(កែប)៖ រដ្ឋបាលខេត្តកែប បានរៀបចំសិក្ខាសាលាឆ្លុះបញ្ជាំង ស្ដីពីវឌ្ឍនភាពការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្ដឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកែប។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត ព្រមទាំងមានការចូលរួមពី លោកស្រី អភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រធានមណ្ឌលសុខភាព នាយកសាលាបឋមសិក្សា ព្រមទាំងតំណាងអង្គការទស្សនៈពិភពលោក និងអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ ជាច្រើនរូបផងដែរ។

លោកស្រី ប្រាក់ សុខានី នាយិការអង្គការភាពជាដៃគូសង្គមស៊ីវិកកម្ពុជា ហៅកាត់ថាCCSP បានលើកឡើងថា គណនេយ្យភាពសង្គម គឺជាឧបករណ៍ដ៏មានសារៈសំខាន់ក្នុងការរួមចំណែក ដល់ការពង្រឹងអភិបាល កិច្ចនៅមូលដ្ឋាន។

លោកស្រី បានបន្ដថា ដោយយល់ឃើញពីសារៈសំខាន់នេះ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានដាក់ចេញនូវផែនការយុទ្ធសាស្រ្ដស្ដីពីការងារគណនេយ្យ ភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលអនុម័តកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣ ដើម្បីធ្វើជាផែនទីបង្ហាញផ្លូវ ដល់តួអង្គអនុវត្តទាំងអស់ ទាំងផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ ក្នុងការអនុវត្តការងារគណនេយ្យភាពសង្គម ក្នុងក្របខ័ណ្ឌនៃកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

លោកស្រីថា ចំពោះគោលបំណង ផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២នេះ គឺជាការបង្កើនការអនុវត្ត ផែនការអនុវត្តគណនេយ្យភាពសង្គម ដើម្បីរួមចំណែកធ្វើឲ្យប្រសើរឡើង ក្នុងការផ្ដល់សេវាសាធារណៈប្រកបដោយគុណភាព ប្រសិទ្ធភាព ការលើកកម្ពស់តម្លាភាព ការចូលរួមរបស់ប្រជាពលរដ្ឋ និងការឆ្លើយតបទៅនឹងតម្រូវការនានា របស់ប្រជាពលរដ្ឋ។

ឱកាសនោះ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត បានថ្លែងថា គណនេយ្យភាពសង្គម ជាកម្មវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្សារភ្ជាប់រវាងប្រជាពលរដ្ឋ និងក្រុមប្រឹក្សា រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ឲ្យប្រជាពលរដ្ឋសម្ដែងនូវមតិ និងចូលរួមតាមដានការបំពេញការងាររបស់មន្ត្រី និងអង្គភាពផ្ដល់សេវា ហើយគណនេយ្យភាពសង្គមនេះ ជាធាតុដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងការទទួលខុសត្រូវខ្ពស់ក្នុងការឆ្លើយតបនឹងតម្រូវការ សំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកអភិបាលខេត្ត បន្ដថា គណនេយ្យភាពសង្គមនេះ ជាកញ្ចក់ដែលឆ្លុះបញ្ចាំងយ៉ាងជាក់លាក់ អំពីភាពប្រសើរឡើងនៃទំនាក់ទំនងរវាងសហគមន៍ ប្រជាពលរដ្ឋ និងអ្នកផ្ដល់សេវា និងការចូលរួមចំណែក យ៉ាងសកម្មរបស់គាត់លើដំណើការផ្ដល់សេវាទាំងនេះ ក៏ដូចជាការកើនឡើងនូវការយល់ដឹង និងការយកចិត្តទុកដាក់ឆ្លើយតប តម្រូវតាមសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋផងដែរ។

លោកអភិបាលខេត្ត នឹងសង្ឃឹមយ៉ាងមុតមាំថា តាមរយៈការយកចិត្តទុកដាក់ អនុវត្តការងារគណនេយ្យភាពសង្គម ដំណាក់កាលទី២នេះ ប្រជាពលរដ្ឋ ជាពិសេសស្ដ្រី កុមារ យុវជន ជនងាយរងគ្រោះ និងប្រជាពលរដ្ឋក្រីក្រទូទាំងខេត្ត និងទទួលបានផលប្រយោជន៍ ប្រកបដោយ តម្លាភាព សមភាព សមធម៌ និងបរិយាប័ន្ន ឲ្យកាន់តែប្រសើរឡើង ស្របតាមការរីកចម្រើនរបស់សង្គមជាតិ និងការវិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថល នាពេលបច្ចុប្បន្ន។

ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានសំណូមពរដល់អង្គភាពផ្ដល់សេវា និងអង្គភាពពាក់ព័ន្ធទាំងអស់ ចូលរួមសហការអនុវត្តឲ្យសកម្ម ក្នុងការផ្ដល់សេវា និងការវាយតម្លៃនូវសកម្មភាពទាំងអស់ ដើម្បីជាប្រយោជន៍ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ហើយផែនការសកម្មភាពរួមស្ដីពីការងារគណនេយ្យភាពសង្គម គ្រប់ឃុំ សង្កាត់ ត្រូវតែប្រជុំរៀងរាល់៣ខែម្ដង៕