភាព»

លោកសាស្ដ្រាចារ្យបាន សម្តែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្រ្តីរាជការសុខាភិបាលទាំងអស់ នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលបានចូលរួមចំណែក ក្នុងការផ្តល់សេវាថែទាំសុខភាព ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងលើកទឹកចិត្ដឱ្យបន្តបេសកកម្មដ៏ថ្លៃថ្លានេះ ក្រោមទិសស្លោក «កងទ័ពអាវស» ក្នុងការលើកកម្ពស់សុខភាព និងគុណភាព នៃជីវិតជូនប្រជាពលរដ្ឋកម្ពុជាទាំងអស់។

សូមជម្រាបថា ក្នុងឱកាសប្រកាសទទួលស្គាល់សមាសភាពក្រុមប្រឹក្សាភិបាល និងចូលកាន់តំណែងនាយកមន្ទីរពេទ្យជាតិ តេជោសន្តិភាព លោកវេជ្ជបណ្ឌិត សួន សាមិត្ដ ជានាយកមន្ទីរពេទ្យ តេជោសន្ដិភាព បានឡើងប្ដេជ្ញាចិត្ដថា៖

* ដឹកនាំគ្រប់គ្រងមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ដ្រសុខាភិបាល
* ខិតខំអភិវឌ្ឍមន្ទីរពេទ្យ និងបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីឱ្យមន្ទីរពេទ្យនេះក្លាយជាមន្ទីរពេទ្យជាតិ ដែលមានគុណភាព កម្រិតស្ដង់ដារ
* រៀ់បចំរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឱ្យមានប្រសិទ្ធភាព និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ អនុលោមទៅតាមលិខិតបទដ្ឋានគតិយុត្ដិនៃគ្រឹស្ថានសាធារណៈរដ្ឋបាល
* លើកកម្ពស់ការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ អ្នកគ្រប់គ្រង មន្ដ្រី និងបុគ្គលិករបស់មន្ទីរពេទ្យ
* លើកកម្ពស់ការគោរពក្រមសីលធម៌វិជ្ជាជីវៈ ថែរក្សាឱ្យបានល្អនូវទំនាក់ទំនង រវាងអ្នកជំងឺនិងគ្រូពេទ្យ ក្នុងការផ្ដល់សេវាថែទាំ និងព្យាបាល
* សហការ និងសម្របសម្រួលឱ្យបានល្អ រវាងមន្ទីរពេទ្យថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីធ្វើយ៉ាងណាឱ្យការផ្ដល់សេវាជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរឡើង៕