(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំថ្នាក់ដឹកនាំ និងបុគ្គលិកអគ្គិសនីកម្ពុជា នាំយកថវិកាវិភាគទានផ្ទាល់ខ្លួន និងស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកអគ្គិសនីកម្ពុជា សរុបចំនួន ២៨០លានរៀល ឧបត្ថម្ភជូនមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ជួយសង្គ្រោះកុមារកម្ពុជា។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ឱ្យតែមុនទិវាបុណ្យនៃក្ដីស្រលាញ់ អគ្គិសនីកម្ពុជា តែងតែនាំយកនូវថវិកាបានពីការវិភាគទានផ្ទាល់ខ្លួន និងស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកអគ្គិសនីកម្ពុជាទូទាំងប្រទេសប្រមាណជិត៦ពាន់នាក់ ឧបត្ថម្ភជួយមន្ទីរពេទ្យគន្ធបុប្ផា។
លោកបានបញ្ជាក់ទៀតថា ស្របពេលដែលនាំយកវិភាគទានផ្ទាល់ខ្លួន និងស្ម័គ្រចិត្ត របស់ថ្នាក់ដឹកនាំ និងបុគ្គលិកអគ្គិសនីកម្ពុជាទូទាំងប្រទេស ខាងលើនេះ អគ្គិសនីកម្ពុជាក៏បានបន្ថែមថវិកាចំនួន៣ម៉ឺនដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០២០មកផងដែរ។
លោកបានលើកឡើងថា ការជួយដល់មន្ទីរពេទ្យគន្ធបុប្ផានេះ ស្របតាមការអំពាវនាវ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាការងារមនុស្សធម៌ ដែលថ្នាក់ដឹកនាំ និងបុគ្គលិកអគ្គិសនីកម្ពុជា ចង់ជួយដល់កុមារកម្ពុជា។
ក្នុងឱកាសនោះផងដែរ លោក កែវ រតនៈ ក៏បានពាំនាំការកោតសរសើរ និងមនោសញ្ចេតនា របស់ថ្នាក់ដឹកនាំ និងបុគ្គលិកអគ្គិសនីកម្ពុជាទូទាំងប្រទេស ជូនចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យ ដែលបានប្រឹងប្រែងសង្គ្រោះកុមារខ្មែរយើង។
គូសបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៥មក វិភាគទានបែបនេះមានសរុបប្រមាណ ២១៦,៤៦៩ ដុល្លារ ហើយអគ្គិសនីកម្ពុជា ក៏បានបន្ថែមថវិកាចំនួន ១២០,០០០ ដុល្លារផ្សេងទៀតជូនមន្ទីរពេទ្យផងដែរ៕