(ភ្នំពេញ)៖ លោក ខេន លូ អគ្គលេខាធិការនៃសមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) តំណាងឧកញ៉ា គង់ សាង ប្រធានសមាគម និងសមាជិកគណ:កម្មាធិការប្រតិបត្តិ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រគល់ម៉ាស់ចំនួន៤០កេស ស្មើនឹង ១២០០០ម៉ាស់ដល់គណ:គ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សា និងអនុវិទ្យាល័យពោធិ៍ចិនតុង។

ម៉ាស់ដែលផ្តល់ជូនោះ គឺជាម៉ាស់ដែលផលិតពីក្រណាត់ មានគុណភាព និងស្តង់ដារខ្ពស់ អាចបោកទឹក និងប្រើឡើងវិញបានដល់ទៅ ២០ដង។
នេះជាផ្នែកមួយនៃការទទួលខុសត្រូវសង្គម (CSR) របស់ TAFTAC និងសមាជិក។

គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈនេះ សមាគមបានចែកម៉ាស់ចំនួន២៥០កេស ស្មើនឹង៧៥,០០០ម៉ាស់ ដល់សាលាចំនួន៥ មានដូចជា៖
១៖ វិទ្យាល័យ ហ៊ុន សែន បូរី១០០ខ្នង ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចំនួន ១,៥០០ម៉ាស់
២៖ វិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ផ្លូវជាតិលេខ៤ រាជធានីភ្នំពេញ ចំនួន៣,០០០០ម៉ាស់
៣៖ វិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី ស្ថិតនៅលើផ្លូវព្រឹទ្ធាចារ្យ ហ៊ុន នាង រាជធានីភ្នំពេញ ចំនួន១,៥០០០ម៉ាស់
៤៖ សាលាបឋមសិក្សា ហ៊ុន សែន ស្រះឈូក ក្នុងស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ ចំនួន ៣០០០ម៉ាស់
៥៖ សាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង ស្ថិតនៅលើមហាវិថីសហព័ន្ធរុស្ស៊ី ខណ្ឌដង្កោ រាជធានីភ្នំពេញ ចំនួន១,២០០០ម៉ាស់

ក្នុងពិធីនេះដែរ លោក ខេន លូ បានណែនាំអំពីសមាគម (TAFTAC) និងឱកាសការងារក្នុងវិស័យវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិផលធ្វើដំណើរ ព្រមទាំងឱកាសសិក្សាជំនាញទន់ ជំនាញរឹងតាំងពីកម្រិតដំបូងរហូតដល់កម្រិតខ្ពស់ ដែលផ្តល់ជូនដោយវិទ្យាស្ថានកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា (CGTI) ដល់គណ:គ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។

បន្ទាប់ពីទទួលបានម៉ាស់ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមានសេចក្តីសោមនស្សរីករាយជាខ្លាំង និងថ្លែងអំណរគុណចំពោះគណៈគ្រប់គ្រង TAFTAC និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានម៉ាស់ដល់សាលា ដើម្បីចែកជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់បានប្រើប្រាស់ ដើម្បីរួមចំណែកក្នុងការលើកកំពស់សុខភាពសាធារណៈ ជាពិសេសការបង្កាការឆ្លងជម្ងឺកូវីត១៩៕