(កំពង់ឆ្នាំង)៖ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយមន្រ្ដីបច្ចេកទេស បានអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ០១ខ្សែ ប្រវែងជាង១១គីឡូម៉ែត្រ ទទឹងប្រវែង៧ម៉ែត្រ តភ្ជាប់ពីភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ទៅដល់ភូមិស្រែសារ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោមជំនួយហិរញ្ញប្បទានសហប្រតិបត្តិការ គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ហៅកាត់ថា NRRPCP ដែលគាំទ្រដោយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នារសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។
បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែថា នៅលើកំណាត់ផ្លូវនេះ មានបំពាក់ដោយលូប្រអប់ចំនួន ៣កន្លែង លូមូលកាត់ទទឹងផ្លូវ ២៧កន្លែង លូមូលកាត់ផ្លូវបំបែក ១៩កន្លែង សង់រួច១០០% និងគ្រោងបំពាក់ស្លាកសញ្ញាចរាចរណ៍ ៧៨កន្លែង នៅពេលសាងសង់ផ្លូវរួច ព្រមទាំងមានគំនូសតាមអក្សផ្លូវ គំនូសឆ្លងកាត់ផ្លូវ ១កន្លែង ដែលការងារនេះ គ្រោងនឹងបញ្ចប់នៅក្នុងខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ដោយទទួលសាងសង់ដោយក្រុមហ៊ុន HENG SAMBAT Co.LTD, Import Export Transportation and Construction ក្នុងទឹកប្រាក់ចំនួន ១ ៥៥១ ០៦៣.២៨ ដុល្លារអាមេរិក។
បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានបន្តថា នេះជាគម្រោងថ្មីមួយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ សម្រាប់ផ្ដល់ឱកាសឲ្យមានលក្ខណៈពិសេសខុសប្លែកពីគម្រោងផ្សេងៗទៀត ដែលមានលក្ខខណ្ឌតម្រូវឲ្យចាប់ផ្ដើមអនុវត្តបន្ទាន់ ដើម្បីបន្តរក្សានិរន្ដរភាពសេដ្ឋកិច្ចជនបទ ស្ដារជីវភាពរបស់ប្រជាជននៅជនបទ ឲ្យល្អប្រសើរឡើងវិញ បន្ទាប់ពីបានងើបពីវិបត្តិជំងឺកូវីដ ១៩ ។
លោកបានបន្តទៀតថា ហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ដឹកជញ្ជូនជនបទ ប្រៀបដូចជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗក្នុងតំបន់ ជំរុញកំណើនប្រាក់ចំណូល របស់ប្រជាជននៅជនបទ និងធ្វើឲ្យតម្លៃនៃអចលនទ្រព្យកើនឡើងផងដែរ ជាមួយនេះលោកបានសំណូមពរដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ ឲ្យចូលរួមសហការជាមួយក្រុមហ៊ុនស្ថាបនា និងចូលរួម ថែរក្សាផ្លូវនេះ ឲ្យបានល្អនៅពេលស្ថាបនារួច ដើម្បីប្រើប្រាស់បានយូរអង្វែង។
សូមបញ្ជាក់ផងដែរថា គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ បានចាប់ផ្ដើអនុវត្តពីឆ្នាំ២០២១-២០២៣ មានថវិកាសរុបចំនួន ៦៧ លានដុល្លារអាមេរិក ក្នុងនោះថវិកាចំនួន ៦០លានដុល្លារអាមេរិក ជាហិរញ្ញប្បទានរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និង ៧.៥ លានដុល្លារអាមេរិក ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
គម្រោងនេះមានសមាសភាពចំនួន ២គឺ៖
ទី១៖ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ ដែលត្រូវស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ប្រវែង ១៨៥គីឡូម៉ែត្រ និងផ្លូវបេតុងប្រវែង៥០គីឡូម៉ែត្រ ស្ថាបនាស្រះដីសហគមន៍ចំនួន៧៥ស្រះ ស្ថាបនាស្រះសហគមន៍រៀបថ្ម ឬបេតុងចំនួន ៧៥ស្រះ ។
ទី២៖ អភិវឌ្ឍន៍ជំនាញនៅជនបទ និងផ្ដល់សេវាគាំទ្រដល់ អង្គភាពគ្រប់គ្រងគម្រោងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលសមាសភាពទាំងពីរនេះ អនុវត្តនៅក្នុងខេត្តគោលដៅចំនួន ៥គឺ៖ ខេត្តកំពង់ឆ្នាំង ខេត្តប៉ៃលិន ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តកោះកុង ៕