(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្ដីបំភ្លឺ ពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មាន របស់វិទ្យុអាស៊ីសេរី (RFA) ដោយបានចោទប្រកាន់ថា អាជ្ញាធរឃុំបានដក និងកម្ចេច ស្លាកគណបក្សភ្លើងទៀន។ នេះបើតាមសេចក្ដីបំភ្លឺ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។

សេចក្តីបំភ្លឺ បានឲ្យដឹងថា កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ វិទ្យុអាស៊ីសេរី (RFA) បានចេញផ្សាយនូវព័ត៌មានមួយ ដោយបានចោទប្រកាន់អាជ្ញាធរមូលដ្ឋានថា បានគម្រាមកំហែងដល់ដំណើរការ របស់គណបក្សភ្លើងទៀន និងបានដក វាយបំផ្លាញស្លាកគណបក្សភ្លើងទៀនចំនួន ០៣ ក្នុងឃុំពពក ឃុំទ្រា និងឃុំសំព្រោជនស្រុកស្ទោង ។

រដ្ឋបាលខេត្ត មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយរដ្ឋបាលខេត្តពិនិត្យឃើញថា ការចោទប្រកាន់នេះ មិនបានឆ្លុះបញ្ចាំងពីការពិតនោះទេ។ ហេតុនេះ ដើម្បីចៀសវាងការភ័ន្តច្រលំមកលើអាជ្ញាធរមូលដ្ឋាន រដ្ឋបាលខេត្តមានភាពចាំបាច់ ក្នុងបកស្រាយបំភ្លឺពាក់ព័ន្ធនឹងបញ្ហានេះថា មូលហេតុដែលប្រជាពលរដ្ឋ ដកស្លាកគណបក្សភ្លើងទៀនចេញពីមុខផ្ទះ មិនពាក់ព័ន្ធនឹងការគម្រាមកំហែង ឬបង្ខិតបង្ខំណាមួយពីអាជ្ញាធរឃុំនោះទេ តែគឺដោយសារប្រជាពលរដ្ឋ លែងមានជំនឿ និងលែងគាំទ្រគណបក្សភ្លើងទៀនតទៅទៀត ដែលក្នុងនោះ មានប្រជាពលរដ្ឋ០៣គ្រួសារគឺ៖

១៖ ឈោ្មះ ឃីន ប៉ូយ នៅភូមិក្រសាំង ឃុំពពក
២៖ ឈ្មោះ ញិល ធុន នៅភូមិត្រាចជ្រុំ ឃុំសំព្រោជ
៣៖ ឈ្មោះ ឆាន ឡៃ នៅភូមិសាមក្អក ឃុំទ្រា

រដ្ឋបាលខេត្តមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការចុះផ្សាយព័ត៌មានរបស់វិទ្យុអាស៊ី (RFA) និងការចោទប្រកាន់ដោយគ្មានសច្ចភាពរបស់គណបក្សភ្លើងទៀនមកលើអាជ្ញាធរមូលដ្ឋាន។ អាជ្ញាធរគ្រប់ លំដាប់ថ្នាក់តែងតែផ្ដល់សិទ្ធិ សេរីភាពស្មើៗគ្នាជូនដល់គ្រប់គណបក្សនយោបាយក្នុងការធ្វើសកម្មភាព របស់ខ្លួននៅតាមមូលដ្ឋាន ដោយមិនមានការរើសអើង ការគម្រាមកំហែង ឬការចាប់បង្ខំជនណាម្នាក់ឲ្យទៅចុះចូលនឹងគណបក្ស ណាមួយឡើយ។

រដ្ឋបាលខេត្តកំពង់ធំ សង្ឃឹមជឿជាក់ថា វិទ្យុអាស៊ីសេរី (RFA) នឹងពិនិត្យឲ្យបានម៉ត់ចត់អំពីមូលដ្ឋាននៃព័ត៌មានរបស់ខ្លួនមុននឹងចុះផ្សាយ ដើម្បីជៀសវាងការភ័ន្តច្រលំដូចករណ៍ការចោទប្រកាន់ដោយ គ្មានមូលដ្ឋានមកលើអាជ្ញាធរមូលដ្ឋានឃុំបែបនេះ៕

ខាងក្រោមនេះ ជាសេចក្ដីបំភ្លឺ ដែលមានខ្លឹមសារទាំងស្រុង៖