(ភ្នំពេញ)៖ លោក ហ្សាក ពើឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ការរួមចំណែកកងទ័ពមួកខៀវកម្ពុជា ក្នុងប្រតិបត្តិការរក្សាសន្តិភាព មិនត្រឹមតែជាបរិមាណប៉ុណ្ណោះទេ ក៏ប៉ុន្តែមានគុណភាព ជំនាញច្បាស់លាស់តាមរយៈការហ្វឹកហ្វឺនដែលបានប្រើប្រាស់នៅក្នុងតំបន់បំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ។
ការគូសបញ្ជាក់បែបនេះ លោក ហ្សាក ពើឡេ បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលលោក រួមជាមួយនាយឧត្តមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្រ្តីទទួលបន្ទុកការងារបញ្ជូនកងកម្លាំង អញ្ជើញបិទវគ្គហ្វឹកហ្វឺនជំនាញបោសសំអាតគ្រឿងផ្ទុះសម្រាប់ប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ ក្រោមកិច្ចសហប្រតិបត្តិការ និងហិរញ្ញប្រទានពីសាធារណរដ្ឋបារាំង។
លោកបានគូសបញ្ជាក់ថា៖ «កងយោធពលខេមរភូមិន្ទ តាមរយៈមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបង្ហាញថា ការរួមចំណែកកងទ័ពមួកខៀវកម្ពុជា ក្នុងប្រតិបត្តិការរក្សាសន្តិភាព មិនត្រឹមតែជាបរិមាណប៉ុណ្ណោះទេ ក៏ប៉ុន្តែមានគុណភាពតាមរយៈកម្រិតនៃការហ្វឹកហ្វឺនដែលសម្រេចបាន ដោយមានទាហានកម្ពុជាជាង ៨០០នាក់ បានចូលជាអចិន្ត្រៃយ៍»។
លោកបានលើកឡើងថា ប្រទេសបារាំង នៅឈរក្បែរកម្ពុជា ជានិច្ចជាពិសេសនៅក្នុងវិស័យប្រតិបត្តិការរក្សាសន្តិភាព។ ទាំងនេះជាបញ្ហាអន្តរជាតិដ៏សំខាន់នាពេលបច្ចុប្បន្ន លើកិច្ចការបម្រើសន្តិភាព និងសន្តិអន្តរជាតិ ប្រទេសកម្ពុជា ក៏ដូចជាប្រទេសបារាំង ជាអ្នករួមចំណែកដ៏សំខាន់ក្នុងកិច្ចការមួយនេះ។
លោកឯកអគ្គរដ្ឋទូតបារាំង ក៏បានបង្ហាញកោតសរសើរដល់ប្រទេសកម្ពុជា ដែលបានខិតខំប្រឹងចូលរួមក្នុងវិស័យសហប្រតិបត្តិការរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ។
ទេសរដ្ឋមន្ត្រី ប៉ុល សារឿន លើកឡើងថា បានជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបិទបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉នៅកម្ពុជា និងនាំមកនូវសន្តិភាពពេញលេញ ការឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុងនៅចុងឆ្នាំ១៩៩៨។ ២៥ឆ្នាំនៃសន្តិភាព បានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើនជាលំដាប់ និងកំពុងសមាហរណកម្មខ្លួនយ៉ាងសកម្មទៅក្នុងតំបន់ និងពិភពលោក ដោយស្មើសិទ្ធិ និងស្មើភាព ក្នុងគ្រប់កិច្ចការតំបន់និងនៅលើឆាកអន្តរជាតិ។
ទេសរដ្ឋមន្ត្រី ប៉ុល សារឿន បានឱ្យដឹងថា ជាក់ស្ដែងចាប់ពីឆ្នាំ២០០៦ មកដល់បច្ចុប្បន្ន កម្ពុជាបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការថែរក្សាសុខសន្តិភាពតាមរយៈការបញ្ជូនកងកម្លាំរក្សាសន្តិភាពពិភពលោក តាមរយៈការបរបស់ខ្លួនទៅកាន់ប្រទេសនានានៅលើសកលលោក ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ។
ជាមួយគ្នានេះដែរ ទេសរដ្ឋមន្ត្រី ប៉ុល សារឿន បានបញ្ជាក់ថា ក្នុងបេះដូងស្រឡាញ់សន្តិភាព រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ប៉ិនប្រសប់ បានប្រកាសយ៉ាងឱឡារិកក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ កម្ពុជាបន្តការប្ដេជ្ញាចិត្តចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ឱ្យកាន់តែទូលំទូលាយថែមទៀតតាមលទ្ធភាពជាក់ស្តែង។
ទេសរដ្ឋមន្ត្រី ប៉ុល សារឿន បានបន្ថែមថា ដើម្បីឆ្លើយតបតាមបេសកកម្មនីមួយៗ បានទាន់ពេលវេលា កងយោធពលខេមរភូមិន្ទ យកចិត្តទុកដាក់លើការធ្វើនវានុវត្តន៍ ប្រែក្លាយជាអង្គភាពវៃឆ្លាត និងបុគ្គលពហុជំនាញ សម្រាប់វិធានប្រតិបត្តិការនិយាមរបស់អង្គការសហប្រជាជាតិ ក្នុងនោះរៀបចំរួចជាស្រេចទាំងកម្លាំងមធ្យោបាយ គ្រឿងបំពាក់ តាមរចនាសម្ព័ន្ធរបស់អង្គការសហប្រជាជាតិ ដោយដាក់បញ្ចូលក្នុងប្រព័ន្ធត្រៀមជាស្រេច ដែលអាចចល័តបាន ក្រោយពេលមានការស្នើសុំពីអង្គការសហប្រជាជាតិ។ លើសពីនេះ ក៏មានយន្តការហ្វឹកហ្វឺនជាមួយដៃគូនានា ដើម្បីពង្រឹង និងពង្រីកសមត្ថភាពជំនាញ ឱ្យស្របតាមនិយាម និងបទបញ្ញនានារបស់អង្គការសហប្រជាជាតិ។
លោកឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ អគ្គនាយករងមជ្ឈមណ្ឌលជាតិ បានឱ្យដឹងថា គិតចាប់ពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូនកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់ អ.ស.ប សរុបចំនួន ៨,៨៥៩នាក់ ក្នុងនោះមាននារីចំនួន៦៨១ លើជំនាញបោសសំអាតមីន វិស្វកម្ម សំណង់ផ្តេក-បញ្ឈរ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ វិស្វកម្មព្រលានយន្តហោះ កំទេចគ្រាប់មិនទាន់ផ្ទុះ នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា ទៅកាន់បេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩ មានជាអាទិ៍ សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស និងយេមែន។ បច្ចុប្បន្នកម្លាំងកម្ពុជាចំនួន ៧៨៨នាក់ ក្នុងនោះនារីចំនួន ១៣០នាក់ កំពុងបំពេញបេសកកម្មនៅប្រទេសចំនួន៤ រួមមាន សាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងម៉ាលី៕