(ប៉េកាំង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឱ្យប្រធានាធិបតីចិន លោក ស៊ី ជិនពីង ជួយជំរុញ​ភ្ញៀវទេសចរចិន មកដើរកម្សាន្តនៅកម្ពុជាឲ្យកាន់ច្រើនឡើង បន្ទាប់ពីប្រទេសចិន បានបន្ធូរបន្ថយការរឹតត្បិត​ចេញចូល​ប្រទេស កាលពីដើមខែមករា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន ស្នើបែបនេះធ្វើឡើងក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោក ស៊ី ជិនពីង ប្រធានាធិបតី​ចិន នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលជាថ្ងៃទី២ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង ប្រទេសចិន។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ការលើកទឹកចិត្តពីលោក ស៊ី ជិនពីង នឹងជំរុញឱ្យភ្ញៀវទេសចរធ្វើដំណើរមកកាន់កម្ពុជា ដោយគ្មានការភ័យខ្លាច»

សម្តេចតេជោបានសង្កត់ធ្ងន់ថា សេដ្ឋកិច្ចកម្ពុជាងើបឈរឡើងវិញ គឺដោយសារកាយវិការ និងការជួយឧបត្ថម្ភរបស់ប្រទេសចិន ក្នុងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពោលបើមិនមានវ៉ាក់សាំងចាក់ស្រោច ដែលផ្តល់ដោយភាគីចិន ទេនោះទេ មិនដឹងថាប្រជាជនកម្ពុជា មានវាសនាបែបណានោះទេ ពិសេសកម្ពុជាបានបើកសេដ្ឋកិច្ច និងប្រទេសឡើងវិញ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។

​សូមជម្រាបថា រដ្ឋាភិបាលចិន បានប្រកាស​បន្ធូបន្ថយវិធានការកូវីដ១៩ ​បើកឱ្យជនបរទេសធ្វើដំណើរចេញចូលប្រទេសរបស់ខ្លួន ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ​ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣​ ដែលជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការបើកព្រំដែនរបស់ខ្លួនឡើងវិញ គិតចាប់តាំងពីបានបិទព្រំដែន កាលពីដើមឆ្នាំ២០២០មក។

អ្នកជំនាញទេសចរណ៍នៅកម្ពុជារំពឹងថា បើកប្រទេសឡើងវិញរបស់ចិន នឹងធ្វើឱ្យភ្ញៀវទេសចរចិន មកដើរកម្សាន្តនៅកម្ពុជា​ ដែលនឹងជួយជំរុញឱ្យការងើបឡើងវិញ នៃវិស័យទេសចរណ៍កម្ពុជាលឿនជាងការរំពឹងទុក ខណៈមុនពេលរីករាលដាលជំងឺកូវីដ១៩ ភ្ញៀវចិនឈរនៅលំដាប់លេខ១។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងកាលពីពេលថ្មីនេះថា កម្ពុជានឹងប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរចិនឱ្យបានពី ៨០ម៉ឺននាក់ទៅ១លាននាក់ ក្នុងឆ្នាំ២០២៣នេះ​។ តាមក្រសួងទេសចរណ៍ ក្នុងខែមករា ឆ្នាំ២០២៣ កម្ពុជា​ទទួលបានទេសចរអន្តរជាតិប្រមាណ ៤០ម៉ឺននាក់ ក្នុងនោះក៏មានទេសចរចិនប្រមាណ ២៥,០០០នាក់​ ​មានការកើនឡើង៩០១% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២៕